Opinion

សកម្មជន​បរិស្ថាន​ទាមទារ​ឱ្យ​លោក​ជា សុផារ៉ា​លាងលែង​ពីតំណែង​ជា​ប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​តំបន់​ឆ្នេរ

សកម្ម​ជន​បរិស្ថាន​ទាមទារ​ឱ្យ​លោក​ជា សុផារ៉ា​លាង​លែង​ពី​តំណែង​ប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​តំបន់​ឆ្នេរ ​ព្រោះ​មន្រ្តី​ជាន់ខ្ពស់​រូប​នេះ ​គ្មាន​សមត្ថ​កិច្ច​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហនុ។​

សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​លោក​ថុន រដ្ឋា​បាន​លើក​ឡើង​ក្នុង​ វីដេអូ​រយៈ​ពេល​ជិត​២​នាទី​ដែល​បង្ហាញ​ថា ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​នៅតែ​បន្ត​កើត​មាន​ដដែល។​

លោក​បន្តថា​ ក្រុម​របស់​លោក​បាន​ផ្ដិត​រូបភាព​ទីតាំង​មួយ​ចំនួន​ដូចជា​ ឆ្នេរ​អូរឈើ​ទាល​ ឆ្នេរ​ឯករាជ្យ​ ឆ្នេរ​លំហែ​កាយ ​និង​ឆ្នេរ​កោះរ៉ុង​ជាដើម​ នៅតែ​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ច្រើន​ជាង​ពេល​មុនៗ​ទៀត។​ សកម្ម​ជន​មាតា​ធម្មជាតិ​អះអាង​ថា ​ស្រប​ពេលដែ​ល​ទឹក​ស្អុយ​ នៅ​តែ​បន្ត​ហូរ​ចូល​សមុទ្រ​បែប​នេះ​ គេមិន​ដែល​ឃើញ​មាន​អន្តរាគមន៍​ណា​មួយ​ពី​លោក​ជា សុផារ៉ា​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ម្តង​ណា​នោះ​ឡើយ។​

យុវជន​ដដែល​ចោទ​សួរ​ទៅ​លោក​ជា សុផារ៉ា​ថា​ តើ​ពេល​លោក​សម្រេច​ចិត្ត​ពិចារណា​លាឈប់​ពី​តំណែង​ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​មន្ត្រី​ថ្មី​ដែល​មាន​សមត្ថ​ភាព​អាច​ជួយ​សង្គ្រោះ​សមុទ្រ​ ឬ​ឆ្នេរ​សមុទ្រ​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ?​

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ​ ​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​​នគរូបនីយ​កម្ម​ និង​សំណង់​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​កម្ពុជា​លោក​ជា សុផារ៉ា​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ វីអូឌី​ថា​ លោក​មិន​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.