ជនជាតិ​ចិន​បាន​ជា​ភ្ញៀវ​ទេសចរ​ដែល​មាន​លំដាប់​លេខ​រៀង​ទី​១​នៅស្រុក​ខ្មែរ

ជន​ជាតិចិន​បាន​ក្លាយ​ជា​ទេសចរ​លេខ​១​ដែល​មក​លេង​ស្រុក​ខ្មែរ​ច្រើន​ជាង​ជន​ជាតិ​ដទៃ​ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០១៩​នេះ។ ​របាយ​ការណ៍​ពី​ក្រសួង​ទេសចរណ៍​ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ សប្តាហ៍​មុន​ថា ​ទេសចរ​ចិន​មក​ស្រុក​ខ្មែរ​មាន​ចំនួន​ជិត​៧​សែន​នាក់​គិត​ពី​ខែ​មករា​ ដល់​ខែ​មេសា​ពោល​គឺ​កើន​ជាង​៣៥%។​

បើ​គិត​អំពី​ចំនួន​ទេសចរ​បរទេស​មក​លេង​ស្រុក​ខ្មែរ​សរុប​ទេសចរ​ចិន​មាន​ចំនួន​លើស​ទេសចរ​ដ​ទៃ​គឺ​មាន​ចំនួន​ជាង​​ ៣៦%​នៃ​ទេសចរ​បរ ទេស​សរុប​ប្រមាណ​ជិត​២​លាន​នាក់ ​រាប់​ពីខែ​មករា​ដល់​ខែ​មីនា​ ២០១៩​នេះ។​

ទីភ្នាក់ងារ​ព័ត៌ចិន​ស៊ីនហួរ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ដក​ស្រង់​សម្តី​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​លោក​ថោង ខុន​ចុះ​ផ្សាយ​ថា ​កម្ពុជា​ រំពឹង​នឹង​ទាក់ទាញ​ទេសចរ​ចិន​ឲ្យ​បាន​៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​ហើយ​ឆ្នាំ​២០២៥​ឲ្យ​បាន​៥​លាន​នាក់។

ក្រៅពី​ទាក់ទាញ​ទេសចរ​និង​រូបិយប័ណ្ណ​ចិន​ដែល​ថា​ នឹង​ជួយ​ដល់​   សេដ្ឋកិច្ច​ជាតិ ​ទេសចរ​ចិន​ក៏ក្លាយ​ជា​បញ្ហា​ឥត​ឈប់​ឈរ​ដល់​សង្គម​ខ្មែរ​ ជាពិសេស​នៅ​តាម​ទីក្រុង​ទេសចរ​កម្សាន្ត​មួយ​ចំនួន​ ដូច​ជា​នៅ​ខេត្ត​ព្រះ​ សីហនុ ​កែប ​កំពត​ កោះកុង​ជាដើម។​

អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ បាន​ចេញ​ចេញ​របាយ​ការណ៍​កាល​ពី​ថ្ងៃទី​៧​ឧសភា​ថា៖ ​ជន​ជាតិចិន​ជាជន​ជាតិ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ និង​ ជា​ជន​ រង​គ្រោះ​ដោយ​ឧក្រិដ្ឋ​កម្ម​ច្រើន​ជាង​គេ​នៅស្រុក​ខ្មែរ​ ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០១៩​នេះ​ បើ​ពិនិត្យ​អំពី​កំណើន​អំពើ​ឧក្រិដ្ឋ​កើត​មាន​ក្នុង​ចំណោម​ទេសចរ​បរទេស។​

ក្នុង​ចំណោម​ជន​ល្មើស​ច្បាប់​៣៤១​នាក់​ដែល​ប៉ូលិស​ចាប់​បាន​ ២៤១​នាក់​ជា​ជនជាតិ​ចិន​៤៩​នាក់​ជាជន​ជាតិ​យួន​២៦​នាក់​ ជា​ជន​ជាតិ​ថៃ ​៤​នាក់​ជាជន​ជាតិ​កូរ៉េ​ខាង​ត្បូង ​និង​៣​នាក់​ជាជនជាតិ​អាមេរិកាំង។​

រហូត​មក​ទល់​ពេល​នេះ ​ពលរដ្ឋ​ខ្មែរ​សឹង​តែ​កន្លះ​នគរ​ទៅ​ហើយ​បាន​ នាំគ្នា​ត្អូញ​ត្អែរ​អំពី​ជន​ជាតិ​ចិន​ដែល​មាន​ខ្លះ​មក​រក​ស៊ី​លក់​ដូរ​ដូច​ខ្មែរ​ម្ចាស់​ប្រទេស ​កាត់​មុខ​កាត់​មាត់ ​មិន​គោរព​ច្បាប់​ទម្លាប់​ ប្រពៃណី​ខ្មែរ​ បង្ក​ចលាចល​រំខាន​ដល់​សេចក្តី​សុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដូចជា​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​Internet​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ ផឹក​ស៊ី​ស្រវឹង​ដេញ​វ៉ៃ​កាប់​ចាក់​គ្នា​ ហើយ​ខ្លះ​ទៀត​ដើរ​ស្រាត​កណ្តាល​វាល​យ៉ាង​អាណាធិបតេយ្យ​ឥត​ខ្មាស់​អៀន។​ តាម ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​មាន​តែ​ស្រុក​ខ្មែរ​ទេ​ដែល​ជន​ជាតិ​ចិន​ហ៊ាន​ប្រព្រឹត្ត​ដូច្នេះ​ដោយ​ឥត​កោត​ក្រែង។​

កាលពី​ចុង​ឆ្នាំ​២០១៨​ សមត្ថ​កិច្ច​ក្រសួង​មហា​ផ្ទៃ​ក៏ធ្លាប់​បាន​បណ្តេញ​ ជន​ជាតិ​ចិន​ចំនួន​២៣២​នាក់​ ក្នុង​នោះ​មាន​ស្រី​៣៨​នាក់​ ចេញ​ពី​កម្ពុជា​ពាក់ព័ន្ធ​ករណី​ឆបោក​គំរាម​កំហែង​ និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​វ៉យ​(VOIP)​ទៅកាន់​ប្រទេស​ចិន​វិញ។​

របាយ​ការណ៍​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ឲ្យ​ដឹង​ថា​ ចាប់តាំង​ពី​ឆ្នាំ ​២០១៤​មក​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ និង​បណ្ដេញ​ជន​បរទេស​ទៅ​ប្រទេស​កំណើត​វិញ​សរុប​ចំនួន​ជិត​១​ម៉ឺន​៥​ពាន់​នាក់​ក្នុង​នោះ​មាន​ស្រី​ជាង​២​ពាន់​៥​រយ​នាក់ ​ហើយ​ពួក​គេ​ភាគ​ច្រើន​ជា​ជនជាតិ​ចិន៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.