កម្ពុជា​និង​នេប៉ាល់​សច្ចា​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ និង​លោក​ខេ​ ភី​ សា​ម៉ា​ អូ​លី​ ​ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​នេប៉ាល់​​សច្ចា​ថា​ នឹង​ពង្រីក​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​​ប្រសើរ​និង​មាន​ការ​បង្កើត​ជើង​ហោះហើរ​ ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។​

ការ​ប្តេជ្ញា​ចិត្ត​រវាង​រដ្ឋាភិបាល​ទាំងពីរ​កម្ពុជា-នេប៉ាល់​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្នុងទី​ក្រុង​ភ្នំពេញ​ ខណៈ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ជំរុញ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ទៅលើ​វិស័យ​ដឹក​ជញ្ជូន​ និង​វិស័យ​អាកាសចរណ៍​ផង​ដែរ។​

ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​និងនេប៉ាល់​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៦៤​ ប៉ុន្តែ​ទំនាក់​ទំនង​នេះ​ បាន​កាត់​ផ្តាច់​វិញ​នៅពេល​កម្ពុជា​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​ ជាពិសេស​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។​​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ការ​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​មក​ទស្សនា​នៅ​កម្ពុជា​គឺជា​យុទ្ធ​សាស្រ្ត​មួយ​ដែល​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​វិវឌ្ឍ​ខាង​ផ្នែក​សេដ្ឋកិច្ច​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA។​

អ្នក​វិភាគ​នយោបាយ​លោក​ឯម សុវណ្ណរ៉ា​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​ប្រទេស​នេប៉ាល់​ មិន​មែន​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​នោះ​ទេ​ ហើយ​ការ​បង្កើន​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ក៏មិន​អាច​ទប់ទល់​នឹង​EBA​នោះ​ដែរ។​ លោក​បន្ត​ថា​ កម្ពុជា​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ប៉ុណ្ណឹង​ហើយ​ នៅតែ​មាន​ពលករ​ខ្មែរ​ជាង​១​លាន​នាក់​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដដែល៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.