Opinion

ព្រះ​មហាក្សត្រ​យាង​ពី​កម្ពុជា​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​នៅ​ប្រទេស​ចិន​

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ បាន​យាង​ចាក​ចេញ​ពី​កម្ពុជា​ទៅទី​ក្រុង​ប៉េងកាំង​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ​នេះ​ ដែល​ត្រូវ​ជា​ថ្ងៃ​អបអរ​ពិធី​ចម្រើន​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​រយៈ​ពេល​បី​ថ្ងៃ​ ដោយ​ព្រះ​អង្គ​ត្រូវ​ចូលរួម​វេទិកា​អរិយ​ធម៌​អាស៊ី។​

ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​ចុះ​ផ្សាយ​ថា​ វេទិកា​នេះ​​ជា​វេទិកា​លើក​ទី​១​ ដែល​រៀប​ចំ​ដោយ​ប្រទេស​ចិន។​ កិច្ច​ប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ​នឹង​ផ្តោត​លើ​ប្រធាន​បទ​នៃ​ការ​ផ្លាស់​ប្តូរ​អរិយធម៌​អាស៊ី​ការ​យល់​ដឹង​ពី​គ្នាទៅ​វិញ​ទៅ​មក​ និង​សហគមន៍​រួម​វាសនា។ ​គោល​បំណង​សំខាន់​គឺឆ្ពោះ​ទៅមុខ​ដើម្បី​ទទួល​បាន​នូវ​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ​អាស៊ី ​និង​លើ​ពិភព​លោក​និង​ជា​ការ​បង្កើត​ជា​វេទិកា​សម្រាប់​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។​

ជាង​នេះ​ទៅ​ទៀត​ វេទិកា​នេះ​នឹង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​ទៅ​វិញ​ទៅមក​ បង្កើន​ទំនុក​ចិត្ត​លើ​វប្បធម៌​អាស៊ី​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​អាស៊ី ​និង​ការ​ជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។​ព្រះ​មហា​ក្សត្រ​នឹង​យាង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១៩​ខាង​មុខ​ ក្រោយ​បញ្ចប់​វេទិកា​នេះ។​

មុន​ចាក​ចេញ​ពី​កម្ពុជា​មាន​ការ​ប្រារព្ធ​រាជ​ពិធី​ចម្រើន​ព្រះជន្ម​៦៦​ព្រះ​វស្សា​យាង​ចូល​៦៧​ព្រះ​វស្សា​របស់​ព្រះ​មហា​ក្សត្រ​កាលពី​ថ្ងៃ​ទី​១២​ខែ​ឧសភា​កន្លង​ទៅ​ ដោយ​មាន​ប្រធាន​ព្រឹទ្ធ​សភា​ប្រធាន​រដ្ឋ​សភា ​លោក​ហ៊ុន សែន​និង​មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​ចូល​រួម​ថ្វាយ​ព្រះ​ពរ​ព្រះ​អង្គ​នៅ​ព្រះ​បរម​រាជវាំង៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.