Opinion

លោក​សម រង្ស៊ី​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ដែល​តែង​អះអាង​ថា​ នឹង​ចូល​ស្រុក​ខ្មែរ​ក្នុង​ឆ្នាំ​២០១៩​នោះ ​បាន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ចូលរួម​ផ្តួល​រំលំ​របប​​លោក​ហ៊ុន សែន។​

លោក​ប្រកាស​​នៅ​លើ​ហ្វេសហ៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា​នេះ​ដោយ​ទទូច​ហៅ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ថា​«យើង​ទៅ​ស្រុក​យើង​វិញ​ ទៅ​ផ្ទះ​យើង​វិញ​ ទៅ​ដណ្តើម​យក​ប្រទេស​យើង​មក​វិញ​ ពី​ជន​ក្បត់​ជាតិ​ហ៊ុន សែន»។​

លោក​សម រង្ស៊ី​បន្ត​ទៀត​ថា ​ការ​វិល​ទៅ​កម្ពុជា​លើក​នេះ​ ដើម្បី​រៀបចំ​ស្រុក​ខ្មែរ​ឡើង​វិញ​ ទៅ​ជួយ​អ្នក​ក្រីក្រ​និង​អ្នក​ទន់ខ្សោយ​ ធ្វើ​យ៉ាងណា​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​រស់​បាន​យ៉ាង​សុខសាន្ត ​សម្បូរ​សប្បាយ ​និង​ថ្លៃថ្នូរ​ លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ក្នុង​សង្គម​មួយ​ប្រកប​ដោយ​សេរីភាព​និង​យុត្តិធម៌។​

ចំណែក​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ លោក​សម រង្ស៊ី​ជា​មនុស្ស​និយាយ​មិន​ទៀង​ទាត់​ម្តង​ថា​នឹង​ចូល​ស្រុក​ចាប់​លោក​ហ៊ុន សែន​ហើយ​ម្តង​ទៀត​ប្រកាស​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​វិល​ត្រឡប់​ចូល​ស្រុក​ចាប់​លោក​ហ៊ុន​ សែន​ទៅ​វិញ។​

ចំណែក​លោក​ហ៊ុន សែន​វិញ​ក៏​មិន​នៅ​ស្ងៀម​ដែរ​ លោក​តែង​ព្រមាន​នឹង​ស្វាគមន៍​លោក​សម រង្ស៊ី យ៉ាង​ហិង្សា​គឺ​ត្រៀម​ទ័ព​ប្រើ​កាំភ្លើង​ធំបាញ់​កម្ទេច​នៅ​ពេល​លោក​សម រង្ស៊ី​ចូល​មក​ដល់​ព្រំដែន​កម្ពុជា។​

កាលពី​ពេល​ថ្មីៗ​នេះ ​លោក​ហ៊ុន សែន​ក៏បាន​ចេញ​លិខិត​ណែនាំ​ដល់​មន្រ្តី​ថ្នាក់ក្រោម​របស់​លោក​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ​អា​យ៉ៃ​ឆ្លើយ​ឆ្លង​រវាង​លោក​ហ៊ុន សែន​និង​លោក​សម រង្ស៊ី​កំពុង​បង្វែ​ការ​ចាប់​អារម្មណ៍​របស់​មហា​ជន​ទៅ​លើ​បញ្ហា​EBA​ការ​ឃុំ​ខ្លួន​លោក​កឹម សុខា​បញ្ហា​អន្តោ​ប្រវេសន៍​ចិន​ដែល​កំពុង​អុកឡុក​ពេញ​ប្រទេស ​បញ្ហា​ដាច់​ភ្លើង​ បញ្ហា​បរិស្ថាន​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​និង​បញ្ហា​ជាច្រើន​ទៀត៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.