ប្រធា​នស្តីទី​គណបក្សសង្រ្គោះជាតិថា  នឹងយកលោក​ហ៊ុន សែនទៅកាត់ទោសពេលលោកអស់អំណាច

ប្រធា​នស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រកាស​ដាច់​ណាត់​ថា​ លោក​នឹង​យក​លោក​ហ៊ុន សែន​ទៅ​កាត់ទោស​ ចំពោះ​មុខ​តុលាការ​ឯករាជ្យ​មួយ​ដែល​ជា​ទោស​ធ្ងន់​ ពីព្រោះ​តែ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​របស់​លោក។​

លោក​សម រង្ស៊ី​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​ ប្រជារាស្ត្រ​ខ្មែរ​ត្រូវតែ​ប្តូរ​របប​ហ៊ុន សែន​ចេញ​ពីព្រោះ​បុគ្គល​ហ៊ុន សែន​ មិនអាចកែខ្លួនបានទេ។ លោកថា លោក​ហ៊ុន សែន បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ច្រើន​ក្នុង​រយៈ​ពេល​៣៤​​ឆ្នាំ ​ដែល​គាត់​បាន​កាន់​អំណាច។​ ដូច្នេះ​គាត់​ត្រូវ​​ក្រាញ​អំណាច​ត​ទៅ​ទៀត​ដើម្បី​ទទួល​បាន​និទណ្ឌភាព​ ឬការ​រួច​ទោស​ពៃរ៍។​

អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា​ ពេល​ណា​លោក​ហ៊ុន សែន​អស់​អំណាច​ ពេល​នោះ​មេដឹក​នាំយូរ​ជាង​គេ​នៅក្នុង​តំបន់​មួយ​នេះ​នឹង​ត្រូវ​គេ​យក​ទៅ​កាត់ទោស​ចំពោះ​មុខ​តុលាការ​ឯករាជ្យ​​សម្រាប់​ទោស​ទណ្ឌ​ដ៏ធ្ងន់​ធ្ងរ​របស់​គាត់។​

លោក​សម រង្ស៊ី បាន​រំឭក​បទ​ឧក្រិដ្ឋ​ធំៗ​របស់​លោក​ហ៊ុន សែន ​ដូចជា​ ការ​កាត់​កោះ​ត្រល់​ទៅ​ប្រទេស​វៀតណាម​ ការ​ដឹកនាំ​ផែន​ការ​ ក៥​ គឺការ​កេណ្ឌ​ពលរដ្ឋ​ឲ្យ​ទៅ​ស្លាប់​រាប់​ម៉ឺន​រាប់​សែន​នាក់​ នៅ​តាម​ព្រំ ដែន​ថៃ​ក្នុង​ទសវត្សរ៍​១៩៨០​ ការ​សម្លាប់​មនុស្ស​ជាច្រើន​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ ការ​ប្លន់​ដីធ្លី​ និង​ផ្ទះ​សម្បែង​របស់​ប្រជារាស្ត្រ​ការ​បង្ក្រាប​ប្រជា​រាស្ត្រ​ដោយ​មាន​ការ​បង្ហូរ​ឈាម​ជាច្រើន​​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ការ​បើក​ដៃឲ្យ​បរទេស​ពី​គ្រប់​ទិសទី​មក​ប្លន់​ទ្រព្យ​សម្បត្តិ​ជាតិ​ និង​ការ​បើក​ដៃឲ្យ​ជន​ជាតិ​ចិន ​និង​ក្រុម​ហ៊ុន​ចិន​ មក​ធ្វើ​អាណានិគម​លើ​ប្រទេស​កម្ពុជា​ជា​ដើម។​

ប៉ុន្តែ​ការិយាល័យ​អ្នក​នាំពាក្យ​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​ថ្លែង​ការណ៍​មួយ​នៅថ្ងៃ​នេះ​បញ្ជាក់​ថា ​សកម្ម​ភាព​របស់​លោក​សម រង្ស៊ី​ជាការ​ញុះញង់​និង​ជា​អំពើ​ភេរវកម្ម​នយោបាយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​កម្ពុជា ​និង​ប្រជាពល​រដ្ឋ​របស់​ខ្លួន​ ហើយ​រដ្ឋាភិបាល​ក៏កំពុង​ត្រៀម​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​រួមទាំង​កិច្ច​សហការ​អន្តរ​ជាតិ​ ក្នុង​ការ​ទប់​ស្កាត់​សកម្មភាព​ភេរវ​កម្ម​នយោបាយ​ទាំង​នេះ​ផង​ដែរ។​ ការិយាល័យ​អ្នក​នាំពាក្យ​របប​ក្រុង​ភ្នំពេញ​អះអាង​ថា​ រដ្ឋាភិបាល​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះ​រាល់​សកម្មភាព ​និង​ចលនា​វិទ្ធង្សនា​របស់​បុគ្គល​ ឬក្រុម​ពាក់ព័ន្ធ​ទៅនឹង​សកម្ម​ភាព​ភេរវកម្ម​នយោបាយ​របស់ ​លោក​សម រង្ស៊ី។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​អះអាង​ថា​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ បាន​ប្រមូល​ភស្តុតាង​ជាក់​ស្តែង ​និង​ត្រៀម​រួច​ជាស្រេច​ ដោយ​កំណត់​​អត្ត​សញ្ញាណ​លើបុគ្គល​ពាក់ព័ន្ធ​ដើម្បី​ឆ្លើយ​តប​នឹង​សកម្មភាព​​ភេរវកម្ម​នយោបាយ​ទាំង​នោះ ​នៅពេល​ចាំបាច់​ណា​មួយ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.