លោក​ ហ៊ុន សែន​ប្តេជ្ញា​មិន​ឱ្យ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម​ជាថ្មី​ទៀត   ខណៈ​មេបក្ស​ប្រឆាំង​ប្រាប់​ឱ្យ​ពលរដ្ឋ​ងើបប្រឆាំង​របប​នេះ

មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ ​លោក​ហ៊ុន សែន ​បាន​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​ទៀត​ មិន​អនុញ្ញាត​ឲ្យ​មាន​សង្គ្រាម​កើត​ឡើង​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​នោះ​ឡើយ ​ហើយ​ធានា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​ ឱ្យ​ខាង​តែ​បាន។

ការ​ប្តេជ្ញា​ចិត្ត​របស់​មេ​ដឹកនាំ​ក្រាញ​អំណាច​លោក​ហ៊ុន សែន​ ពេល​នេះ​ធ្វើ​ឡើង​ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់​នៅ​ថ្ងៃនេះ។​

លោក​ហ៊ុន សែន​បញ្ជាក់​ថា​ ទម្រាំ​មាន​ឱកាស​អភិវឌ្ឍ​រហូត​មាន​កំណើន​សេដ្ឋ​កិច្ច​រឹង​មាំល្អ ​និង​មាន​សន្តិសុខ​សង្គម​ល្អ ​ព្រម​ទាំង​មាន​ការ​ទាក់​ទាញ​វិនិយោគិន​ និង​ទេសចរ​បរទេស​កាន់តែ​ច្រើន ​ដូច​ពេល​បច្ចុប្បន្ន​គឺ​លោក​បាន​ខិតខំ​ប្រឹងប្រែង​និង​ធ្វើ​ពលីកម្ម​ខ្លាំង​ណាស់។​

ដូច្នេះ​លោក​អះអាង​ជា​ថ្មី​ទៀត​ថា ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គឺ​ដាច់ខាត​មិន​ឲ្យ​កម្ពុជា​វិល​ទៅរក​សង្រ្គាម​វិនាស​កម្ម​សារ​ជាថ្មី​ទៀត​ឡើយ​ ទោះបី​ក្នុង​រូប​ភាព​ណា​ក៏​ដោយ។​

ការ​ប្តេជ្ញា​ជាថ្មី​ទៀត​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​ក្រោយ​ពេល​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​បាន​អំពាវនាវ​ពីក្រៅ​ប្រទេស​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស ​ក្រោក​ឡើង​ប្រឆាំង​នឹង​របប​ក្រុង​ភ្នំពេញ។

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ​ ឆ្នាំ​២០១៩​នេះ​ជា​ឱកាស​ល្អ​ក្នុង​ការ​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​ហើយ​លោក​ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ទាក់ទាញ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឱ្យ​ប្រឆាំង​នឹង​លោក​ហ៊ុន សែន​ឬ​ត្រូវ​ដក​ខ្លួន​ពី​ក្រុម​លោក​ហ៊ុន សែន។ ​លោក​អះអាង​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​ភាគ​ច្រើន​ពិសេស​កូន​ទាហាន ​ឬ​មន្ត្រី​តូច​តាច​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន​ឡើយ​ហើយ​ថា​ អ្នក​ដែល​សប្បាយ​ចិត្ត​នឹង​របប​នេះ ​ជា​ក្រុម​មន្ត្រី​ឧត្តម​សេនីយ៍​ធំៗ​ មួយ​ចំនួន​ដែល​ទទួល​បាន​លាភ​សក្ការៈ​ពី​អំពើ​ពុក​រលួយ​ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​និង​ការ​រក​ស៊ី​ខុស​ច្បាប់​របស់​ខ្លួន​ប៉ុណ្ណោះ។​

អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​គំរាម​ថា​  លោក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​មិនមែន​ដើម្បី​ឱ្យ​របប​លោក​ហ៊ុន សែន​ចាប់​ខ្លួន​លោក​នោះ​ទេ​ ​ប៉ុន្តែ​លោក​នឹង​ដឹកនាំ​កម្លាំង​ចាប់​លោក​ហ៊ុន សែន​តែ​ម្តង។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​  អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន​ធ្លាប់​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា​  ការ​អះអាង​របស់​លោក​សមរង្ស៊ី​គួរ​ឲ្យ​អស់​សំណើច​ជា​ខ្លាំង​និង​ជា​សម្តី​មួយ​ដូច​ការ​គោះធុង​ឲ្យ​ឮ​តែ​សំឡេង​ប៉ុណ្ណោះ។​

លោក​បន្ត​ថា​ ប្រសិន​បើ​លោក​សមរង្ស៊ី​ ដឹង​ច្បាស់​ថា​ មាន​ក្រុម​កង​ទ័ព​គាំទ្រ​លោក​យ៉ាង​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​លោក​សមរង្ស៊ី​គួរតែ​មាន​ភាព​ក្លាហាន​ចូល​ស្រុក​ឲ្យ​បាន​ឆាប់​បន្តិច​ទៅ។​

កាលពី​ចុង​ខែ​មករា​ក្រុម​កងទ័ព​ស្ម័គ្រ​ស្លាប់​របស់​លោក​ហ៊ុន សែន​ជាច្រើន​ក្រុម​បាន​ប្រកាស​ដាច់​ណាត់​ទៅ​ហើយ​ថា​ នឹង​កម្ចេច​លោក​សម រង្ស៊ី​ព្រម​ទាំង​អ្នក​គាំទ្រ​របស់​លោក​ប្រសិន​បើ​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​ហ៊ាន​ចូល​ស្រុក​ខ្មែរ​វិញ​មែន​នោះ។ ​លោក​ហ៊ុន សែន​បាន​គំរាម​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​សម រង្ស៊ី​ហ៊ាន​ចូល​ស្រុក​ពេល​ណា​ជាប់​គុក​ពេល​នោះ ​ហើយ​វៃ​ខ្នោះ​តាម​ស្ទាយ​ (style) អាមេរិកាំង ថែម ទៀត៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.