អ្នក​ដំណើរ​ប្រាំបី​នាក់ រង​របួស ​ដោយសាររថយន្តក្រុង​ក្រឡាប់​

អ្នក​ធ្វើ​ដំណើ​រប្រាំ​បី​នាក់​ បាន​រង​របួស​ពេលរថយន្ត​ក្រុ​ង​មួយ​គ្រឿង ​បាន​​ក្រឡាប់​​នៅ​​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ។ ឧប្បតិ្តហេតុនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ដ៏​ធ្ងន់ធ្ងរ​លើកទី​៣ នៅក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ ដោយ​បាន​​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ ចំពោះការ​គោរព​គោល​ការ​ណ៍​​សុវត្ថិ​ភាព​រប​ស់​បណ្តាក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើេ​រ​​។

លោក​ ខេង ស៊ុំ​ ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី ​មួយ​គ្រឿង​នេះ​ ចេញ​ដំណើរ​ពី​ក្រុងប៉ោយ​ប៉ែត ​មក​កាន់​រាជធានី​ភ្នំពេញ​​ បាន​រេចង្កូត​ធ្លាក់​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៥ នៅ​វេលា​ម៉ោង​៧ៈ២០​នាទី​យប់​​ថ្ងៃ​អង្គារ​ ហើយ​​​បង្កឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​បី​នាក់​ រង​របួសដោយ​ក្នុង​ចំណោម​នោះ មាន​ស្ត្រី​ជនជាតិ​អុីតាលីម្នាក់​ បុរស​ជនជាតិ​បារាំង​ម្នាក់​ បុរស​ជនជាតិ​ប៉ាគី​ស្ថាន​ម្នាក់​ និង​មានខ្មែរ​ប្រាំ​នាក់។

លោក​ ខេង ស៊ុំ​ បាន​មាន​ប្រសាសន៍ថា រថយន្ត​ក្រុង​មួយ​គ្រឿង​នេះ​បាន​ព្យាយាម​ជែង​ទាំង​ ពេលកំពុងភ្លៀង​ធ្លាក់​ខ្លាំង ហើយ​នៅ​ពេល​នោះបាន​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ រួច​ក្រឡាប់​តែ​ម្តង​។ លោក​បាន​ថ្លែង​បន្ថែម​ថា ប្រហែល​២០​នាទី ក្រោយ​មក មាន​រថយន្ត​ Lexus​ មួយ​គ្រឿង​ក៏បាន​ជួប​គ្រោះ​ថ្នាក់នៅ​លើ​ផ្លូវ​នេះ​ដែរ​ ដោយ​ធ្វើ​ឲ្យ​ស្ត្រី​អ្នកធ្វើ​ដំណើរ​បីនាក់​ រង​របួស​បាក់​ជើង​។

លោក​បាន​មាន​ប្រសាសន៍ថា ស្ត្រីជន​ជាតិ​​អីុតាលី អាយុ​៣៤​ឆ្នាំ​ ដែល​គេ​ស្គាល់​ឈ្មោះថា​ អេលី​ហ្សា​បេត ( Elizabeth) កំពុង​សម្រាក​ការ​ព្យា​បាល​នៅ​ក្នុងមន្ទី​រពេទ្យ​ខេត្ត​បាត់​ដំបង​ ចំណែក​ឯ​បុរសជនជាតិ​បារាំង​អាយុ​៦២​ឆ្នាំ​ និង​បុរស​ជនជាតិ​បា៉គីស្ថាន​ អាយុ​៣០​ឆ្នាំ​ ដែល​រង​របួស​ស្រាល​បាន​បន្ត​ដំណើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​។  លោក​ ខេង ស៊ុំ បាន​ថ្លែង​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​នោះ បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ ហើយ​នគរបាល​កំពុង​តែ​ស្វែង​រកចាប់​ខ្លួន​គាត់​។

លោក​ សំ​ វិចិត្រ អ្ន​ក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ហ៊ុន រិទិ្ធ មុនី បាន​និយាយថា “​យើង​សោក​ស្តាយ​ណាស់​ ចំពោះ​​​អ្នក​ធ្វើ​ដំណើេរ​របស់​យើង​ ដែល​រថយន្ត​​របស់​យើង​ជួប​សំណាង​អាក្រក់​ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​បែ​ប​នេះ”។ លោក​បាន​បន្ត​ថា ស្ត្រី​ជនជាតិ​អុីតា​លី​ រូបនេះ​នៅ​សន្លប់​បាត់​ស្មារតី​​ក្នុង​មន្ទី​រពេទ្យ​ខេត្ត​​ នៅ​ឡើយ​​ កាលពី​យប់​មិញ​ ហើយ​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​កម្ពុជា ហៅកាត់​ថា (CAMINCO) បស់​ក្រុម​ហ៊ុន រិទិ្ធ​ មុនី ជាអ្នក​ចេញ​ថ្លៃ​ព្យា​បាល​ឲ្យ​​គាត់​។

ក្រុម​ហ៊ុន​ដឹក​អ្ន​ក​ដំណើរ​ រិទិ្ធ មុនី បានលក់​សំបុត្រ​រថ​យន្ត​ឲ្យ​អ្នក​ដំណើរ​តាម​រយៈ​រថយន​្ត​ក្រុង​របស់​ក្រុម​ហ៊ុន​ ផារ៉ាម៉ោន អង្គរ​ ​ ដែលមាន​គ្រោះ​ថ្នាក់​នៅ​ក្នុង​ខេត្ត​កោះ​កុង​ កាលពី​ថ្ងៃ​ទី​២៨ខែ​កុម្ភៈ​ ដោយ​ធ្វើ​ឲ្យ​ជន​​បរទេស​ពីរ​នាក់​ ស្លាប់​ និង​អ្នក​ធ្វើ់​ដំណើ​រ​៤៥​នាក់ ទៀត​រង​របួស​។

អ្នក​បើក​បរ​នោះ ក៏​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ដែរ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​នគរបាលចាប់ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បើក​បរ​ដោយ​ធ្វេស​ប្រហែស​។ ​កាលពី​ថ្ងៃ​សៅរ៍​ បុរស​ខ្មែរ​ម្នាក​់​បាន​ស្លាប់​ពេលរថយន្ត​ក្រុង​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុ​នដឹក​អ្នក​ដំណើរ​វីរៈ ប៊ុនថាំ អុិចប្រេស្ស ដែល​បាន​ព ្យាយាម​ជែង​គ្នាលើ​ស្ពាន ​​បាន​បុក​ជា​មួយ​​​រថយន្ត​ដឹក​ស៊ី​ម៉ង់ត៍​មួយគ្រឿង​ និង​បាន​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ប្រាំ​ពី​រ​នាក់ ទៀត​​រង​របួស​​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​​នេះ​។

លោក​ សុក នុប ប្រធាន​ផ្នែក​កត់​ត្រា​ទិន្ន​ន័យគ្រោះ​ថ្នាក់​ចរាចរណ៍​ របស់នាយក​ដ្ឋាន​នគរ​បាល​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន​បួន​ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្នុង​ខែ​នេះ​ ដោយ​ក្នុង​នោះ ​ មានទេសចរ​ម្នាក់​ក៏បាន​​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​តូ​ច​តាច​មួយរបស់​ក្រុមហ៊ុន​ សាប៉ាកូ(Sapaco Tuorist)ដែរ​។

លោក​ សុក នុប បានបន្ថែមថា ក្រុម​ហ៊ុន​ដឹក​​អ្នក​ដំណើរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រជុំ​ កាល​ពី​សប្តាហ៍​មុន​​ ដើម្បី​ព្យាយាម​រកដំណោះ​ស្រាយកាត់​បន្ថយ​​គ្រោះ​ថ្នាក់​។ លោក​បាន​មាន​ប្រសាសន៍ថា នគ​របាល​នឹង​រឹត​បន្តឹង​កា​រពិនិត្យសុវត្ថ​ិភាព​នៅ​តាម​​បណ្តាចំណត​រថ​យន្ត​​ក្រុង​ មុន​ពេល​ចេញដំណើរ​។

លោក​បាន​ថ្លែង​បន្ថែម​ថា ​នគរ​បាល​បានត្រួត​ពិនិត្យ​សុវត្ថ​ិភាព​តាមបណ្តា​​ក្រុម​ហ៊ុន​ដឹកអ្នក​ដំណើរ​​ចំនួន​ប្រាំ​កន្លែង​ កាលពី​ម្សិល​មិញ។កាលពីខែ​មុន នគរបាល​ជាតិ​បាន​ផ្តល់​ប័ណ្ណ​សរសើរ​ដល់​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​មេគង្គ​ អុិច​ប្រេស្ស​ ដែល​ជាក្រុម​ហ៊ុន​តែ​មួយ​គត់ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ប្រ​ហែល​៣០​ក្រុម​ហ៊ុន​ ដែល​មិន​មាន​គ្រោះ​ថ្នាក់​ទាល់​តែ​សោះ​នៅ​​ក្នុង​ឆ្នាំ​២០១១៕

ប្រែសម្រួលដោយ​  ឌឿង សាវតា

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.