អ្នក​ភាគ​នយោបាយ​លោក​គឹម សុខ​អះអាង​ថា​ បក្ស​ប្រជាជន​កម្ពុជា​កំពុង​បែក​បាក់​ផ្ទៃ​ករណី​អឺរ៉ុប​ដក​ABA​

អ្នក​វិភាគ​អះអាង​ថា ​បញ្ហា​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​  ពី​សំណាក់​សហភាព​អឺរ៉ុប​ បាន​ធ្វើ​ឱ្យ​ផ្ទៃ​ក្នុង​របស់​លោក​ហ៊ុន សែន​និង​ផ្ទៃ​ក្នុង​របស់​បក្ស​កាន់​អំណាច​មាន​ការ​រង្គោះ​រង្គើល។​

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ដែល​កំពុង​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ ហ្វាំងឡង់​ (Finland)​លោក​គឹម សុខ​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​មនុស្ស​ដែល​នៅ​ជុំវិញ​លោក​ហ៊ុន សែន​​កំពុង​បាក់​ទឹក​ចិត្ត​ពី​សម្ពាធ​មិន​ធូរ​ស្រាល​របស់​សហគមន៍​អន្តរ​ជាតិ​ ​អង្គការ​សហ​ប្រជាជាតិ​ សហ​ភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ជាដើម។​

លោក​គឹម សុខ​អះអាង​ថា​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​ បាន​ចេញ​ប្រតិកម្ម​ច្របូក​ច្របល់​ ហើយ​ករណី​ខ្លះ​ទៀត​បកស្រាយ​បញ្ច្រាស​គ្នា ​សូម្បី​តែ​មនុស្ស​ម្នាក់​ដែល​លោក​ ហ៊ុន សែន​ទុក​ចិត្ត​បំផុត​ក៏​និយាយ​អំពី​បញ្ហា​EBA ​ ដោយ​គំនិត​ច្របូក​ច្របល់​ដែរ។​

បន្ថែម​ពី​នេះ ​លោក​ ហ៊ុន សែន​ បាន​ព្យាយាម​លួង​អារម្មណ៍​ខ្លួន​ឯង​ និង​បង្វែង​ការណ៍​ពិត។ ​ពេល​ខ្លះ​លោក​ហ៊ុន សែន​អះអាង​ថា​ កម្ពុជា​មាន​ការ​សោក​ស្ដាយ​ដែល​សហភាព​អឺរ៉ុប​ព្រមាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ហើយ​ពេល​ខ្លះ​ទៀត​លោក​ ហ៊ុន សែន​អះអាង​ថា ​មិនមាន​បញ្ហា​អ្វី​ទេ ​ប្រសិន​បើ​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ។​​

លើស​ពី​នេះ ​លោក​ថា ​លោក​ ហ៊ុន សែន​ក៏​បាន​ប្រើ​កូន​ទាំង​ពីរ​របស់​ខ្លួន​ ដើម្បី​ធ្វើ​ការងារ​មួយ​ចំនួន​ និង​ស្ទាប​ស្ទង់​កម្លាំង​ក្នុង​បក្ស​ដែល​មិន​ពេញ​ចិត្ត​ ហើយ​ត្រៀម​បង្ក្រាប​ក្រុម​ទាំង​នោះ ​ព្រម​ទាំង​ប្រើ​វិធី​បន្លំ​មហាជន​ឱ្យ​បំភ្លេច​រឿង​EBA​ និង​បង្ហាញ​ថា​ របប​មួយ​នេះ​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ឡើយ។​

លោក ​គឹម សុខ​ បញ្ជាក់​ថា​ សារ​សម្លេង​ដែល​ផ្ទៃ​ក្នុង​នៃ​របប​លោក​ ហ៊ុន សែន​បញ្ចេញ​មក​ក្រៅ​នោះ​ បញ្ជាក់​ថា​ កូន​ប្រុស​លោក​ហ៊ុន សែន​ទីពីរ​ គឺ​​លោក​ ហ៊ុន ម៉ានិត​ដែល​កាន់​កិច្ចការ​ខាង​ផ្នែក​ចារកម្ម​យោធា​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​កម្លាំង​បញ្ញា​វន្ត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​នឹង​សម្ពាធ​EBA​ពី​អឺរ៉ុប​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​GSP ​ពី​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ប្រភព​ចំណូល​ដ៏​ធំ​និង​ច្រើន​លើស​លប់​សម្រាប់​សង្គម​សេដ្ឋកិច្ច​ និង​វិស័យ​អាទិភាព​នានា​របស់​កម្ពុជា៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.