កម្ពុជា​នឹង​រង​ផល​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដោយ​សារ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

បន្ទាប់​ពី​សហភាព​អឺរ៉ុប​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​ស្រុក​ខ្មែរ​  វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ទទួល​ការ​ប៉ះពាល់​ច្រើន​ជាង​គេ​ ហើយ​បន្ទាប់​មក​អង្ករ​ដោយ​ត្រូវ​បង់​ពន្ធ​២០០​ដុល្លារ​ក្នុង​១​តោន​ដើម្បី​ដឹក​ចូល​អឺរ៉ុប។​

លោក​ហ៊ុន សែន​ថ្លែង​ថា ​បើ​លោក​សុខ​ចិត្ត​ធ្វើ​តាម​ការ​ទាម​ទារ​ពី​សហគមន៍​អឺរ៉ុប​ លោក​នឹង​ក្លាយ​ជា​ជន​ក្បត់​អធិប​តេយ្យ​ជាតិ។​ អ្នក​វិភាគ​ក្នុង​ស្រុក​ ដូច​ជា​បណ្ឌិត​ សុខ ទូច​ជាដើម​ក៏​បន្ទរ​ភាសា​ក្បត់​អធិប​តេយ្យ​ជាតិ​ដែរ​ បើ​សិន​ជា​លោក​ ហ៊ុន សែន​មិន​ជំទាស់​នឹង​ការ​ទាម​ទារ​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​គោរព​សិទ្ធិ​មនុស្ស​ផ្តល់​អាសនៈ​ដល់​បក្ស​នយោបាយ​ជំទាស់​ទេ​នោះ។​

ឆ្លើយ​តប​នឹង​ការ​ខាត​បង់​ពី​ការ​នាំ​ចេញ​ផលិត​ផល​ស្រុក​ខ្មែរ​ជា​អង្ករ​ចិន​ជួញ​ទិញ​៤​សែន​តោន​ ហើយ​វៀតណាម​​ក៏​ជួយ​ទិញ​មួយ​ឆ្នាំៗ​៣​សែន​តោន​ដែរ។​ ទោះ​ជា​មាន​អ្នក​ទិញ​ថ្មី​ជួយ​ទិញ​ថែម​ក្តី​ការ​បាត់​បង់​ទីផ្សារ​ដ៏​ធំ​នោះ​នឹងធ្វើ​ឲ្យ​តម្លៃ​អង្ករ​ខ្មែរ​ចុះ​ថោក​ ព្រោះ​វៀតណាម​ ​ភាគ​ច្រើន​ទិញ​ស្រូវ​ មិន​ទិញ​អង្ករ​ទេ ​ហើយ​តម្លៃ​ក៏​គេ​មិន​ហ៊ាន​ទិញ​ថ្លៃ​ប៉ុន្មាន​ដែរ​ក្នុង​មួយ​តោន។​

គួរ​បញ្ជាក់​ថា ​កម្ពុជា​ជា​ប្រទេស​ផលិត​ស្រូវ​អង្ករ​នាំ​ចេញ​ទី​៩​ក្នុង​ពិភព​លោក​ បើយោង​តាម​គេហ​ទំព័រ​World Top Exports.com។ ​អង្ករ​នាំ​ចេញ​មាន​បរិមាណ​ក្រោម​២%​នៃ​បរិមាណ​អង្ករ​នាំ​ចេញ​ក្នុង​ពិភព​លោក​ ប្រៀប​នឹង​ប្រទេស​ដទៃ​ទៀត​ចំនួន​១៤០​ក្នុង​ពិភព​លោក។ ​តាម​ស្ថិតិ​ក្នុង​ឆ្នាំ​២០១៧​ឥណ្ឌា​ជា​ប្រទេស​ទី១​លើ​ពិភព​លោក​  ថៃឡង់ដ៍ ​ទី២​ ស.រ.អា.​ ទី៣​ ប៉ាគិស្ថាន​ទី៤​វៀតណាម​ទី៥​ អ៊ីតាលី​ ទី៦​ចិន​ទី៧​យូរូហ្គាយ​ទី៨​និង​ភូមា​ទី១០៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.