លោក​សម រង្ស៊ី​យក​បញ្ហា​បំណុល​របស់​ពលរដ្ឋ​កម្ពុជា​ដើម្បី​ទាក់ទាញ​ឱ្យ​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​នឹង​របប​លោក​ហ៊ុន សែន​

អតីត​ប្រធាន​គណបក្ស​សង្រ្កោះ​ជាតិ​លោក​សម រង្ស៊ី​នៅថ្ងៃ​អង្គារ​នេះ​បាន​អំពាវ​នាវ​ជា​ថ្មីទៀត​ឲ្យ​ពលរដ្ឋ​បះបោរ​ ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ។ ​លោក​ព្រមាន​ថា​ លើក​នេះ​លោក​ពិត​ជាអាច​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​បាន​ហើយ​អាច​ដោះស្រាយ​បញ្ហា​បំណុល​ជូន​ពលរដ្ឋ​ខ្មែរ​តែ​ម្តង។​

ក្នុង​ពិធី​ជួបជុំ​សមាជិក​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​សហ​រដ្ឋ​អាមេរិក​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​អះអាង​ថា ​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដ៏​ធំ​មួយ​គឺ​វិបត្តិ​ជំពាក់​បំណុល​ធនាគារ​ឬ​ គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ។ ​លោក​បន្ត​ថា ​របប​លោក​ហ៊ុន សែន មិនត្រឹម​តែ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ជាតិ ​និង​ប្លន់​ដីស្រែ​របស់​កសិករ​ប៉ុណ្ណោះ ​​ ប៉ុន្តែ​របប​នេះ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​តម្លៃ​កសិផល​ឡើយ​ ហើយ​ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម​ ធ្វើ​ឱ្យ​តម្លៃ​កសិផល​របស់​ខ្មែរ​ចុះថោក​ថែម​ទៀត។​

ប៉ុន្តែ​លោក​ហ៊ុន សែន​កន្លង​មក​ធ្លាប់​លើក​ឡើង​ថា​ ការ​ខ្ចីលុយ​ពី​ធនាគារ​មក​ពង្រីក​ដើម​ទុន​​គឺ​ជា​រឿង​ធម្មតា​ ហើយ​ការ​ឃោសនា​របស់​ក្រុម​បក្ស​ប្រឆាំង​បែប​នេះគឺ​ជា​ការ​ឃោសនា​អគតិ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.