រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​ការ​នាំចូល​យាន​យន្ត​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​បាន​ស្នើ​ឲ្យ​រដ្ឋបាល​និង​អនុ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​រាជធានី-ខេត្ត​ ទាំង​អស់​ត្រូវ​ទប់​ស្កាត់​ឱ្យ​បាន​ម៉ឹងម៉ាត់​បន្ថែម​ទៀត​ការ​រត់ពន្ធ​យានយន្ត​ពី​បណ្តា​ប្រទេស​ជិត​ខាង។​​

ថ្លែង​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​ក្នុង​​ទិវា​«សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍»​លើក​ទី​១២​នា​ព្រឹក​នេះ ​ ​លោក​ស ខេង​បាន​លើក​ឡើង​ថា​​ករណី​នាំយក​យានយន្ត​ពី​ប្រទេស​ជិតខាង​ ដោយ​មិនមាន​ការ​បង់​ពន្ធ​ត្រឹមត្រូវ​នៅ​តែ​កើត​មាន​ឡើង។​​

លោក​បញ្ជាក់​ថា ​ខេត្ត​ត្បូងឃ្មុំ​ដែល​ស្ថិត​នៅ​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​មិន​សូវ​មាន​បញ្ហា​ទាក់ទង​នឹង​ការនាំ​រថយន្ត​ចូល​ដោយ​ខុស​ច្បាប់​នោះ​ឡើយ ​ប៉ុន្តែ​ករណី​ម៉ូតូ​នាំ​ចូល​ដោយ​គ្មាន​ការ​បង់​ពន្ធ​ត្រឹម​ត្រូវ​គឺ​មាន​ចំនួន​ច្រើន​ដោយ​ម៉ូតូ​ទាំង​នោះ​នាំចូល​ពី​ប្រទេស​វៀតណាម​តែ​ម្តង។​ ​

ករណី​រត់​ពន្ធ​រថយន្ត​ឬ​ម៉ូតូ​ពី​ប្រទេស​ជិត​ខាង​ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ​នេះ​ពុំមែន​ទើប​តែ​កើត​ឡើង​នោះ​ទេ​ដោយ​កន្លង​មក​មាន​ការ​លើក​ឡើងពី​បញ្ហា​នេះ​ជាហូរ​ហែ​ព្រម​ទាំង​មាន​ទំនិញ​គេច​ពន្ធ​ជាច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​នាំចូល​មក​កម្ពុជា។​

បញ្ហា​ទាំង​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​បាន​លើក​ឡើង​អំពី​បាត់បង់​ចំណូល​ជាតិ​ក្នុង​មួយ​ឆ្នាំៗ​រាប់​រយ​លាន​ដុល្លារ​ខណៈ​សមត្ថ​កិច្ច​នៅ​ពុំ​ទាន់​បង្ហាញ​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ឬ​ អ្នក​នៅ​ពីក្រោយ​ខ្នង​ជន​លើ្មស​ដើម្បី​យក​មកផ្តន្ទា​ទោស​នោះ​ឡើយ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.