យុវជន​ច្រៀង​បទ​«សង្គម​នេះ»​ចេញ​លិខិត​បង្ហាញ​ការ​សោកស្តាយ​ ដែល​ធ្វើឱ្យ​ប៉ះពាល់​បទ​បញ្ជា​ផ្ទៃក្នុង​របស់​សាលា​

យុវជន​និង​ជា​និស្សិត​ឆ្នាំ​ទី១​នៃ​សាល​វិទ្យាល័យ​South East Asia​ដែល​ជា​ម្ចាស់​បទ​ចម្រៀង​«សង្គមនេះ»​ដែល​ច្រៀង​រៀប​រាប់​រិះគន់​សង្គម​សព្វ​ថ្ងៃ​ថា​ មាន​ភាព​ស្មោក​គ្រោក​ច្រើន​នោះ​ បាន​សម្តែង​ការ​សោក​ស្តាយ​ដោយ​ថា​ ចម្រៀង​របស់​ខ្លួន​នោះធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​និង​គោល​ការណ៍​ផ្ទៃក្នុង​របស់​សាលា។​

យុវជន​ឈុន ឌីម៉ី​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​បទ​ចម្រៀង​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា«សង្គមនេះ»​ហើយ​ក៏​គាំទ្រ​ចំពោះ​ សេចក្តី​ថ្លែង​ការណ៍​របស់​សាលា​កាលពី​ថ្ងៃ​ទី​២១​ឧសភា​ដែរ។​

យុវជន​រូប​នេះ​ប្រាប់​ទៅ​សាធារណ​ជន​ទាំង​អស់​ឱ្យ​ឈប់​យល់​ច្រឡំ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​សាកល​វិទ្យាល័យ ​South East Asia​និង​បង្ហាញ​ការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​និង​កម្មវិធី​សិក្សា​របស់​សាលាមួយ​នេះ​ផង​ដែរ។​

កាលពី​ថ្ងៃ​ទី​២១​ឧសភា ​សាកល​វិទ្យាល័យ​South-East Asia​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​ច្រាន​ចោល​រាល់​អត្ថន័យ​របស់​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​«សង្គម​នេះ»​ដែល​ច្រៀង​ដោយ​និស្សិត​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ឈុន ឌីម៉ី​ថា​ មិនមែន​ជា​គោល​ជំហរ​​របស់​សាកល​វិទ្យាល័យ​ខ្លួន​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​និស្សិត​ឈ្មោះ​ឈុន ឌីម៉ី​ដែល​បាន​ច្រៀង​ចម្រៀង​មាន​ចំណង​ជើង​ថា«សង្គមនេះ»​ដែល​ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល។ ​លើស​ពី​នេះ​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នោះ​គឺ​ផ្ទុយ​ពី​គោល​នយោបាយ ​យុទ្ធ​សាស្ត្រ​ចតុកោណ​និង​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​លោក​ហ៊ុន សែន។ ​សាកល​វិទ្យាល័យ ​South East Asia​អះអាង​ថា ​គ្រប់​មុខ​វិជ្ជា ​គ្រប់​កម្រិត​សិក្សា​គឺ​មិន​បាន​បញ្ចូល​ខ្លឹមសារ​សម្រាប់​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​និង​ថ្នាក់​ដឹកនាំ​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​នោះ​ឡើយ ​ហើយ​ថា​ ចម្រៀង​របស់​និស្សិត​ឈុន ឌីម៉ី​គឺ​​ជា​ចម្រៀង​ដែល​កើត​ចេញ​ពី​គំនិត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​

ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​ហាក់​ប្រាស​ចាក​ពី​គោល​ការណ៍​នៃ​ការ​បង្រៀន​សិស្ស ​និស្សិត​ ដោយ​មាន​បញ្ចូល​ចំណុច​ជា​ច្រើន​ តម្រូវ​ឱ្យ​មាន​ការ​ជជែក​ វែកញែក ​ការ​គិត​ពិចារណា​ការ​មើល​ឃើញ​ពីភាព​ល្អ ​អាក្រក់​ចំពោះ​ការ​ដឹក​នាំ​របស់​ប្រទេស​ជាតិ​នីមួយៗ​ ដើម្បី​ឆ្ពោះទៅ​កាន់​ចំណុច​ប្រសើរ​ក្នុង​ការ​រស់​នៅ​ផង​ដែរ។ ​ តារា​ចម្រៀង​រ៉េប​ឈ្មោះ​ ឈុន ឌីម៉ី ​ឬ​ហៅថា​ឌីម៉ី ខេមបូ​(Dymey-Cambo)​ដែល​ជា​និស្សិត​ឆ្នាំ​ទី​១​ ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ ​South East Asia ​បាន​តែង​និពន្ធ​បទ​ចម្រៀង​មួយ​បទ​កាល​ខែ​មេសា ​ដែល​មាន​ចំណង​ជើង​ថា«សង្គមនេះ»​ហើយ​ចម្រៀង​នោះ​ចែក​ចេញ​ជា​ពីរ​វគ្គ​ថែម​ទៀត។​

អត្ថន័យ​បទ​ចម្រៀង​នេះ​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​អាក្រក់​ជាច្រើន​នៅក្នុង​សង្គម​ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន​កន្លង​មក ​ដូចជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ការ​ធ្វើបាប​ពលរដ្ឋ​ក្រីក្រ ​តាមរយៈ​អ្នកមាន​លុយ​មាន​អំណាច​ជិះជាន់ និង​ការ​រំលោភ​យក​ដីធ្លី។​ ការ​គាប​សង្កត់​លើ​អ្នក​ចេះ​ដឹង​ រួម​ទាំង​ការ​បាញ់​កាប់​សម្លាប់​អ្នក​ចេះ​ដឹង​ និង​អ្នក​ស្នេហាជាតិ​ជា​ហូរហែ និង​រៀបរាប់​អំពី​បញ្ហា​ជន​អន្តោ​ប្រវេសន៍​រស់​នៅ​យ៉ាង​អនាធិបតេយ្យ​នៅ​លើ​ទឹក​ដី​កម្ពុជា។​ បទ​ចម្រៀង​ដដែល​នេះ​ក៏បួង​សួងសុំ​ឱ្យពល​រដ្ឋ​ខ្មែរ​ សង្គម​ខ្មែរ​ទទួល​បាន​សេចក្តី​សុខ ​សន្តិភាព​សេរីភាព​ពេញ​លេញ​ទៀត​ផង៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.