សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​អះអាង​ថា ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នឹង​ត្រូវ​ផ្អាក ​ប្រសិន​បើ​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​ GMAC ​ អំពាវនាវ​ជាថ្មី​ទៀត​ ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​និង​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​វាយ​តម្លៃ​ឱ្យ​បាន​ហ្មត់​ចត់​ចំពោះ​នីតិវិធី​ដែល​អាច​នាំឱ្យ​មាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា។ ​

GMAC​បាន​ចោទ​ជាសំ​ណួរ​ថា​  តើ​ដំណើរ​ការ​នីតិវិធី​បែប​នេះ​ វា​សមាមាត្រ​ទៅ​នឹង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិប តេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ឬ​ទេ?​

សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC​ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ឲ្យ​ដឹង​ថា ​ ការ​ផ្អាក​ឬ​ ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​​ពី​កម្ពុជា​នឹង​បង្កើន​ពន្ធ​ចំនួន​ដល់​ទៅ​១២%​ក្នុង​វិស័យ​កាត់​ដេរ​ និង​ពី​៨​ទៅ​១៧%​ សម្រាប់​ផលិត​ផល​ស្បែក​ជើង។​ ក្រុម​នេះ​បារម្ភ​ថា ​ភាព​ប្រកួត​ប្រជែង​នៃ​វិស័យ​ឧស្សាហ​កម្ម​ និង​ស្បែក​ជើង​របស់​កម្ពុជា​នឹង​អាច​ជួប​គ្រោះ​មហន្ត​រាយ​ធ្ងន់ធ្ងរ​ដោយ​មិន​សម​ហេតុផល​ ហើយ​កេរ្តិ៍​ឈ្មោះ​ផ្នែក​ឧស្សាហ​កម្ម​របស់​ប្រទេស​នេះ​និង​រង​ផល​ប៉ះពាល់​ចំណែក​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​នឹង​ត្រូវ​ផ្អាក។​

មិនតែ​ប៉ុណ្ណោះ​ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់​ដែល​បាន​បង្កើត​ឡើង​ដើម្បី​កសាង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​លើ​វិស័យ​កាត់ដេរ​ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​នឹង​អន្តរាយ ​ហើយ​វា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង ​សម្រាប់​កម្មករ​ ជា​ពិសេស​អ្នក​ដែល​មក​ពី​ជនបទ។ ​យោង​តាម ​GMAC​ សហ​គ្រាស​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ គឺជា​ចំណែក​ដ៏​ធំ​បំផុត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប ​ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ជិត​៤​ពាន់​លាន​អឺរ៉ូ​ក្នុង​ចំណោម​ទំនិញ​នាំចូល​សរុប​ចំនួន​៥​ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៧។​

កម្ពុជា​បាន​ទទួល​នូវ​ឋានៈ​អនុ​គ្រោះ​ពន្ធ ​EBA​ ដោយ​អាត្រា​សូន្យ​ភាគ​រយ​លើ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១។​ ចាប់​តាំង​ពី​ពេល​នោះ​មក​កម្ពុជា​បាន​បង្កើន​ការ​នាំចេញ​របស់​ខ្លួន​ទ្វេ​ដង​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដោយ​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​រឹងមាំ​និង​រស់​រវើក​ដែល​បច្ចុប្បន្ន​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៧០​ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​មក​ពី​ជនបទ​ ហើយ​ក្នុង​នោះ​៨០%​ជា​ស្ត្រី។​

ប្រភព​ដដែល​អះអាង​ថា ​បច្ចុប្បន្ន​កម្ពុជា​មាន​មោទន​ភាព​ក្នុង​ការ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ធំជាង​គេ​លំដាប់​ទី​៦ ​របស់​សហភាព​អឺរ៉ុប​ ដែល​ឈរ​នៅពី​ក្រោយ​ប្រទេស​ចិន​ តួកគី ​បង់ក្លាដែស ​ឥណ្ឌា​ និង​ប៉ាគីស្ថាន។ EBA​បាន​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​បាន​បង្កើត​វប្បធម៌​នៃ​ការ​អនុលោម​ភាព ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង​នៅ​កម្ពុជា​ផង​ដែរ។​

ជាមួយ​គ្នា​នេះ​ដែរ​​GMAC ស្នើសុំ​ឱ្យ​គណៈ​កម្មការ​សហគមន៍​អឺរ៉ុប​ សមាជិក​រដ្ឋ​សភា​និង​សភា​អឺរ៉ុប​ឱ្យ​វាយ​តម្លៃ​យ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​ផល​ប៉ះពាល់​សង្គម​និង​សេដ្ឋ​កិច្ច​ទៅលើ​កម្មករ​កម្ពុជា​ដោយ​សារការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA។​ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ក៏​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​នយោបាយ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​សម្រាប់​ភាគី​ទាំងអស់​ក្នុង​អំឡុង​ពេល​នេះ៕ ​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.