ព្រឹទ្ធ​សភា​អាមេរិកាំង​ពីររូប​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ​ហៅ​ថា​ GSP​ពីកម្ពុជា

ក្រុម​អង្គការ​ការពារ​សិទ្ធិ​ការងារ​នៅ​កម្ពុជា​សម្តែង​ការ​ភា្ញក់​ផ្អើល​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នៃ​ព្រឹទ្ធ​សភា​របស់​សហ​រដ្ឋ​អាមេរិក​ ដែល​កាន់​តែ​ធ្វើឲ្យ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ជួប​គ្រោះ​មហន្តរាយ​ ប្រសិន​បើ​របប​លោក​ហ៊ុន សែន​មិនព្រម​ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នោះ។​

នាយក​​អង្គការ​​សម្ព័ន្ធ​ភាព​​ការងារ​ និង​​សិទ្ធិ​​មនុស្ស ​លោក​មឿន តុលា​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា ​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ជា​ទម្ងន់​ ប្រសិន​បើ​សហគមន៍​អ៊ឺរ៉ុប​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA​ចេញ​ពី​កម្ពុជា​ ហើយ​សហ​រដ្ឋ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​GSP​ពី​កម្ពុជា​ដែរ​នោះ។​

លោក​បន្ត​ថា​ កម្ពុជា​នឹង​អាច​បាត់បង់​ចំណូល​របស់​ខ្លួន​ចំនួន​ជិត​១ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ​នាយក​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​រូប​នេះ ​អះអាង​ថា ​វិស័យ​ដែល​កម្ពុជា​ អាច​ប៉ះ​ទង្គិច​ធ្ងន់​ជាង​គេ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ​គឺ​វិស័យ​កាត់ដេរ​និង​កម្មករ​តែ​ម្តង។​ លោក​បន្ត​ថា​ បណ្តា​ប្រទេស​លោក​សេរី​ នឹង​នាំគ្នា​ដាក់​សម្ពាធ​ដល់​កម្ពុជា​ដើម្បី​កាត់​បន្ថយ​អំណាច​របស់​ចិន​នៅ​អាស៊ី។​

ការ​អះអាង​របស់​លោក​មឿន តុលា​ធ្វើឡើង​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​ពីរ​រូប ​រួមមាន​លោក​Ted Cruz​ និង​លោក​Chris Coons​បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ ដែល​មាន​ឈ្មោះ​ថា​«ច្បាប់​ពាណិជ្ជ​កម្ម​កម្ពុជា​ឆ្នាំ​២០១៩»​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​លោក​Donald Trump​ដាក់​ទណ្ឌកម្ម​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ទូទៅ​ ឬ GSP​ពី​កម្ពុជា។​

លោក​Ted Cruz​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​សហព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក​ពី​រដ្ឋ​​Texas​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​ហ៊ុន សែន​បាន​នាំ​គ្នា​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សហ​រដ្ឋ​អាមេរិក​ និង​សហគមន៍​អ៊ឺរ៉ុប​បាន​ផ្តល់​ឲ្យដល់​កម្ពុជា។​​ លោក​បន្ត​ថា​  រប​បលោក​ហ៊ុន សែន ​​មិន​បាន​គោរព​ស្តង់ការងារ ​មើល​ងាយ​ដល់​សុច្ចរិត​ភាព​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា ​និង​កំពុង​បោះពួយ​ទៅ​រក​ប្រទេស​ចិន‍​ថែម​ទៀត។​

សារ​ព័ត៌មាន ​The Cambodia Daily​បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី​លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ដែរ ​តែលោក​មិន​លើក​ទូរស័ព្ទ។​ សម្ពាធ​នយោបាយ​របស់​សហគមន៍​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​កំពុង​ធ្វើ​ឡើង​ជាបន្ត​បន្ទាប់​ ក្រោយ​ពី​​របប​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​ដ៏​អាម៉ាស់​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.