ព្រះ​មហា​ក្សត្រ​ខ្មែរ​សច្ចា​​ថា ​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ចិន​ គ្រប់​កាលៈទេសៈ​

ព្រះ​មហា​ក្សត្រ​ខ្មែរ​នរោត្តម ​សីហមុនី​ បាន​មាន​ព្រះ​រាជ​បន្ទូល​ទៅ​កាន់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ថា ​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹងមាំ​​ជា​មួយ​ចិន​គ្រប់​កាលៈ​ទេសៈ ​និង​គ្រប់​ពេល​វេលា​ទាំងអស់។​

ព្រះ​រាជ​បន្ទូល​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ព្រះ​អង្គ​ជួប​ជា​មួយ​លោក​ស៊ី ជីនពីង​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ម្សិលមិញ​ក្នុង​វិមាន​ប្រជាជន​ចិន​ដ៏មហិមា​ក្នុង​ទីក្រុង​ប៉េកាំង។ ​ ចំណែក​លោក​ស៊ី ជីនពីង​វិញ​បាន​អះអាង​ថា ​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​ចិន​បាន​បង្ហាញ​ពិភព​លោក​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​ការ​កំណត់​នូវ​ជោគ​វាសនា​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​រឹងមាំ។ ​មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ ប៉េកាំង​រូប​នេះ​អះអាង​ថា​ ចិន​គោរព​ស្រឡាញ់​​មិត្តភាព​ដ៏​ពិសេស​ជាមួយ​ព្រះ​រាជ​វង្សានុវង្ស​របស់​ខ្មែរ​ ហើយ​បណ្តា​មេ​ដឹកនាំ​ចិន​ជាច្រើន​ជំនាន់​បាន​បង្កើត​ចំណង​មិត្ដ​ភាព​ដ៏​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ​ ព្រះ​បរមរតន​កោដ្ឋ​ថែម​ទៀត។​

លោក​ស៊ី ជីងពីង​អះអាង​ថា ​កម្ពុជា-ចិន​គួរតែ​អនុវត្ត​ផែនការ​សកម្ម​ភាព​នានា​ដើម្បី​កសាង​សហគមន៍​ចិន​ និង​កម្ពុជា​ សម្រាប់​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​ទាំង​ពីរ​ទទួល​បាន​ប្រយោជន៍ ​និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ជាពិសេស​ស្វែង​យល់​អំពី​អរិយធម៌​ និង​ភាព​សំប្បូរ​បែប​នៃ​វប្បធម៌​របស់​ប្រទេស​ទាំង​ពីរ។​

អ្នក​វិភាគ​នយោបាយ​សង្គម​លោក​គឹម សុខ​អះអាង​ថា​ មហា​ក្សត្រ​ខ្មែរ​គ្មាន​ជម្រើស​អ្វី​ទេ  មាន​តែ​យក​ប្រទេស​ចិន​ជា​ខ្នង​បង្អែក​ប៉ុណ្ណោះ​ទើប​អាច​ការពារ​រាជ​បល្ល័ង្ក​ទប់ទល់​ពី​ការ​ចង់​បំផ្លាញ​របស់​លោក​ហ៊ុន សែន។​

ជាងនេះ​ទៅ​ទៀត​ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ ប្រទេស​ចិន​មិន​បាន​ជួយ​អ្វី​ដល់​កម្ពុជា​នោះ​ឡើយ​ផ្ទុយ​ទៅវិញ​ចិន​កំពុង​យក​ប្រទេស​ខ្មែរ​ធ្វើ​ជា​ទាសករ​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​វិញ​ ពីព្រោះ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ចិញ្ចឹម​សេដ្ឋកិច្ច​របស់​ចិន​តាម​រយៈ​អនុញ្ញាត​ឲ្យ​ទំនិញ​របស់​ចិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​យក​មក​លក់​ក្នុង​ប្រទេស​កម្ពុជា។​

របាយ​ការណ៍​ឆ្នាំ​២០១៨​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា ​ប្រទេស​ចំនួន​បួន​ដែល​នាំ​ទំនិញ​ចូល​មក​កម្ពុជា​ច្រើន​ជាង​គេ​ទី​១​គឺ​ចិន​ មាន​ចំនួន​៣៩,៧ %​ ទី​២​ថៃ​មាន​ចំនួន​១៥,៥% ​ទី៣​វៀតណាម​មាន​ចំនួន​១១,៧% ​ហើយ​ទី​៤​គឺ​ជប៉ុន​ដែល​មាន​៤%៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.