លោក​ហ៊ុន ម៉ាណែត៖​ ព្រំដែន​ជារឿង​ដែល​ត្រូវ​ទទួល​ខុស​​ត្រូវ​ទាំងអស់​គ្នា​

លោក​ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ដែល​ជាកូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន ​បញ្ជាក់​ថា​ បញ្ហា​ព្រំដែន​ គឺជា​រឿង​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងអស់​គ្នា។ ​

លោក​លោក​ហ៊ុន ម៉ាណែត​ថា​ការ​ការពារ​ទឹកដី​ត្រូវ​ធ្វើ​ឡើង​តាម​គ្រប់​រូបភាព​ មិនមែន​ទាល់​តែ​ប្រយុទ្ធ​គ្នា​ដូច​ករណី​ព្រះ​វិហារ​ទើប​ថា​ ការពារ​ព្រំដែន​នោះ​ទេ។​

ការ​អះអាង​របស់​លោក​ហ៊ុន ម៉ាណែត​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៨​និង​ផ្សព្វផ្សាយ​ផែនការ​សកម្ម​ភាព​ការងារ​ យោធា​សន្តិសុខ​ឆ្នាំ​២០១៩​ នៅទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥ ​ខេត្ត​បាត់ដំបង​កាលពី​ម្សិលមិញ។​

សារ​ព័ត៌មាន​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​បាន​ដក​ស្រង់​សម្តី​​លោក​ហ៊ុន ម៉ាណែត​ចុះ​ផ្សាយ​ថា​  ការ​ប្រែ​ក្លាយ​ព្រំដែន​ពី​តំបន់​សមរភូមិ​ទៅ​ជា​តំបន់​មិត្តភាព ​និង​សេដ្ឋ​កិច្ច​ត្រូវ​ធ្វើ​ឡើង​តាម​ទិស​ដៅ​របស់​រដ្ឋាភិបាល​ ដែល​មិន​ធ្វើ​អ្វី​ចាញ់​ប្រៀប​គេ​នោះ​ទេ​ ព្រោះ​រឿង​ព្រំដែន​នេះ​គឺ​ជា​រឿង​យូរ​អង្វែង។

ប៉ុន្តែ​កន្លង​មក​អ្នក​ដែល​ឈឺ​ឆ្អាល​រឿង​ព្រំដែន​តែង​ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង​ វាយ​ដំ ​ប្តឹង​តាម​ផ្លូវ​តុលាការ​ និង​ចាប់​ដាក់​គុក​ជាដើម​ ដូច​ជា​ករណី​អតីត​មេដឹក​នាំ​បក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​ ដែល​ត្រូវ​បាន​ រដ្ឋាភិបាល​ប្តឹង​ករណី​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​លើដី​ស្រែ​របស់​អ្នក​ស្រុក​នៅ​ខេត្ត​ស្វាយរៀង ​កាល​ពី​ឆ្នាំ​២០០៨​ ហើយ​តុលាការ​បាន​ផ្តន្ទា​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។​

លោកអ៊ុំ សំអាន​ អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦​នៅ​ក្នុង​ខេត្ត​សៀមរាប​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រឿង​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។​

ជាង​នេះ​ទៅ​ទៀត​ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម​ តែងតែ​បាន​លើក​អំពី​បញ្ហា​រំលោភ​បំពាន​ពី​សំណាក់​ជនជាតិ​វៀតណាម​ មក​លើ​ដី​ស្រែ ​ចម្ការ​របស់​ខ្លួន​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​តវ៉ា​ ពួក​គេ​តែង​រង​ការ​បង្ក្រាប​ពី​សំណាក់​សមត្ថ​កិច្ច​ទៅ​វិញ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.