Opinion

​បក្ស​កាន់​អំណាច​ហៅ​សារ​អំពាវ​នាវ​របស់​គណបក្ស​ប្រឆាំង​ឱ្យ​មាន​ការ​រួបរួម​គ្នា​រក្សា​EBA​គឺ​ជា​ល្បិច​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន​បាន​ សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថ្ងៃ​ទី​១១​ខែ​មិថុនា​នេះ​ថា ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ លោក​សម រង្ស៊ី​បាន​ប្រកាស​ស្នាដៃ​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ឲ្យ​សហគមន៍​អឺរ៉ុប​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។​

ប៉ុន្តែ​​ឥឡូវ​ស្រាប់តែ​មក​ប្រកាស​ឲ្យ​ជួយ​ការពារ​ទៅ​វិញ​ដែល​លោក​ហៅ​ថា​ ល្បិច​បោក​ប្រាស់​សាធារណ​មតិ​ឲ្យ​យល់ ច្រឡំ​ថា​​ ខ្លួន​ខិតខំ​ការពារ​ EBA​ណាស់ ​តែតាម​ការណ៍​ពិត​គឺ​លោក​សម រង្ស៊ី​និង​បក្ខពួក​ជាអ្នក​បំផ្លាញ​EBA​ទៅ​វិញ​ទេ។​

ការ​លើក​ឡើង​របស់​លោក​សុខ ឥសាន​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​នេះ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​៩​ ខែ​មិថុនា​អំពាវនាវ​ទៅ​ពលរដ្ឋ​គ្រប់​និន្នាការ​និង​គ្រប់​គណបក្ស​នយោបាយ​ឱ្យ​រួម​កម្លាំង​គ្នា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​របស់​សហភាព​អឺរ៉ុប​និង​​GSP​របស់​សហ​រដ្ឋ​អាមេរិក។​

គណបក្ស​នេះ​លើក​ឡើង​ទៀត​ថា ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​«ដើម្បី​បញ្ចៀស​នូវ​ការ​ឈឺ​ចាប់​និង​សេចក្តី​ទុក្ខ​លំបាក​របស់​ពល​រដ្ឋខ្មែរ»។​

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន​បាន​ចោទ​ជា​សំណួរ​ថា​ ប្រទេស​វៀតណាម ​ថៃ ​និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​អត់​មាន​EBA ​ម្តេច​បាន​ជា​គេ​រស់​បាន?​

លោក​បន្ត​ថា ​កម្ពុជា​ក៏​ដូច្នេះ​ដែរ​ យូរ​ឬ​ឆាប់​គង់តែ​បាត់​ទៅ​ឯង​ដោយ​សារ​មាន​ការ​រីក​ចម្រើន​ដល់​កម្រិត​ដែល​គេ​ត្រូវ​ផ្តាច់។​

អ្នក​នយោបាយ​លើក​ឡើង​បញ្ហា​EBA​នេះ​ ខណៈ​សហភាព​អឺរ៉ុប​កំពុង​សិក្សា​និង​ស្វែងរក​ការណ៍​ពិត​មុន​នឹង​សម្រេច​ថា​ គួរ​ព្យួរ ​ឬ​បន្ត​ផ្តល់​ EBA​ឲ្យ​កម្ពុជា​ជា​បន្ត​ទៀត ​ខណៈ​សហភាព​អឺរ៉ុប​បាន​ក្រើន​រំឭក​របប​ក្រុង​ភ្នំពេញ​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។​

ចំណែក​ប្រទេស​ក្រុម​អ្នក​បញ្ជា​ទិញ​បាន​ផ្ញើ​លិខិត​រំឭក​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ និង​GSP​ ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.