សកម្មជន​​​ជាស្ត្រី​​​សុំ​​​ឲ្យ​​​អាជ្ញាធរ​​​ឈប់ប្រើ​​​អំពើហិង្សា​​​មក​​​លើ​ស្ត្រី​​​ ក្នុងឱកាសទិវានារីអន្តរជាតិ​​​

កាលពី​ថ្ងៃម្សិលមិញ​ សកម្មជនជាស្ត្រី​​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងមន្ត្រី​រដ្ឋាភិបាល​ ​ បានជួបជុំគ្នា​ប្រារព្ធ​ទិវានារី​អន្តរជាតិក្នុង​ទីក្រុង​ភ្នំពេញដើម្បី​បង្ហាញ​អំពីបញ្ហា​ជាច្រើន​ដែល​ស្ត្រី​នៅ​កម្ពុជា​កំពុង​ប្រឈម​។​

ស្រ្តី​ប្រមាណ៣០០​នាក់មកពីសហគមន៍​បុរី​កីឡានិងបឹងកក់ដែល​ធ្វើការ​តវ៉ា​ជាច្រើន​ឆ្នាំមកហើយចំពោះ​ការ​​បណ្តេញចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគាត់​ និង​ជារឿយៗ​តែង​​​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ពីសំណាក់នគរ​បាលក្នុង​ពេល​ធ្វើបាតុកម្ម​នោះបាន​ប្រមូល​ផ្តុំគ្នា​នៅវត្តភ្នំ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បញ្ចាប់​​​​ការប្រើ​អំពើ​ហិង្សា​ទៅលើ​ស្រ្តី។

ខណៈដែល​អ្នកភូមិ​បឹងកក់​ចំនួន​៦៣៨​គ្រួសារ​ចុងក្រោយបាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ កាលពីសប្តាហ៍​មុននោះគេ​នៅ​មើល​​​ឃើញ​​​​​ស្នាមរបួស​ថ្មីៗនៅលើ​ដង​ខ្លួន​ស្ត្រី​មួយ​​​ចំនួនដែលបានទទួល​រងការ​បង្ក្រាប​យ៉ាង​​​ចាស់​ដៃ​ពីសំណាក់​នគរបាល​ ខណៈដែលពួក​គេ​ស្ថិតនៅ​ជួរមុខ​នៃក្រុម​បាតុករ។​

អ្នកស្រីទេពវណ្ណីសកម្មជន​នៅបឹង​កក់​ បានមានប្រសាសន៍ថា“យើងធ្វើការ​តវ៉ានៅ​​​ទិវា​នារី​អន្តរជាតិ​ដើម្បី​ទាមទារ​ឲ្យមាន​ការ​​​បញ្ចប់​ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​។​យើង​មិនអាច​ទទូល​យក​បានទេ​ នូវការ​ប្រើ​អំពើ​ហិង្សា​ពីសំណាក់​អាជ្ញាធរ​មកលើ​ស្រ្តីកាល​ពី​អតីត​កាល”។​

នៅ​ពេល​ថ្មីៗ​នេះនៅក្នុង​ការបង្ក្រាប​ដ៏ហិង្សា​​​​មួយ​ក្នុងខែ​មករា​ អ្នកភូមិបុរី​កីឡា​ចំនួន៣០០គ្រួសារ​បាន​ប៉ះ​ទង្គិចគ្នា​ជាមួយ​នគរបាល​ ដែល​នៅ​ពេលនោះ​បាន​បណ្តាល​​ឲ្យ​មនុស្ស​ចំនួន ​៦៤នាក់​រងរបួសហើយស្រ្តី​និង​កុមារ​ចំនួន​៣០នាក់ ​ត្រូវបាន​ចាប់​បញ្ចូល​ទៅ​​​ក្នុង​រថយន្ត​ដឹក​យក​ទៅ​​បង្ខាំង​ទុក​ជាច្រើនថ្ងៃ​ក្នុង​មជ្ឈម​ណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ ​ក្រុង​​​ភ្នំពេញ។

នៅក្នុងការ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​​​តវ៉ាជាស្ត្រីមួយ​ផ្សេងទៀតកាលពី​ខែមុន​ ស្រ​​​្តីចំនួន​បីនាក់ដែល​ធ្វើបាតុកម្ម​នៅរោងចក្រ​មួយក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសម៉ានហាតាន់ក្នុង​ខេត្ត​ស្វាយរៀង ​តាម​ចោទថាត្រូវបាន​​​អភិបាល​ក្រុង​នេះ​​បាញ់​ឲ្យរង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។

ក្រោយ​ពីការ​បាញ់​ប្រហារនេះបន្តិច​ អ្នកតំណាង​របស់​លោកស្រី​ ម៉ែន​ សំអន​ ឧបនាយក​រដ្ឋ​មន្ត្រី​ និងជាតំណាង​រាស្រ្តមក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ស្វាយរៀងបាន​ទៅសួរ​សុខទុក្ខ​ស្រ្តី​រង​របួស​ទាំងបី​នាក់​នៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​ឧបត្ថម្ភ​លុយ​​មួយចំនួនហើយ​ស្នើឲ្យ​ស្រ្តី​ទាំងបីនាក់​នោះ​មិនឲ្យ​ដាក់ពាក្យ​បណ្តឹង​ប្តឹងបុរស​ដែល​បានបាញ់​ប្រហារពួកគេ​។

កាល​ពី​ម្សិលមិញ ​លោក​ស្រីម៉ែន​ សំអន​ បានធ្វើ​ជា​អធិបតី​នៅទិវា​នារី​អន្តរជាតិជាផ្លូវ​ការ​របស់​​រដ្ឋាភិបាល​នៅ​ទី​ក្រុង​ភ្នំពេញហើយ​​​​បាន​ថ្លែង​កោត​សរសើរ​រដ្ឋាភិបាល​ចំពោះ​ការ​​បង្កើត​ច្បាប់​ការពារ​ស្រ្តី​។

លោក​ស្រី​ ម៉ែនសំអន​ បាន​មាន​ប្រសាសន៍ថា “ព្រះរាជាណា​ចក្រ​កម្ពុជា​តែងតែ​មាន​​​វិធាន​ការការពារស្រ្តី និង​ធានាឲ្យ​មាន​​​យុត្តិធម៌​​​សម្រាប់​ពួកគេជា​ពិសេស​ពាក់ព័ន្ធនឹង​ការ​ប្រើ​​​​អំពើ​ហិង្សា​លីេស្ត្រី”។

លោកផៃ​ ស៊ី​ផាន ​អ្នក​នាំពាក្យ​ទីស្តី​ការ​​គណៈរដ្ឋមន្ត្រី​ បាន​បដិ​សេធ​មិនធ្វើ​អត្ថាធិប្បាយអំពី​ការ​ជាប់ពាក់​ព័ន្ធ​របស់​លោកស្រី​នៅ​ក្នុង​ការ​ផ្តល់​ប្រាក់​សំណង​ដល់​ស្ត្រី​ទាំង​នេះទេ។​ ទោះ​ជាយ៉ាង​ណាលោក​ ផៃ ​ស៊ីផាន​ បាន​មានប្រសាសន៍​ថាអាជ្ញាធរ​មិនគួរ​ប្រើ​​​កម្លាំង​​​បង្ក្រាប​ការ​តវ៉ាទេទោះ​ពួក​គេ​ជា​បុរសឬ​​​ស្រ្តីក៏ដោយ។

លោក​​ ផៃស៊ីផានបានមាន​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា“ពេល​ដែល​​​​ស្រ្តីប៉ះ​ទង្គិច​​​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធឬ​នគរ​បាល នោះនគបាល​មាន​តួនាទី​​​ការពារ​សណ្តាប់​ធ្នាប់​។ច្បាប់​គឺជា​ច្បាប់​ ​មនុស្ស​គ្រប់រូប​​​​ត្រូវ​​​តែ​គោរពច្បាប់”៕

(រាយការណ៍​​​បន្ថែម​​​ដោយ Kate Bartlett)

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.