Opinion

លោក​សុខ ទូច​វិភាគ​ថា ​លោក​សម រង្ស៊ី​មិន​ហ៊ាន​វិល​ចូល​ស្រុក​វិញ​ទេ​

ប្រធាន​រាជ​បណ្ឌិត្យ​សភា​លោក​សុខ ទូច​អះអាង​ថា ​លោក​សម រង្ស៊ី​នឹង​មិន​ហ៊ាន​វិល​ចូល​ស្រុក​ខ្មែរ​វិញ​ដូច​ការ​សន្យា​នោះ​ទេ។​

លោក​សុខ ទូច​បាន​សរសេរ​អំពី​ការ​វិភាគ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​លើក​ឡើង​អំពី​អំណះ​អំណាង​ប្រាំ​ណុច​សំខាន់ៗ​ថា ​ទី​១​ លោក​សម រង្ស៊ី​ធ្លាប់​សន្យា​ថា​ នឹង​វិល​មក​កម្ពុជា​វិញ​ជា​ច្រើន​លើក​មក​ហើយ​ តែ​ធាតុ​ពិត​គាត់​បាន​ត្រឹម​សន្យា​ខ្យល់​ដើម្បី​ប្រជាភិថុត​មហា​ជន​ប៉ុណ្ណោះ។​  លោក​បន្ត​ថា​ លោក​សមរង្ស៊ី​បាន​សន្យា​ជា​ច្រើន​លើក​រួច​មក​ហើយ​ថា​ នឹង​មក​កម្ពុជា​  ជាក់​ស្តែង​ដូច​កាលពី​នៅ​ថ្ងៃ​១៦​វិច្ឆិកា​២០១៥​ថ្ងៃ​ទី​១៩​តុលា​២០១៦​ ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ឆ្នាំ ​២០១៧​និង​ថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៩។​

ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​រូប​នេះ​អះអាង​ថា ​កាលពី​រចនា​សម្ព័ន្ធ ​CNRP​ នៅ​មាន​លោក​សមរង្ស៊ី​បាន​លាលែង​ ហើយ​ដេក​រង់​ចាំ​មើល​សកម្ម​ភាព​ រាជ​រដ្ឋាភិបាល​កម្ពុជា។ ​ជាង​នេះទៅ​ទៀត​ ភរិយា​របស់​លោក​សម រង្ស៊ី​អាច​នឹង​មិន​ផ្តល់​ឱកាស​ឱ្យ​លោក​វិល​មក​កម្ពុជា​នោះ​ទេ​ព្រោះ​អ្នក​លេង​នយោបាយ​នៅ​ពីខាង​ក្រោយ​ឆាក​គឺ​ភរិយា​ មិន​មែន​លោក​សម រង្ស៊ី​ឡើយ។ ​លោក​សុខ ទូច​បន្ត​ថា​លោក​សម រង្ស៊ី​អាច​ធ្វើ​ព្យុះ​ធ្វើភ្លៀង​បាន​ពេល​ខ្លួន​នៅ​ក្រៅ​ស្រុក​តែ​ពេល​ខ្លួន​ចូល​ស្រុក​ខ្លួន​បាន​លើក​ជើង​ពាន​ជូន​អំណាច​ដល់​លោក​ហ៊ុន សែន​ទៅ​វិញ​ ដូចជា​ ករណី​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ពី​២/៣​មក​៥០+ ១​ ​វិសោធន​កម្ម​ច្បាប់​ក្រោយ​ពេល​បោះ​ឆ្នោត​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​និង​យុទ្ធសាស្រ្ត​ដេក​ផ្ទះឈ្នះ​ឯង​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​រហូត​ទៅ​ដល់​ជាង​៨២%។​

ចំណុច​ក្រោយ​លោក​សុខ ទូច​ចោទ​សួរ​ថា​ តើ​លោក​សម រង្ស៊ី​ថា​ មក​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​និង​មក​ចាប់​លោក​ហ៊ុន សែន​ដោយ​របៀប​ណា?​ បើ​ពេល​ខ្លួន​នៅ​មាន​សមត្ថ​ភាព​និង​លទ្ធភាព​លោក​ធ្វើ​អ្វី​មិន​កើត​ផង​ ចុះ​ទម្រាំ​ពេល​នេះ​ ខ្លួន​ជា​ទណ្ឌិត​ ហើយ​ជាប់​បណ្តឹង​ជា​ច្រើន​ករណី​ផ្សេង​ទៀត​នោះ?​  លោក​សុខ ទូច​យល់​ថា​ អ្វី​ដែល​លោក​សម រង្ស៊ី​បំផុស​ចលនា​វិល​ចូល​ស្រុក​នេះ​ គ្រាន់​តែ​ជា​សារ​មួយ​ប្រាប់​ទៅ​មហា​ជន​ថា ​សម រង្ស៊ី​មិន​ដេក​លក់​ទេ​ ហើយ​ខ្លួន​អាច​ធ្វើ​អាជីវ​កម្ម​ក្នុង​ការ​ប្រមូល​ថវិកា​ពី​ការ​វិល​ចូល​ស្រុក​នេះ​ទៀត​ផង។​

ប្រតិកម្ម​របស់​លោក​សុខ ទូច​នៅ​ពេល​នេះ ​​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​សម រង្ស៊ី​បន្ត​ប្រកាស​ថា ​លោក​នឹង​វិល​ចូល​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ថ្ងៃ​ខែ​ពិត​ប្រាកដ​នោះ​ឡើយ។ ​លោក​សម រង្ស៊ី​តែង​អំពាវ​នាវ​ដល់​កង​កម្លាំង​​ប្រអាវុធ​កុំ​ស្តាប់​តាម​បញ្ជា​លោក​ហ៊ុន សែន​និង​ឈរ​នៅ​ខាង​ប្រជា​ពលរដ្ឋ​ដើម្បី​ផ្តួល​រំលំ​របប​នេះ។​

អតីត​មេ​បក្ស​ឆាំង​រូប​នេះ​ បាន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅចូល​រួម​ទៅ​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​ជាមួយ​លោក​ដោយ​ទទូច​ហៅ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ថា​«យើង​ទៅ​ស្រុក​យើង​វិញ​ ទៅ​ផ្ទះ​យើង​វិញ​ ទៅ​ដណ្តើម​យក​ប្រទេស​យើង​មក​វិញ​ ពី​ជន​ក្បត់​ជាតិ​ហ៊ុន សែន»៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.