រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំភ្លឺថា ខ្លួនមិនបានរារាំងពលរដ្ឋក្នុងការទៅវត្តធ្វើបុណ្យរដូវកាលភ្ជុំបិណ្ឌ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធថា លោកមិនបានរារាំងមិនឱ្យពលរដ្ឋទៅចូលរួមបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌនោះឡើយ។

ការបដិសេធនេះ ដោយលោក ស ខេង បានអះអាងថា សារសំឡេងដែលលោកបានផ្ញើ ទៅអភិបាលរាជធានី ខេត្ត កាលពីថ្ងៃទី១៣ ខែកញ្ញា គឺជាការណែនាំឲ្យអាជ្ញាធរទាំងអស់ខិតខំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ លោកបញ្ជាក់ថា សារជាសំឡេងនោះមិនបានបញ្ជាឲ្យរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់មិនឲ្យចូលរួមប្រារព្ធពិធីបុណ្យនេះឡើយ។
ប៉ុន្តែលោកថា មានបុគ្គល និងសារព័ត៌មានមួយចំនួនដែលមាននិន្នាការប្រឆាំង បានយកទៅធ្វើអាជីវកម្ម បកស្រាយបំភ្លើស និងមួលបង្កាច់ក្នុងន័យថាលោកបានរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាទៅវិញ។ លោកថាទាំងនេះជាចេទនាអាក្រក់ដែលលោក មិនទទួលយកបានឡើយ។

លោកបន្តថា ក្នុងនាមលោកជាអ្នកទទួលខុសត្រូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រទេសជាតិ គឺមានសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការដាក់ចេញបទបញ្ជាដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់គ្រប់ព្រឹត្តិការណ៍នានាក្នុងប្រទេស។

ការបកស្រាយរបស់លោកស ខេង នេះក្រោយពីមានការបែកធ្លាយសារសំឡេង ដែលលោកបញ្ជាឱ្យទប់ស្កាត់ផែនការជួបជុំរបស់ក្រុមប្រឆាំងនៅរដូវភ្ជុំបិណ្ឌនេះ។

ក្នុងសារជាសំឡេងនោះ លោកបានណែនាំឱ្យអាជ្ញាធរខេត្ត រាជធានី ត្រូវតាមដាន ពួកប្រឆាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយលោកថាពួកគេបានឱ្យគ្នាគេចុះទៅតាមវត្តពេលភ្ជុំបិណ្ឌនោះឱ្យបានច្រើន ដើម្បីជាឱកាសពិភាក្សា ឬរៀបចំផែនការខ្មៅរបស់ពួកគេ។

ជាមួយគ្នានេះ លោកស ខេង បានបញ្ជាមន្ត្រីក្រោមឱវាទ ត្រូវរៀបចំឱ្យមន្ត្រីចុះតាមវត្តជាប្រចាំ ដើម្បីរៀបចំសភាពការណ៍ឱ្យបានល្អដោយមិនឱ្យក្រុមប្រឆាំងបានជួបជុំគ្នានោះឡើយ។

ក្រុមសង្គមស៊ីវិលរិះគន់ថា វិធានការនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អតីតមន្ត្រី ឬសកម្មជនគណបក្សសង្រ្គោះជាតិ ក្នុងការជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណី និងជាការរំលោភបំពានសេរីភាពផ្នែកសាសនា ព្រមទាំងជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាពក្នុងការជួបជុំដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.