ប្រៀប​ធៀប​កម្លាំង​ទ័ព​ឥណ្ឌា​និង​ប៉ាគីស្ថាន​

លោក​អ្នក​នាង​ជាទី​មេត្រី! ​

មាន​មិត្ត​អ្នក​ស្តាប់ ​និង​ទស្សនា​កម្ម​វិធី​យើង​ជា​ច្រើន​ ចង់​ដឹង​អំពី​កម្លាំង​ទ័ព​នៃ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក ​ដែល​មាន​វិបត្តិ​យោធា​ជា​មួយ​គ្នា​ ទោះជា​ក្នុង​បច្ចុប្បន្ន​ក្តី​ក្នុង​អតីត​កាល​ក្តី។​ យើង​ស្រាវ​ជ្រាវ​យក​មក​ជម្រាប​ម្តងម្កាល​តាម​សំណូម​ពរ។​

កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ​ ពិភព​លោក​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ឃើញ​ប្រទេស​ឥណ្ឌា ​និង​ប៉ាគីស្ថាន​ប្រើ​កម្លាំង​យោធា​តប​ត​គ្នា​ទៅវិញ​ទៅ​មក​ដែល​ជា​រឿង​មិន​ធ្លាប់​មាន​យ៉ាង​ហោច​តាំង​ពី​ឆ្នាំ​១៩៩៩​មក។ ​ពិភព​លោក​បារម្ភ​ខ្លាំង​ ព្រោះ​ប្រទេស​ទាំងពីរ​មាន​គ្រាប់​បែក​ប្រល័យ​លោក ​ឬ​​គ្រាប់​បរមាណូ​រៀង​ខ្លួន។​ មុន​នឹង​ជម្រាប​អំពី​កម្លាំង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ យើង​សូម​ជូន​ប្រវត្តិ​ដើម​ហេតុ ​សង្ខេប​នៃ​ជម្លោះ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ ដែល​ជា​ប្រទេស​ពីរ​ស្ថិត​ក្នុង​ឧបទ្វីប​ឥណ្ឌា ​ឬ​តំបន់​អាស៊ីខាង​ត្បូង ​ក្រៅពី​ប្រទេស​បង់ក្លាដែស ​ប៊ូថាន ​ម៉ាល់ឌីវ ​ណេប៉ាល់ ​និង​សិរីលង្កា។ ​

ឥណ្ឌា​មាន​ពលរដ្ឋ​ជិត​១៣០០​លាននា​ក់។ ​ប៉ាគីស្ថាន​មាន​ពលរដ្ឋ​២០៨​លាន​នាក់។​

ឥណ្ឌា​និង​ប៉ាគីស្ថាន​ជា​ប្រទេស​ស្ថិត​ក្រោម​អាណានិគម​ចក្រភព​អង់គ្លេស​ហើយ​បាន​ទទួល​ឯករាជ្យ​ភាព​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧​ដូច​គ្នា។​ ពេល​ប្រទេស​អាណានិគម​ចាក​ចេញ​បោះបង់​ការ​គ្រប់គ្រង​លើ​ប្រទេស​មិន​រីក​ចម្រើន​គេតែង​បន្សល់​ទុក​នូវ​វិវាទ​រឿង​ជាតិ​សាសន៍ ​និង​ការ​គូស​បែងបែក​កំណត់​ព្រំដែន​មិន​យុត្តិធម៌​ ដូច​ជា​ជម្លោះ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ខ្មែរ​និង​យួន​រឿង​កម្ពុជា​ក្រោម​ជាដើម។​

តំបន់​កាស្ហស្មៀ​នៅភាគ​ខាង​ជើង​ឥណ្ឌា ​និង​ភាគ​ឦសាន​ប៉ាគីស្ថាន​ ជា​​បញ្ហា​មួយ​បន្សល់​ទុក​តាំង​ពី​ឆ្នាំ​១៩៤៧។​ តំបន់​កាស្ហ​ស្មៀ​ត្រូវ​ខណ្ឌ​ដោយ​ខ្សែ​បន្ទាត់​ព្រំដែន​ ចែក​ទឹក​ដី ​និង​មាន​មនុស្ស​ជិត​១០០​លាន​នាក់​ជា​ពីរ​ គូស​កំណត់​ដោយ​ឧបរាជ​អង់ គ្លេស​ត្រួតត្រា​ឥណ្ឌា​និង​ប៉ាគីស្ថាន​ដោយ​យោង​តាម​ភាព​ជាក់ស្តែង​ទីតាំង​ជន​ជាតិ​នីមួយៗ​រស់​នៅ ​ជំ​នឿសាសនា​ ភូមិ​សាស្រ្ត ​ដូច​ជា​ខ្សែទឹក​ហូរ​ជាដើម។​

បើ​និយាយ​អំពី​រឿង​ទឹកដី​ ប្រទេស​ទាំង​ពីរ​ មិន​អនុញ្ញាត​ឲ្យ​ភាគី​ណាមួយ​រំលោភ​បំពាន​ទន្រ្ទាន ​លុកលុយ​មួយ​ចំអាម​ជាដាច់​ខាត។​ ក្នុង​ជម្លោះ​ចុង​ក្រោយ​នេះ​ ឥណ្ឌា​ចោទ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ថា​ ជួយ​លាក់​បំបាំង​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ដែល​បង្កប់​ជាតិ​ផ្ទុះ​ក្នុង​ឡាន​សម្លាប់​កង​ស្វ័យត្រាណ​ជាង​២០​នាក់​ក្នុង​ដែន​ដី​ឥណ្ឌា​កាលចុង​ខែ​កុម្ភៈ។​

ឥណ្ឌា​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​បាញ់​រះទៅ​លើ​ទីតាំង​បន្ទិល​សង្ស័យ​ថា​ ជា​ជំរំ​យុទ្ធ​ជន​ស្ម័គ្រ​អត្តឃាត​ចូល​ក្នុង​ដែន​ដី​ប៉ាគីស្ថាន។​ ប៉ាគីស្ថាន​បាញ់​ធ្លាក់​យន្តហោះ​ឥណ្ឌា​ចាប់​ខ្លួន​អាកាស​យានិក​ឃុំ​ទុក។​

តទៅនេះ​ជា​ការ​ប្រៀប​ធៀប​កម្លាំង​ទ័ព​ប្រទេស​ទាំងពីរ​ យោង​តាម​ប្រភព​ទីភ្នាក់​ងារព័ត៌​មាន​Reuters​ ព្រិត្តិប័ត្រ​Newsweek​  វិជ្ជាស្ថាន​ស្រាវជ្រាវ ​Armed Forces​ និង​ Global Firepower។​ ឥណ្ឌា​មាន​ចំណាត់​ថ្នាក់​លេខ​៤​ខាង​កម្លាំង​ទ័ព​ក្នុង​ចំណោម​ប្រទេស​១៣៧​ក្នុង​ពិភព​លោក ​រី​ឯ​ប៉ាគីស្ថាន​មាន​ចំណាត់​ថ្នាក់​លេខ​១៧​ក្នុង​ចំណោម​ប្រទេស​១៣៧។ ​ឥណ្ឌា​ចាយ​ថវិកា​កិច្ចការ​យោធា​ចំនួន​៥៦​ពាន់លាន​ ចំណែក​ឯ​ប៉ាគីស្ថាន​ចាយ​១១​ពាន់​លាន​ដុល្លារ។​

១. ធនធាន​មនុស្ស​

−ឥណ្ឌា​មាន​មនុស្ស​ពេញ​កម្លាំង​ជិត​៦២៣​លាន​នាក់​

−ប៉ាគីស្ថាន​មាន​ជិត​១០០​លាន​នាក់​

−ឥណ្ឌា​មាន​មនុស្ស​អាច​ធ្វើ​ទាហាន​បាន​ជិត​៥០០​លាន​នាក់

−ប៉ាគីស្ថាន​មាន​ជិត​៧៧​លាន​នាក់​

−ឥណ្ឌា​មាន​មនុស្ស​គ្រប់​អាយុ​បម្រើ​ជាតិ​មួយ​ឆ្នាំៗ​​ជាង​២៣​លាន​នាក់​

−ប៉ាគីស្ថាន​មាន​ជាង​៤​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​

−ឥណ្ឌា​មាន​ទាហាន​សកម្ម​ជិត​១​លាន​៤​សែន​នាក់​

−ប៉ាគីស្ថាន​មាន​ជិត​៧សែន​នាក់​

−ឥណ្ឌា​មាន​ទាហាន​បម្រុង​ជាង​២​លាន​នាក់​

−ប៉ាគីស្ថាន​មាន​ជាង​៥​សែន​នាក់​

−ឥណ្ឌា​មាន​ទាហាន​សរុប​ជិត​៣​លាន​៥​សែន​នាក់​

−ប៉ាគីស្ថាន​មាន​ជិត​១​លាន​នាក់​

២. ​យុទ្ធភណ្ឌ​ទ័ពអាកាស​

−ឥណ្ឌា​មាន​យន្តហោះ​គ្រប់​ប្រភេទ​សរុប​ជិត​២១០០​គ្រឿង​

−ប៉ាគីស្ថាន​មាន​ជាង​១៣០០​គ្រឿង​

−ឥណ្ឌា​មាន​យន្តហោះ​ប្រយុទ្ធ​៥២០​គ្រឿង​

−ប៉ាគីស្ថាន​មាន​ជិត​៣៥០​គ្រឿង​

−ឥណ្ឌា​មាន​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក​ជិត​៧០០​គ្រឿង​

−ប៉ាគីស្ថាន​មាន​ជិត​៣៥០​គ្រឿង​

−ឥណ្ឌា​មាន​យន្តហោះ​ដឹក​ជញ្ជូន​ចំនួន​២៩៣​គ្រឿង​

−ប៉ាគីស្ថាន​មាន​៥១​គ្រឿង​

−ឥណ្ឌា ​មា​នយន្តហោះ​បង្ហាត់​ហ្វឹកហ្វឺន​ជាង​៣៦០​គ្រឿង​

−ប៉ាគីស្ថាន​មាន​ជិត​៥០០​គ្រឿង​

−ឥណ្ឌា​មាន​ឧទ្ធម្ភាគចក្រ​ ឬ ​កន្ទុមរុយ​សរុប​ជិត​៧២៥​គ្រឿង​

−ប៉ាគីស្ថាន​មាន​ជាង​៣២០​គ្រឿង​

−ឥណ្ឌា​មាន​ឧទ្ធម្ភាគចក្រ​វាយ​ប្រហារ​១៧​គ្រឿង​

−ប៉ាគីស្ថាន​មាន​៥៥​គ្រឿង​

 

៣. យុទ្ធភណ្ឌ​ទ័ពជើង​គោក​

−ឥណ្ឌា​មាន​រថក្រោះ​ចម្បាំង​ធុនធ្ងន់​សរុប​ជិត​៤២០០​គ្រឿង​

−ប៉ាគីស្ថាន​មាន​២២០០​គ្រឿង​

−ឥណ្ឌា​មាន​រថ​ពាស​ដែក​ល្បឿន​លឿន​ជិត​៣ពាន់​គ្រឿង​

−ប៉ាគីស្ថាន​មាន​ជិត​៣​ពាន់​៧​រយ​គ្រឿង​

−ឥណ្ឌា​មាន​កាំភ្លើង​ធំ​ផ្ទុក​លើ​រថក្រោះ​២០០​គ្រឿង​

−ប៉ាគីស្ថាន​មាន​៤២៩​គ្រឿង​

−ឥណ្ឌា​មាន​កាំភ្លើង​ធំ​សណ្តោង​៤០៦០​គ្រឿង​

−ប៉ាគីស្ថាន​មាន​ជាង​១២០០​គ្រឿង​

−ឥណ្ឌា​មាន​រថយន្ត​ផ្ទុក​កាំជ្រួច​ ឬ​មីស៊ីល​ជាង​២៦០​គ្រឿង​

−ប៉ាគីស្ថាន​មាន​១៥០​គ្រឿង​

៤. យុទ្ធ​ភណ្ឌ​ទ័ពជើង​ទឹក​

−ឥណ្ឌា​មាន​នាវា​ចម្បាំង​គ្រប់ធុន​ជិត​៣០០​គ្រឿង​

−ប៉ាគីស្ថាន​មាន​២៣១​គ្រឿង​

−ឥណ្ឌា​មាន​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង​

−ប៉ាគីស្ថាន​គ្មាន​

−ឥណ្ឌា​មាន​នាវា​ចម្បាំង​ធុនតូច​ចំនួន​១៥​គ្រឿង​

−ប៉ាគីស្ថាន​មាន​៩​គ្រឿង​

−ឥណ្ឌា​មាន​នាវា​កម្ទេច​១១​គ្រឿង​

−ប៉ាគីស្ថាន​គ្មាន​

−ឥណ្ឌា​មាន​នាវា​មុជទឹក​១៦​គ្រឿង​

−ប៉ាគីស្ថាន​មាន​៥​គ្រឿង​

−ឥណ្ឌា​មាន​នាវា​ប្រដាប់​អាវុធ​អមក្បួន​ដឹក​ជញ្ជូន​ចំនួន​២២​គ្រឿង​

−ប៉ាគីស្ថាន​គ្មាន​

−ឥណ្ឌា​មាន​នាវា​ល្បាត​ចំនួន​១៣៩​គ្រឿង​

−ប៉ាគីស្ថាន​មាន​១១​គ្រឿង​

−ឥណ្ឌា​មាន​នាវា​រាយ​មីន/កម្ទេច​មីន​ក្នុង​ទឹក​ចំនួន​១​គ្រឿង​

−ប៉ាគីស្ថាន​មាន​៣​គ្រឿង​

៥. អាវុធ​មហា​ប្រល័យ​​បរមាណូ​ ឬ​នុយក្លេអ៊ែរ​

−ឥណ្ឌា​មាន​កាំជ្រួច​ក្បាល​បរមាណូ​ឈ្មោះ​ព្រះពុទ្ធ​ញញឹម​ពី​១៣០​ទៅ​១៤០​គ្រាប់​

−ប៉ាគីស្ថាន​មាន​កាំជ្រួច​ក្បាល​បរមាណូ​ឈ្មោះ​ស្ទាំង​ពី​១៤០​ទៅ​១៥០​គ្រាប់​

៦. ប្រេងឥន្ធនៈ

−ឥណ្ឌា​ផលិត​ប្រេង​ឥន្ធនៈ​បាន​ជាង​​៧​សែន​ធុង​ក្នុង​មួយ​ថ្ងៃ​ហើយ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ជិត​៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ។ ​

− ប៉ាគីស្ថាន​ ផលិត​បាន​ជិត​៩​ម៉ឺន​ធុង​ក្នុង​ ១​ថ្ងៃ ​ហើយ​ប្រើ​ប្រាស់​ជាង​៤​សែន​ធុង​ក្នុង​១​ថ្ងៃ។ ​

−ឥណ្ឌា​មាន​ប្រេងកាត​បម្រុង​អាច​បូម​បាន​ចំណុះ​ជិត​៥​ពាន់​លាន​ធុង។ ​

−ប៉ាគីស្ថាន​មាន​ជិត​៣៥១​លាន​ធុង។​

៧. ចំពោះ​បំណុល​បរទេស

−ឥណ្ឌា​ជំពាក់​គេ​ចំនួន​ជិត​៥០២​ពាន់​លាន​ដុល្លារ។ ​

−ប៉ាគីស្ថាន​ជំពាក់​បំណុល​បរទេស​ជិត​៨៣​ពាន់​លាន​ដុល្លារ។​

៨. រូបិយវត្ថុ​ជាទ្រព្យ​តម្កល់​ទុក​បម្រុង​ក្រៅ​ប្រទេស​ រួម​ទាំង​ មាសដុំ

−ឥណ្ឌា​មាន​ចំនួន​ជិត​៤១០​ពាន់​លាន​ដុល្លារ​ ​រីឯ​ប៉ាគីស្ថាន​មាន​ជិត​ ១៩​ពាន់​លាន​ដុល្លារ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.