ប្រទេស​មហា​អំណាច​ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន​ដោះ​លែង​លោក​កឹម សុខា​

ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ បញ្ឈប់​ការ​យាយី​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើង​វិញ។​  ការ​ជំរុញ​របស់​ប្រទេស​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​កាលពី​ម្សិលមិញ។​

លោក​Jason Ross Mack​ដែលជា​តំណាង​របស់​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​អះអាង​ថា​ សហគមន៍​អន្តរ​ជាតិ​មាន​ក្ដី​បារម្ភ​​ជា​ខ្លាំង​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ក្រុម​បក្ស​​ប្រឆាំង​ បណ្តាញ​សារ​ព័ត៌មាន​ឯករាជ្យ​ និង​សង្គមស៊ីវិល។​ ​ចំណែក​តំណាង​របស់​ចក្រភព​អង់គ្លេស​វិញ​ទាមទារ​ឲ្យ​របប​លោក​ហ៊ុន សែន​ដោះលែង​លោក​កឹម សុខា​អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ និង​ស្តារ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​ឡើង​វិញ។ ​ជាងនេះ​ទៅ​ទៀត​តំណាង​ចក្រភព​អង់គ្លេស​លោកBob Last​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​ កន្លង​ទៅ​ធ្វើឡើង​មិន​ស្រប​ច្បាប់។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក​កែវ រ៉េមី​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​របស់​កម្ពុជា​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ពិភព​លោក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែរ​នោះ​ ព្រមាន​ថា​ ប្រទេស​ទាំង​ឡាយ​មិន​ត្រូវ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ឡើយ។​

ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អះអាង​ថា​ សម្តី​របស់​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ដែល​មិន​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នេះ​មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ ​សូម្បី​លោក​លោក​អៀង សារី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​កាលពី​ឆ្នាំ​១៩៧៨​ក៏​ធ្លាប់​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​ មិនឲ្យ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែរ។​

លោក​បន្ត​ថា​ ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​សព្វថ្ងៃ​នៅ​តែ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដដែល​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​សន្យា​ថា​ អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ឲ្យបាន​ខ្ជាប់​ខ្ជួន​នោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.