សកម្ម​ជន​បរិស្ថាន​រក​ឃើញ​ថា​ សណ្ឋាគារ​និង​កាស៊ីណូ​ចិន​ធំមួយ​នៅ​ខេត្ត​ព្រះ​សីហនុ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​

សកម្ម​ជន​បរិស្ថាន​បាន​រក​ឃើញ​ថា​ សណ្ឋាគារ​និង​កាស៊ីណូ​ចិន​មួយ​ឈ្មោះ​SUNSHINE BAY​ ដែល​ជា​សណ្ឋាគារ​ដ៏​ធំមួយ​នៅ​ចំណុច​ឆ្នេរ​ឯករាជ្យ​បាន​បង្ហូរ​ទឹក​លូ​ស្អុយ​ទៅ​ក្នុង​សមុទ្រ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​និង​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តំបន់​នោះ​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ។​

វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិ​ប្រវែង​ជាង ​២​នាទី ​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា​  សកម្ម​ជន​បរិស្ថាន​ឈ្មោះ ​ម៉េង ហេង​បាន​លើក​ឡើង​ពី​សកម្ម​ភាព​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​សណ្ឋាគារ​ និង​កាស៊ីណូ​ចិន​មួយ​ឈ្មោះ​SUNSHINE BAY​ដែល​មាន​ទីតាំង​នៅ​ខាង​ចុង​ឆ្នេរ​ឯករាជ្យ​ជា​រៀង​រាល់​ថ្ងៃ ​បង្ក​ឱ្យ​មាន​ក្លិន​ស្អុយ ​និង​ធ្វើ​ឱ្យ​សម្រស់​ឆ្នេរ​តំបន់​នេះ​ប្រែ​ទៅ​ជា​អាក្រក់។​

សកម្ម​ជន​បរិស្ថាន​ដដែល​បាន​លើក​ឡើង​ករណី​ទីតាំង​ល្បែង​ស៊ីសង​មួយ​ឈ្មោះ​ជីងទីង​នៅ​កោះរ៉ុង​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សម្រេច​បញ្ឈប់​សកម្ម​ភាព​ធ្វើ​អាជីវ​កម្ម ​ក្រោយ​រក​ឃើញ​ថា​ កាស៊ីណូ​នេះ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ។​

លោក​បាន​ដាក់​ជា​សំណួរ​ថា​ តើ​រដ្ឋាភិបាល​ហ៊ាន​បញ្ឈប់​អាជីវ​កម្ម​សណ្ឋាគារ​ និង​កាស៊ីណូ​SUNSHINE BAY​​នេះ​ដែរ​ឬ​ទេ ​ប្រសិន​បើ​អាជ្ញាធរ​រក​ឃើញ​ថា​ ក្រុម​ហ៊ុន​នេះ​បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នោះ?​

កាល​ពីថ្ងៃ​ទី​២៦​ខែ​មីនា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម ​និង​សំណង់​លោក​ជា សុផារ៉ា​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ថា​  ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ​លែង​មាន​ទឹក​កខ្វក់​ហូរ​ចូល​ទៀត​ហើយ។​ បន្ថែម​ពី​នេះ ​លោក​ថា​ ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​នេះ​នឹង​ផ្លាស់​ប្តូរ​​ទៅ​ជា​ប្រក្រតី​វិញ។​

ដោយសារ​បញ្ហា​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​នៅ​តែ​កើត​មាន​ឡើង ​ទើប​សកម្ម​ជន​បរិស្ថាន​លោក​ម៉េង ហេង​ដាក់ជា​សំណួរ​ទៅ​កាន់​រដ្ឋ​មន្ត្រី​រូប​នេះ​ ថា​ តើ​មុន​នឹង​លោក​បង្ហោះ​សារ​បែប​នេះ ​លោក​និង​ក្រុម​ការងារ​របស់​ខ្លួន​បាន​សិក្សា​និង​ចុះ​ពិនិត្យ​ដោយ​ហ្មត់​ចត់​ដែរ​ឬ​ទេ?​

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ជន​ជាតិ​អេស្ប៉ាញ​លោក​Alejandro Gonzalez Davidson​មើល​ឃើញ​ថា​ បញ្ហា​ទឹក​កខ្វក់​ចូល​សមុទ្រ​នា​ខេត្ត​ព្រះ​សីហនុ ​បាន​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​បរិស្ថាន​និង​មនុស្ស ​ជាពិសេស​ប៉ះពាល់​កិត្តិយស​ប្រទេស​កម្ពុជា​ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ​និង​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ទុន​ផង​ដែរ។​

កន្លង​មក​ ក្រុម​សកម្ម​ជន​បរិស្ថាន​បាន​រក​ឃើញ​ ទីតាំង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ចំនួន​៥​កន្លែង ​រួមមាន​នៅ​ឆ្នេរ​អូរ​ឈើទាល ​នៅ​ឆ្នេរ​អូរត្រេះ ​ទីតាំង​មួយ​ចំនួន​នៅ​កោះរ៉ុង​សន្លឹម ​កោះរ៉ុង​ និង​ចុង​ក្រោយ​នៅ​ឆ្នេរ​ឯករាជ្យ​ជា​ដើម៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.