ក្មេង​ស្រី​ជនជាតិខ្មែរពីរនាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះនៅក្នុងទី​ក្រុង​ប៉ាតាយ៉ា ប្រទេសថៃ

យោងតាមសេចក្តី​រាយការណ៍ព័ត៌​មាន​​ក្នុង​ស្រុករបស់​ថៃ​បាន​ឲ្យដឹងថា ក្មេងស្រីខ្មែរ​ពីរនាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ក្នុង​ប្រទេស​ថៃ កាល​ពីថ្ងៃ​អាទិត្យ បន្ទាប់​ពីពួក​គេទាំងពីរនាក់​ ត្រូវ​បាន​គេលក់​ឲ្យ​ទៅធ្វើ​ការ​​នៅ​រមណីយដ្ឋានមួយ​នៅ​តាមឆ្នេរសមុទ្រ​ក្នុង​ក្រុងប៉ាតាយ៉ា។

យោងតាម​ព័ត៌មាន​ Pattaya Daily និង​ Pattaya People បានរាយការណ៍ថា ក្មេង​ស្រី​ទាំងពីរនាក់​នេះ​មាន​អាយុ​៧ឆ្នាំ​និង​១០ឆ្នាំ តាមចោទថា ត្រូវបាន​ស្ត្រីជន​ជាតិ​វៀត​ណាម​ម្នាក់​នាំយក​ទៅ​លក់ឲ្យ​គេ​ ហើយ​ស្ត្រី​នេះ​បាន​ប្រាប់​ពួកគេថា ពួកគេ​​នឹង​ត្រូវកាត់​ដៃនិង​ជើង​ចោល​ ប្រសិន​បើ​ពួកគេ​មិន​ព្រម​ទៅ​លក់គ្រឿងអលង្ការ កាឡៃនិង​ស្ករគ្រាប់​នៅតាមឆ្នេ​រសមុទ្រ​ទេនោះ។

សេចក្តី​រាយការណ៍ទាំងនេះ​បានឲ្យ​ដឹង​​ថា ស្ត្រី​ជនជាតិ​វៀត​ណាម​រូបនេះ​បាន​ទិញ​ក្មេងស្រី​ទាំងពីរនាក់​នេះ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​បាន​លើក​ឡើង​ទៀត​ថាអាជីវករ​លក់​ដូរ​នៅ​តំបន់​ឆ្នេរ​សមុទ្របាន​ប្រទះឃើញក្មេងស្រី​ទាំង​ពីរនាក់​នេះ​ត្រូវ​ស្ត្រី​រូបនេះវាយដំ និង​បាន​ចាប់​ពួក​គេ​​ប្រគល់​ឲ្យនគរ​បាល​មូលដ្ឋាន ដែល​បាន​យកពួកគេ​ទៅឃុំក្នុង​មណ្ឌលទប់​ស្កាត់​ការ​ជួញដូរមនុស្ស​ក្នុង​ក្រុង​ប៉ាតាយ៉ា។

លោកជីវផល្លីអនុ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​បាន​ទទួលព័ត៌មាន​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេតលើ​រឿង​នេះ។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក បាន​មាន​ប្រសាសន៍ថា បញ្ហាឪពុកម្តាយ​លក់​កូន​ស្រី​របស់​ខ្លួន​គឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ។ លោក​បាន​មាន​ប្រសាសន៍ថា “រឿង​ទាំង​នេះ​កើត​ឡើង​មិន​មែន​តែ​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​ក៏មាន​ដែរ​។[ឪពុកម្តាយ]​បណ្តោយ​ឲ្យកូនៗរបស់​ខ្លួន​លក់​របស់​របរ​ដូចជា​ផ្កា​នៅតាមផ្លូវ។ ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងណាស់​​ មិន​ត្រឹម​តែ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការ​​

ប៉ុណ្ណោះទេ គឺថែមទាំងអាច​រងគ្រោះ​ពី​​ការ​រំលោភបំពានផ្លូវភេទទៀត​ផង៕

ប្រែសម្រួល​ដោយ សោមសារុន

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.