ក្រសួង​យុត្តិធម៌ ​ប្រាប់​អាមេរិក​វិញ​ថា​ លោក ​កឹម​ សុខា​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​រួច​ទៅ​ហើយ​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​កម្ពុជា​បាន​អះអាង​ថា​  ​តុលាការ​បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​គឺ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ​លោក​កឹម សុខា​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ដោយ​ជំនួស​មក​វិញ​នូវ​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​ភ្ជាប់​នូវ​កាតព្វ​កិច្ច​មួយ​ចំនួន​តាំង​ពី​ថ្ងៃ​ទី​៦​កញ្ញា​២០១៨។​

សេចក្តី​ថ្លែង​ការ​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ដឹង​ថា ​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ កឹម សុខា​ត្រូវ​ចៅក្រម​ស៊ើប​សួរ​សម្រេច​ដោះ​លែង​ឲ្យនៅ​ក្រៅឃុំ​តាំង​ពី​៦​ខែ​មុន ​មក​ម៉្លេះ។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​ក្រោយពី​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​ឃុំ​ខ្លួន​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក ​កឹម សុខា​ទាំងអយុត្តិ​ធម៌​អស់​រយៈ​ពេល​ជិត​១៨​ខែ​រួច​មក​ហើយ​នេះ។​

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ថា​ការ​ឃុំ​ខ្លួន​អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​ជា​រឿង​អយុត្តិធម៌​បំផុត។​

ប៉ុន្តែ​ក្រសួង​យុត្តិធម៌​ ចាត់​ទុក​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ថា ​ មាន​ចេតនា​បំភ្លៃ​ការណ៍​ពិត​ធ្វើឲ្យ​សាធារណ​មតិ​ជាតិ​ និង​អន្ត​ជាតិ​យល់​ច្រឡំ​អំពី​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​កម្ពុជា​និង​មិន​គោរព​អធិប​តេយ្យ​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ។​

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ​មន្ត្រី​តំណាង​សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​អាមេរិក​នឹង​មិន​អាច​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​ទេ ​ប្រសិន​បើ​រដ្ឋា​ភិបាល​មួយ​នេះ​ នៅតែ​ដំណើរ​ការ​ក្តី​លើ​លោក​​កឹម សុខា​ទាំង​អយុត្តិធម៌​នោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.