កា​រឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ស្អែក​នេះ​ត​ទៅ​

ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នឹង​ចាប់​ផ្តើម​ហែក្បួន​ឃោសនា​ពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ស្អែក​នេះ​តទៅ​ដែល​មាន​រយៈ​ពេល​៨​ថ្ងៃ។​

ការ​ហែក្បួន​សម្រាប់​ឃោសនា​នៃ​ការ​បោះឆ្នោត​អសកល​នេះ​គ្មាន​គណបក្ស​ច្រើន​ចូលរួម​ហែ​ក្បួន​នោះ​ទេ។​ មន្រ្តី​គណបក្ស​នយោបាយ​មួយ​ចំនួន​រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​អះអាង​ថា​  ការ​ហែក្បួន​ឃោសនា​របស់​ពួក​គេមិន​បាន​ធ្វើ​ឡើង​ជា​ទ្រង់​ទ្រាយ​ធំដូច​ការ​បោះឆ្នោត​សកល​ដែល​មាន​ការចូល​រួម​ពី​ប្រជាពល​រដ្ឋ​ឡើយ។​

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក​ហង្ស ពុទ្ធា​ឲ្យ​ដឹង​ថា​  គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចូលរួម​ការ​បោះឆ្នោត​នេះ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ត្រៀម​ចេញ​ឃោសនា​នៅ​ទីតាំង​របស់​ខ្លួន​ដោយ​បាន​ជូន​ដំណឹង​ទៅ​គណៈ​កម្មការ​រាជធានី​ ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិ​ទី​៣ ​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២៦​ឧសភា​ខាង​មុខ​ ដែល​មាន​គណ​បក្ស​នយោបាយ​​ចំនួន​៧​ចូលរួម​ក្នុង​នោះ​រួមមាន៖​ គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សញ្ជាតិ​កម្ពុជា​គណបក្សហ៊្វុនស៊ិនប៉ិច​ គណបក្ស​ខែ្មរ​រួបរួម​ជាតិ ​គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​ឆន្ទៈ​ខ្មែរ ​និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ។​

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​រិះគន់​ថា​ គណបក្ស​កាន់​អំណាច​នឹង​ទទួល​បាន​សំឡេង​ច្រើន​លើស​លប់ ​ព្រោះ​គណបក្ស​នេះ​បាន​ប្លន់​អង្គ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ខ្លួន​បាន​រំលាយ​ចោល៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.