ស្ថាទូត​ចិន​សន្យា​ថា ​សមត្ថ​កិច្ច​កម្ពុជា-ចិន​នឹង​រួម​គ្នា​ស្រាវជ្រាង​ករណី​ក្រុម​សង្គម​ងងឹត​ចិន​ព្រមាន​បង្ក​ចលាចល​នៅ​ខេត្ត​ព្រះ​សីហនុ​

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អះអាង​ថា​សមត្ថ​កិច្ច​ចិន​ និង​សហការ​ជាមួយ​សមត្ថ​កិច្ច​កម្ពុជា​ រួម​គ្នា​ស្រាវជ្រាវ​ករណី​ក្រុម​សង្គម​ងងឹត​ចិន​ដែល​ព្រមាន​បង្ក​ចលាចល​នៅ​ខេត្ត​ព្រះ​សីហនុ។​

ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១២​ឧសភា​បាន​ចុះ​ផ្សាយ​ថា​ ​ក្រុម​បុរស​ជនជាតិ​ចិន​ចំនួន​ជាង​១០​នាក់​ដែល​ហៅ​ខ្លួន​ឯង​ជា​ជនជាតិ​ចិន​មក​ពី​ទីក្រុង​ឈុង ជីង​(Chongqing)​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​សង្គម​ងងឹត​ និយាយ​យ៉ាង​ក្អេងក្អាង​ថា​ នឹង​បំពុល​ដល់​សន្តិសុខ​សង្គម​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​នាំ​ឲ្យ​ស្ថានទូត​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។​

ស្ថានទូត​ចិន​អះអាង​ថា ​សមត្ថ​កិច្ច​ប្រទេស​ទាំងពីរ​កំពុង​បើក​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ គ្រប់​ជ្រុង​ជ្រោយ​លើ​បញ្ហា​មួយ​នេះ។ ​ស្ថាទូត​ចិន​ជឿជាក់​ថា​ ការណ៍​ពិត​នឹង​ត្រូវ​បាន​លាត​ត្រដាង​ក្នុង​ពេល​ឆាប់ៗ​នេះ ​ហើយ​បើ​មាន​ការ​វិវត្ត​អ្វី​ថ្មី​ស្ថានទូត​នឹង​ប្រកាស​ជូន​ដំណឹង​បន្ត​ទៀត​ឲ្យ​បាន​ទាន់​ពេល។​

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សារ​ព្រមាន​របស់​ក្រុម​ជនជាតិ​ចិន​ទាំង​នេះ​ ខណៈ​ជន​ជាតិចិន​ផ្សេង​ទៀត​កំពុង​បង្ក​បញ្ហា​ស្ទើរ​រាល់​ថ្ងៃ​នៅ​កម្ពុជា​ ជាពិសេស​នៅ​ខេត្ត​ព្រះ​សីហនុ ​និង​ខេត្ត​បន្ទាយ​មានជ័យ។​

សារ​ព័ត៌មាន​The Cambodia Daily​បាន​ទូរស័ព្ទ​ទៅ​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ លោក​ឆាយ គឹមខឿន​អភិបាល​ខេត្ត​ព្រះ​សីហនុ​លោក​យន្ត មីន​ ដើម្បី​សុំការ​បំភ្លឺ​ដំណើរ​ការ​វិវឌ្ឍ​នៃ​ការ​ស្រាវជ្រាវ​នេះ ​ប៉ុន្តែ​មិន​ទទួល​បាន​ការ​បំភ្លឺ​ទេ។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១៣​ខែ​ឧសភា​ដោយ​ដក​ស្រង់​សម្តី​មន្រ្តី​ស្ថានទូត​ចិន​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​មក​ចុះផ្សាយ​ថា​ សមត្ថ​កិច្ច​ចិន​ ចាប់​បាន​មេ​ខ្លោង​ក្រុម​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​បាន​បង្ហោះ​វីដេអូ​គម្រាម​ដល់​សន្តិសុខ​ខេត្ត​ព្រះ​សីហនុ។​ របាយ​ការណ៍​ចុង​ក្រោយ​របស់​សមត្ថ​កិច្ច​កម្ពុជា​បង្ហាញ​ថា​ ជន​ជាតិចិន​បាន​ទទួល​បាន​ចំណាត់​លេខ​១​ខាង​ការ​ប្រព្រឹត្ត​បទ​ល្មើស​និង​បង្ក​បញ្ហា​នៅ​កម្ពុជា៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.