Opinion

មន្រ្តី​ក្រសួង​ការពារ​ជាតិ​បន្តច្រានចោល​ព័ត៌មាន​ដែល​ថា ​​ចិន​ដាក់​មូលដ្ឋាន​ទ័ព​ក្នុង​ខេត្ត​កោះកុង

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​បន្ត​ច្រាន​ចោល​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ ​កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ខេត្ត​កោះកុង។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឈុំ សុជាតិ​បាន​សរសេរ​លើ​ហ្វេសប៊ុក​​កាលពី​ថ្ងៃ​ទី​១១​ខែ​ឧសភា​ដោយ​ចោទ​ប្រកាន់​ថា​ ការ​ផ្សាយ​ព័ត៌មាន​របស់​គេហ​ទំព័រ​អនឡាញ​បរទេស​មួយ​ឈ្មោះ ​War On The Rocks ​កាល​ពីថ្ងៃ​ទី​៩​ខែ​ឧសភា​ កន្លង​ទៅ​ដែល​ថា​ កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅក្នុង​ខេត្តកោះ​កុង​គឺ​ជា​ការ​ព្យាយាម​ផ្សព្វផ្សាយ​ចោទ​ប្រកាន់​មួល​បង្កាច់​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា។​

លោក​បន្ត​ថា​ ការ​ផ្សព្វ​ផ្សាយ​លាប​ពណ៌​យ៉ាង​គឃ្លើន​របស់​គេហទំព័រ​នោះ​គឺជា​ចេតនា​នយោបាយ​ទុច្ច​រិត​ធ្វើឱ្យ​ពិភព​លោក​មា​ន​ការ​ភាន់​ច្រឡំ​មក​លើ​កម្ពុជា​ព្រម​ទាំង​ប៉ុនប៉ង​រំខាន​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ក្នុង​កិច្ច​សហការ​ពី​វិនិយោគិន​បរទេស ​និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ផងដែរ។​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា​រូប​នេះ​អះអាង​ថា​ គម្រោង​អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ នៅក្នុង​ខេត្ត​កោះកុង ​ដែល​វិនិយោគ​ទុន​រាប់​ពាន់​លាន​ដុល្លារ​ ដោយ​ក្រុមហ៊ុន​ចិន​គឺ​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ​សេដ្ឋ​កិច្ច ​និង​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​កាសែត​បរទេស​បាន​ចុះផ្សាយ​ថា​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ខេត្ត​កោះកុង​ ប៉ុន្តែ​មន្រ្តី​យោធា ​និង​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​តែង​ចេញ​មុខ​ច្រានចោល​ព័ត៌មាន​ទាំង​នេះ។​

ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​នេះ ​ជា​ប្រធាន​បទ​ដ៏​រសើប​ នៃ​សន្តិសុខ​តំបន់​រហូត​ដល់​អនុប្រធានាធិបតី​អាមេរិក​លោក​Mike Pence​ បាន​សរសេរ​លិខិត​ផ្លូវ​ការ​មួយ​ច្បាប់​ប្រាប់​ទៅ​លោក​ហ៊ុន សែន​អំពី​កង្វល់​ចម្បង​បំផុត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​បញ្ហា​នេះ ​និង​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា​ បើមាន​រឿង​បែប​នេះ​កើត​ឡើង​មែន​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា ​និង​សហ​រដ្ឋ​អាមេរិក៕​​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.