ពលរដ្ឋ​ខ្មែរ​​នៅ​ប្រទេស​បារាំង​គ្រោង​ធ្វើ​បាតុកម្ម​របប​លោក​ហ៊ុន​សែន​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​

មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ជាច្រើន​ក្នុង​ប្រទេស​បារាំង​​គ្រោង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២២​​ខែ​កុម្ភៈ​​នៅ​មុខ​ក្រសួង​កិច្ចការ​អឺរ៉ុប​និង​កិច្ចការ​បរទេស​នៃ​ប្រទេស​បារាំង​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​មួយ​ធ្វើ​អន្តរាគមន៍​ទៅ​របប​លោក​ហ៊ុន​សែន​ឲ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​​និង​សិទ្ធិ​មនុស្ស​មនុស្ស​ឡើង​វិញ។​​

មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ប្រទេស​បារាំង​លោក​ឡុង​បុត្តា​បញ្ជាក់​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​​ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ដើម្បី​​ទាមទារ​ឱ្យ​អន្តរ​ជាតិ​ដាក់​សម្ពាធ​ដល់​មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​​ឱ្យ​គោរព​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១។​

គម្រោង​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​បារាំង​ធ្វើ​ឡើង​ស្រប​ពេល​ដែល​របប​លោក​ហ៊ុន​សែន​កំពុង​ឃុំ​ខ្លួន​លោក​កឹម​សុខា​​ក្នុងផ្ទះ​​ហាម​មិន​ឲ្យ​មន្រ្តី​របស់​គណបក្ស​នេះ​ចំនួន​១១៨​មាន​សិទ្ធិ​ធ្វើ​នយោបាយ​​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​ការ​រំលាយ​ដដែល។​​

រហូត​មក​ទល់​ពេល​នេះ​​សហគមន៍​អន្តរ​ជាតិ​​ដែល​មាន​សហភាព​អឺរ៉ុប​​និង​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​តាម​រយៈ​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​ផលិត​ផល​គ្រប់​ប្រភេទ​ពី​កម្ពុជា​​ប្រសិន​បើ​លោក​ហ៊ុន​សែន​មិន​ព្រម​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​ទេ​នោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.