Opinion

លោក​ឌី វិជ្ជា​ការពារ​ឪពុក​ក្មេក​របស់​លោក​ថា​ មិន​បាន​សម្លាប់​ ឪពុក​បង្កើត​របស់​លោក​នោះ​ទេ​

កូន​ប្រុស​បង្កើត​របស់​លោក​ហុក ឡងឌី​បាន​ថ្លែង​ការពារ​ឪពុក​ក្មេក​របស់​លោក​គឺ​លោក​ហ៊ុន សែន​ថា​ មិន​បាន​សម្លាប់​លោក​ឪពុក​បង្កើត​របស់​លោក​នោះ​ទេ។​

កូន​ប្រុស​របស់​អតីត​អគ្គ​ស្នងការ​នគរបាល​ជាតិ​រូប​នេះ​អះអាង​ថា​ ឪពុក​របស់​លោក​ស្លាប់​ដោយ​សារ​អាកាសធាតុ​មាន​ខ្យល់​មិន​ល្អ​ទើប​បណ្តាល​ឧទ្ធម្ភាគចក្រ​ជួប​ឧបទ្ទវហេតុ​ដូច្នេះ។​

លោក​អះអាង​ករណី​គ្រោះ​ថ្នាក់​នេះ​មិនមែន​ផែន​ការ​របស់​លោក​ហ៊ុន សែន​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​សម រង្ស៊ី​នោះ​ទេ។​

ប្រតិកម្ម​ដ៏​កម្រ​របស់​កូន​ប្រសារ​លោក​ហ៊ុន សែន​បែប​នេះ​គឺ​ជា​លើក​ទីមួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​លោក​សម រង្ស៊ី​ដែល​តែង​តែង​ចោទ​ប្រកាន់​ថា​ លោក​ហ៊ុន សែន​ជា​អ្នក​រៀបចំ​ផែន​ការ​សម្លាប់​លោក​ហុក ឡងឌី​ព្រោះ​មេ​ប៉ូលិស​រូប​នេះ​ដឹង​រឿង​សម្ងាត់​របស់​លោក​ហ៊ុន សែន​ច្រើន​ពេក។​

សារ​ព័ត៌មាន​របស់​លោក​ហ៊ុន សែន​គឺ​Fresh News​ បាន​ដក​ស្រង់​សម្តី​លោក​ឌី វិជ្ជា​ចុះ​ផ្សាយ​ថា ​ពេល​នេះ​ លោក​កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់​ដើម្បី​ប្ដឹង​លោក​សម រង្ស៊ី ​ព្រោះ​លោក​សម រង្ស៊ី​មាន​ចេតនា​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រតិដ្ឋ​ញុះញង់​ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ ​និង​អន្តរជាតិ​ភ័ន្ត​ច្រឡំ។​

ក្នុង​សំណុំ​រឿង​នេះ​ដែរ​ លោក​ហ៊ុន សែន​និង​លោក​ស ខេង​​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​មិថុនា​ បាន​រួម​គ្នា​រៀបចំ​ប្ដឹង​លោក​សម រង្ស៊ី​ទៅ​តុលាការ​ប្រទេស​បារាំង​ករណី​លោក​សម រង្ស៊ី​ចោទ​លោក​ហ៊ុន សែន​ថា​ ជា​អ្នក​សម្លាប់​លោក​ហុក ឡងឌី ​ប៉ុន្តែ​លោក​សម រង្ស៊ី​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ប្ដឹង​លោក​៣​ករណី​បន្ថែម​ទៀត​ទៅ​តុលាការ​ប្រទេស​បារាំង​ ពាក់​ព័ន្ធ​ឃាតក​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​នៅ​ឆ្នាំ​១៩៩៧ ​ការ​បញ្ជា​ឃាតក ​បាញ់​សម្លាប់​បណ្ឌិត​កែម ឡី ​កាល​ពី​ឆ្នាំ​២០១៦​ និង​ករណី​ឃាតកម្ម​ អ្នកស្រី​ពិសិដ្ឋ ពីលីកា ​កាលពី​ឆ្នាំ​១៩៩៩​ដែរ។​

លោក​សម រង្ស៊ី​នៅតែ​រក្សា​ជំហរ​របស់​ដដែល​ថា ​លោក​ហ៊ុន សែន​ជា​អ្នក​បញ្ជា​ឱ្យ​សម្លាប់​លោក​ហុក ឡងឌី​ ​ហើយ​ពេល​នេះ​ថា​ កូន​ប្រុស​របស់​លោក​ហុក ឡងឌី​គឺ​លោក​ឌី វិជ្ជា​ដែល​ជា​ត្រូវ​ជា​កូន​ប្រសារ​របស់​លោក​ហ៊ុន សែន​ដែរ​នោះ​កំពុង​រៀបចំ​ផែនការ​ជាមួយ​លោក​ស ខេង​ដើម្បី​រក​វិធី​សងសឹក​លោក​ហ៊ុន សែន​វិញ។​

លោក​សម រង្ស៊ី​អះអាង​ថា ​ឃាតកម្ម​ទៅ​លើ​លោក​ហុក ឡង់ឌី​ដែល​រៀបចំ​ឡើង​ដោយ​លោក​ហ៊ុន សែន​នេះ​ដោយ​សារ​តែ​លោក​ហុក ឡងឌី​ដឹង​រឿង​អាក្រក់​របស់​លោក​ហ៊ុន សែន​ច្រើន​ពេក។​

លោក​ហុក ឡងឌី​ដែល​ជា​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​ស្លាប់​ក្នុង​ករណី​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​មួយ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨​នៅ​ខេត្ត​ស្វាយរៀង។ ​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​បញ្ជាក់​ថា ​ករណី​ស្លាប់​នេះ​បណ្តាល​មក​ពី​អាកាស​ធាតុ​អាក្រក់​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​រន្ទៈ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.