អតីត​ចៅ​សង្កាត់​អូរចារ​ប្រាប់​តុលាការ​ថា​ការ​សម្តែង​មនោ​សញ្ចេតនា​ គាំទ្រ​លោក​សម រង្ស៊ី​មិន​ខុស​ច្បាប់​ទេ​

អតីត​ចៅ​សង្កាត់​អូរចារ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​កាលពី​ព្រឹកមិញ​នេះ​បាន​ប្រាប់​ព្រះ​រាជអាជ្ញា​ក្នុង​ពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី​៩​ខែ​ឧសភា​នេះ​ថា​ កញ្ញា​បង្ហាញ​មនោ​សញ្ចេតនា​ការ​គាំទ្រ​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​មិន​ខុស​ច្បាប់​ទេ។​

កញ្ញា​អះអាង​ថា ​ទោះ​តុលាការ​ចោទ​ប្រកាន់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​យ៉ាងណា​ក្តី ​ប៉ុន្តែ​ អ្នក​ទាំង​ពីរ​គឺ​ជា​អតីត​ប្រធាន​គណបក្ស​និង​ប្រធាន​របស់​កញ្ញា​ ដូច្នេះ​គ្រាន់​តែ​ការ​បង្ហាញ​មនោ​សញ្ចេតនា​គាំទ្រ​អតីត​ប្រធាន​របស់​ខ្លួន​គ្មាន​អ្វី​ត្រូវ​ខុស​ច្បាប់​នោះ​ទេ។​

កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​ក៏​បាន​ឆ្លើយ​នឹង​សំណួរ​ព្រះ​រាជ​អាជ្ញា​ថា ​កញ្ញា​មិន​បាន​ធ្វើ​ចលនា​ប្រមូល​ផ្តុំ​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​សកម្ម​ជន​គណ​បក្ស​នេះ​ឲ្យ​មក​ផ្តុំ​គ្នា​នៅ​ហាង​នំ​បញ្ចុក​របស់​កញ្ញា​នោះ​ទេ​ ហើយ​ថា​ ​ក្នុង​នាម​ជា​ម្ចាស់​ហាង​នៅ​ពេល​មាន​អតិថិជន​ចូល​ហាង​​គឺ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ទាំង​នោះ​ក្នុង​នាម​ជា​អ្នក​លក់​ និង​អ្នក​ទិញ​នំ​បញ្ចុក​តែ​ប៉ុណ្ណោះ។​

កញ្ញា​ឲ្យ​ដឹង​ទៀត​ថា​  កញ្ញា​ក៏​មិន​បាន​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​សាល​ដីកា​ប្រឆាំង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។​

នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​នេះ​ តុលាការ​ខេត្ត​បាត់ដំបង​ ក៏បាន​សាក​សួរ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់​បន្ថែម​​ក្នុង​នោះ​រួមមាន​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​លោក​ឌឹម សារឿន​ចៅ​សង្កាត់​អូរចារ​ជាប់​ឆ្នោត ​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​ចៅ​សង្កាត់​ទួល​តា​ឯក​ជាប់​ឆ្នោត​លោក​ម៉ក រ៉ា ​ចៅ​សង្កាត់​ព្រែក​ព្រះ​ស្ដេច​លោក​ខាន់​ប៊ុនផេង​ ចៅ​សង្កាត់​ចម្ការ​សំរោង​លោក​ឃួន ចំរើន​និង​ក្រុម​ប្រឹក្សា​ក្រុង​បាត់ដំបង​ជាប់​ឆ្នោត​លោក​យួម ដូង។​

តុលាការ​នេះ​ក៏នឹង​គ្រោង​សាក​សួរ​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់។​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ្សេត​បាន​ សំណូម​ពរ​ដល់​តុលាការ​ទម្លាក់​ចោល​បទ​ប្រកាន់​នានា​លើ​កញ្ញា​ព្រោះ​រំខាន​ការ​រក​ស៊ី​របស់​កញ្ញា​និង​ធ្វើ​ឲ្យ​កញ្ញា​មិន​អាច​រក​ប្រាក់​ដើម្បី​សង​បំណុល​ធនាគារ​បាន៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.