Opinion

ក្រុម​១០០​រាត្រី​រក​ឃើញ​ថា​ កម្ពុជា​បាន​ឃ្លាត​កាន់​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​

ក្រុម​ការងារ​១០០​រាត្រី​ដែល​បន្ត​បេសក​កម្ម​ពី​លោក​បណ្ឌិត ​កែម ឡី​បាន​រក​ឃើញ​ថា​ ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កំពុង​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​នាំ​នាវា​កម្ពុជា​ទៅ​រក​របប​កុម្មុយនីស្ត​ឡើង​វិញ​ទៀត​ផង។​

ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ដែល​មាន​កម្រាស់​៨​ទំព័រ​ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី​៥​មិថុនា ​ក្រុម​ការងារ​១០០រាត្រី​អះអាង​ថា ​ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឫស​គល់​មក​ពី​គណបក្ស​កុម្មុយនីស្ត​ ទើប​គណបក្ស​នេះ​នៅតែ​បន្ត​ដឹកនាំ​របៀប​កុម្មុយនីស្ត​ និង​បន្ត​សាប​ព្រោះ​មនោគមន៍​វិជ្ជា​នេះ​ទៅ​កាន់​សមាជិក​សមាជិកា​​របស់​ខ្លួន​ទៀត​ផង។​

របាយ​ការណ៍​នេះ​បង្ហាញ​ទឡ្ហីករណ៍​មួយ​ចំនួន​ ដែល​ថា​ រដ្ឋាភិបាល​កំពុង​ងាក​ចេញ​កាន់តែ​ឆ្ងាយពី​របប​លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រាស​ចាក​ពីអ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​រួម​មាន​ការ​គ្រប់គ្រង​អំណាច​តុលាការ​ទាំង​ស្រុង​ដោយ​បក្ស​ប្រជាជន​កម្ពុជា​ តាម​រយៈ​ការ​ដាក់​បញ្ចូល​សមាជិក​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​១០​នាក់​ដើម្បី​គ្រប់​គ្រង​ស្ថាប័ន​ ច្បាប់​មួយ​នេះ​ដោយ​មាន​ក្រសួង​យុត្តិ​ធម៌​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​សម្រាប់​ចាត់ចែង​កិច្ចការ​របស់​តុលាការ។​

លើស​ពីនេះ ​គណបក្ស​លោក​ហ៊ុន សែន​គ្រប់គ្រង​អំណាច​នគរ​បាល ​កងទ័ព ​និង​កង​អង្គរក្ស​ តាម​រយៈ​ការ​ដាក់​បញ្ចូល​សមាជិក​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​ របស់​បក្ស​ប្រជាជន​កម្ពុជា​ជាង​៣​រយ​នាក់​ សម្រាប់​គ្រប់គ្រង​ស្ថាប័ន​ទាំង​នេះ។​

លើស​ពី​នេះ ​អតីត​គណបក្ស​កុម្មុយនីស្ត​មួយ​នេះ​ ក៏​បាន​បន្ត​គ្រប់គ្រង​មន្ត្រី​រាជការ​ តាម​រយៈ​ការ​បញ្ចូល​ឈាម​របស់​ខ្លួន​ដែល​ជា​សមាជិក​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​ ជិត​៣​រយ​នាក់​គ្រប់គ្រង​លើ​ស្ថាប័ន​មន្ត្រី​រាជការ​សាធារណៈ។ ​ក្រៅពី​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​គ្រប់គ្រង​ទាំង​ស្រុង​ទៅ​លើ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​មាន​សមាជិក​៩​រូប​ មក​ពី​គណៈ​កម្មការ​កណ្តាល​និង​អចិន្ត្រៃយ៍​របស់​បក្ស​នេះ​ផង​ដែរ។​

របាយ​ការណ៍​ដដែល​បន្ត​ថា​ ការ​ឃ្លាត​ឆ្ងាយ​ពី​សង្គម​ប្រជា​ធិបតេយ្យ​បង្ហាញ​កាន់តែ​ច្បាស់​តាម​រយៈ​ការ​រំលាយ​ចោល​គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​​ ការ​បង្កើត​ច្បាប់​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ ព្រម​ទាំង​ការ​បន្ត​តំណែង​ឬ អំណាច​បន្ត​ត្រកូល​នៅ​ស្ថាប័ន​រដ្ឋ​ជាដើម។​

បន្ថែម​ពី​នេះ​ក៏​មាន​ដែរ​នូវ​វប្បធម៌​នយោបាយ​អាក្រក់​ ការ​ជេរ​ប្រមាថ​ និង​ហិង្សា​ដែល​កើត​ចេញ​ពី​ថ្នាក់​ដឹក​នយោបាយ​ធំៗ​ទាំង​បក្ស​កាន់​អំណាច ​និង​បក្ស​ប្រឆាំង ​ព្រម​ទាំង​បក្ស​នយោបាយ​ផ្សេង​ទៀត​ រី​ឯ​វប្បធម៌​នយោបាយ​អហិង្សា​នៅ​មិន​ទាន់​មាន​ការ​គាំទ្រ​នៅ​ឡើយ។​

ជាង​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏បាន​ក្តោប​ក្តាប់​អំណាច​សារ​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​  ហើយ​បន្ត​រឹត​ត្បិត​ក្រុម​ប្រឆាំង​និង​សង្គម​ស៊ីវិល​ផង​ដែរ។​

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ​នយោបាយ​ការ​បរទេស​ដែល​បង្ហាញ​កាន់តែ​ច្បាស់​អំពី​ទំនោរ​ខ្លាំង​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​ ដូច​ជា​ប្រទេស​​វៀតណាម ​និង​ប្រទេស​ចិន​​ ដោយ​ធ្វើ​យ៉ាង​ណា​រក្សា​តួនាទី​គណបក្ស​របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​អំណាច​នៅ​កម្ពុជា​បន្ត​ទៀត។​

ក្រុម​ការងារ​១០០​រាត្រី​បាន​បង្ហាញ​អំពី​វិធី​សាស្ត្រ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ ថា​ របាយ​ការណ៍​នេះ​ពួកគេ​បាន​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ដោយ​ជួប​ជា​មួយ​ពលរដ្ឋ ​អាជ្ញាធរ ​បក្ស​កាន់​អំណាច ​បក្ស​ប្រឆាំង​ ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ ព្រម​ទាំង​របាយ​ការណ៍​មួយ​ចំនួន​ទៀត។​

ក្រុម​ការងារ​នេះ​អះអាង​ថា​ គោល​បំណង​ដែល​ពួក​គេ​ចេញ​របាយ​ការណ៍​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ងាក​មក​ដើរ​លើ​ផ្លូវ​ត្រូវ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សន្តិភាព​ សុភមង្គល​ និង​នីតិរដ្ឋ​ពិត​ប្រាកដ​ស្រប​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ ​និង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ដោយ​អនុលោម​តាម​សហគមន៍​អន្តរជាតិ​ផង​ដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.