អត្ថន័យ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាម​បែប​សាសនា​អ៊ីស្លាម​ ឬ​ហៅ​ថា ​បុណ្យ​រ៉ម៉ាឌន​

សាសនិក​អ៊ីស្លាម​ឬ​អ៊ីស្លាម​និកជន​ ប្រមាណ​១​ពាន់​៨​រយ​លាន​នាក់​ ក្នុង​ពិភព​លោក​បាន​នាំ​គ្នា​កាន់​តំណម​ហៅ​ថា​ បួស​មិន​ទទួល​ទាន​ទឹក​ ចំណី​អាហារ​ពេល​ថ្ងៃ ​ចាប់​ពី​ព្រលឹម​ស្រាងៗ​មុន​ថ្ងៃ​រះ​រហូត​ ដល់​ថ្ងៃ​លិច​បាត់​ពី​ជើង​មេឃ។ ​គេនាំ​គ្នា​ផ្តើម​បួស​ពេញ​៣០​ថ្ងៃ ​ចាប់ពី​ថ្ងៃច័ន្ទ​ទី​៦ ​ខែ​ ឧសភា​រហូត​ដល់​ថ្ងៃ​ច័ន្ទ​ទី​៣​ខែ​មិថុនា​ គិត​តាម​ប្រក្រតិ​ទិន​គ្រិស្ត​សករាជ។ ​

សូម​បញ្ជាក់​ថា ​ខែ​បួស​ឬ​ឈ្មោះ​ខែ​ រ៉ម៉ាឌន​ តាម​ភាសា​អារ៉ាប់​ជា​ខែ​ទី​៩ ​បើ​គិត​តាម​ប្រក្រតិទិន​អ៊ីស្លាម​សក​រាជ​វិញ​ ដែល​រាប់​ត្រឡប់​ក្រោយ​ផ្ទុយ​ពី​គ្រីស្ត​សករាជ។​

ខែ​ទី​១​ក្នុង​ឆ្នាំថ្មី​ជា​បន្តបន្ទាប់​គឺ​ខែ​មូហារ៉ម​(Muharram)។​ ​អ៊ីស្លាម​សករាជ​ មក​ទល់​ឆ្នាំ​២០១៩​គឺ​បាន​១៤៤០​ឆ្នាំ ​ដោយ​គិត​ពី​គ្រា​ដែល​បរម​គ្រូ ​មូហាំម៉ាត់​(Muhammad)​សម្រេច​ចាក​ចេញ ​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ធ្វើ​ទុក្ខ​ទោស​ទារុណ​កម្ម​លើ​មនុស្ស​មាន​ជំនឿ​ប្រណិប័ត​ធម៌​ព្រះ​អាទិទេព​ អល់ឡោះ​ជា​ម្ចាស់​លើ​គ្រប់​ជីវិត​សត្វ​លោក​ រុក្ខជាតិ​គ្រប់​ឋាន​ភព​ ផែន​​ទាំង​ពួង​ពី​ក្រុង​ម៉ាក់កះ​(Makkah)​ទៅ​កាន់​ទីថ្មី​ឈ្មោះ​ក្រុង​ម៉ាទីណះ​(Madinah)។​

ខែ​រ៉ម៉ាឌន​ជា​ខែ​ដែល​ព្រះ​អាទិទេព​(ព្រះ​អល់ឡោះ)​ជា​ម្ចាស់​ បាន​លាត​ត្រដាង​ព្រះ​គម្ពីរ​អាល់​គួរ៍អាន​(Al-Qur’an)​ម្តង​បន្តិចៗ​ រហូត​អស់​មួយ​ចប់​គម្ពីរ​តាម​រយៈ​ស្តេច​ទេវតា​ឈ្មោះ​ជីប្រៀល​(Jibril)។​

ខែ​រ៉ម៉ាឌន​ព្រះ​អាទិទេព​ជា​ម្ចាស់​បញ្ជា​ឲ្យ​សាសនិក​អ៊ីស្លាម​ តម​ចំណី​អាហារ​ ឬ​បួស​តាំងពី​សម័យ​កាល​មុន​បរម​គ្រូ​មូហាំម៉ាត់​មាន​កំណើត​ម៉្លេះ។ ​បួស​តម​ចំណី​អាហារ​មាន​សាសនិក​ផ្សេងៗ​ប្រណិប័ត​ដូច​ជា​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​គ្រីស្ត​សាសនា​បែប​បុរាណ​(Orthodox Christian Church)​និង​សាសនា​ជូដានិយម​(Judaism)​ជាដើម ​ប៉ុន្តែ​វិធី​បួស​មាន​របៀប​ប្រណិប័ត​ផ្សេងៗ​គ្នា។​

អ៊ីស្លាមិក​ជន​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ​ព្រះ​តាម​ព្រះ​វិហារ​ពេល​យប់​ រៀង​រាល់​យប់​បន្ថែម​ទៅ​នឹង​ការ​ថ្វាយ​បង្គំ​៥​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​សាង​សន្សំ​កុសល​ សុំខមា​ទោស​ពី​ព្រះ​អាទិទេព​ជា​ម្ចាស់​ចំពោះ​អំពើ​ ទង្វើ​របស់​ខ្លួន​ពី​មុនៗ​ទាំង​កាយ​ វាចា​ចិត្ត​ទោះជា​សម្តែង​ចេញ​ឲ្យ​ឃើញ​ក្តី​ លាក់​បាំង​មិន​ឲ្យ​ឃើញ​តាម​បែប​ណា​ក្តី​ឲ្យ​លុប​ជ្រះ​ស្រឡះ​ចេញ។​

គេ​មិន​ត្រឹម​តែ​តម​ការ​ទទួល​ទាន​ប៉ុណ្ណោះ​ទេ​ គេ​តោង​កាន់​ចិត្ត​អំណត់​អត់ធន់​មិន​ ត្រេក​ត្រអាល​ មិន​ស្រេក​ឃ្លាន​ មិន​កញ្ជ្រោល​តាម​កាម​តណ្ហា ​មិន​ខឹង​សម្បារ​ មិន​លេង​សើច​ មិន​និយាយ​ដើម​គេ ​មិន​ស្តាប់​ មិន​មើល​រឿង​អប្រីយ៍។​ ក្នុង​ការ​បួស​នេះ​ សាសនិក​អ៊ីស្លាម​ព្យា យាម​ធ្វើ​ទាន​ឲ្យ​បាន​ច្រើន​ជាទី​បំផុត​ព្រោះគេ​ដឹង​ថា​ ព្រះ​អាទិទេព​នឹង​ផ្តល់​រង្វាន់​ដល់​គេ​ក្នុង​ជាតិ​នេះ​ហៅ​ថា ​ឥធលោក​និង​​ជាតិ​មុខ​ ​ហៅ​ថា​  បរលោក​​មួយ​ជាចិតសិប​(៧០)​ជា​៧០០​ដង។​

គេ​ជឿ​ថា​ បួស​ ជា​រនាំង​ការពារ​អណ្តាត​ភ្លើង​ឋាន​នរក​មិន​ឲ្យ​ឆាប​ឆេះ​រោល​ខ្លួន​គេ​នៅ​ពេល​ស្លាប់។ ​រីឯ​ការ​ធ្វើ​ទាន​គឺ​ជា​ការ​បោសលាង​សម្អាត​បាប​កម្ម​តូច​តាច​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ​ទោះជា​ដោយ​ដឹង​ខ្លួន​ក្តី ​មិន​ដឹង​ខ្លួន​ក្តី។ ​ឋាន​សួគ៌​គឺ​សម្រាប់​មនុស្ស​ស្អាត​ចែស​ ឥត​ប្រឡាក់​បាប!​​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.