ភរិយា​របស់​អ្នក​បកប្រែ​ខ្សែ​ភាព​យន្ត​ឯកសារ​«ម្តាយខ្ញុំលក់ខ្ញុំ»​នឹង​បន្ត​ទាមទារ​ឲ្យមាន​ការ​ដោះលែង​ប្តី​របស់​អ្នក​ស្រី​

អ្នកស្រី​ឡុង គឹមហ៊ាង​ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​ដែលជា​អ្នក​បក​ប្រែ​ឲ្យ​ខ្សែ​ភាពយន្ត​ឯកសារ​«ម្តាយខ្ញុំ​លក់ខ្ញុំ»​ អះអាង​ថា​ អ្នកស្រី​នៅ​តែបន្ត​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ប្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ទោះបី​ជាមាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏​ដោយ។​

អ្នកស្រី​ឡុង គឹមហ៊ាង​បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​នៅមុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ បើទោះ​បីជា​មាន​ការ​គំរាម​កំហែង​គ្រប់​រូបភា​ពទៅ​លើ​អ្នក​គាំទ្រ​មិនឲ្យ​មក​ចូលរួម​ជា​មួយ​ក្តី ​ក៏​អ្នក​ស្រី ​និង​កូន​ប្រុស​តូច​របស់​អ្នកស្រី​នៅតែ​បន្ត​តវ៉ា​ទាមទារ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ធ្វើ​អន្តរាគមន៍​ដោះលែង​​ប្តី​អ្នក​ស្រី​ដដែល។​

អ្នកស្រី​ប្តេជ្ញា​ថា ​អ្នកស្រី​នឹង​បន្ត​ការ​តវ៉ា​ជា​លើក​ទី​៩​ នៅ​មុខ​ស្ថានទូត​​រុស្ស៊ី​នៅព្រឹក​ស្អែក​វេលា​ម៉ោង​៨​ថ្ងៃ​ទី​១៣​ខែ​មីនា​តាម​ការកំណត់។​

មេ​ដឹកនាំ​សហ​ព័ន្ធ​សហ​ជីព​សំណង់​កម្ពុជា​ លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​ សមត្ថ​កិច្ច​ថៃ​ចាប់​ខ្លួន ​និង​បញ្ជូន​មកឲ្យ​អាជ្ញាធរ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០១៨​ កន្លង​ទៅ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​«ម្ដាយ​ខ្ញុំ​លក់ខ្ញុំ»​របស់​បណ្តាញទូរទស្សន៍​Russia Today​ដែល​និយាយ​អំពី​ខ្សែ​ជីវិត​ពិត​របស់​ស្ត្រី​និង​ម្តាយ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​លក់​កូន​ស្រី​របស់​ខ្លួន​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ដើម្បី​ជីវភាព​រស់​នៅ​របស់​ពួកគេ។ ​លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ធ្វើ​ឲ្យ​មាន​ការ​រើសអើង​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.