មន្ត្រីមាន​ការ​យល់​ខុស​គ្នា​ពី​ស្ថាន​ភាព​​បុរស​ជនជាតិ​រុស្ស៊ី​ ដែល​Interpol តាមចាប់​ខ្លួន​

កាល​ពី​ថ្ងៃ​សុក្រ មន្ត្រី​រដ្ឋា​ភិបាលបានបញ្ជាក់​ខុស​​គ្នា​អំពី​ជោគ​វាសនា​របស់​​​លោក​​ ស្តានី​ស្លាវម៉ូឡូ​ឌី​យ៉ាកូវ មិនដឹង​ថាតើ​ ពួក​គេ​មាន​បំណង​​បណ្តេញជន​េនះចេញ​ពីកម្ពុជា​ ​ឬប្រ​គល់​រូប​គេ​ទៅ​​ឲ្យ​នគរ​បាល​អន្តរ​ជាតិ​ (Interpol) នៅ​ប្រទេស​រុស្ស៊ី។ នៅទីនោះ​ ​នគរ​បាល​អន្តរ​ជាតិ​កំពុង​តាម​​ចាប់​ខ្លួន​គាត់​ពី​បទ​ល្មើស​​រំលោភ​កុមារ។

លោកម៉ូឡូឌីយ៉ាកូវដែល​នគរ​បាល​បាន​និយាយ​ថាពួក​គេ​មិន​ដឹង​​ថាឈ្មោះ​នេះ​​ជ្រក​កោន​នៅ​កន្លែង​ណា​នោះ​​ ត្រូវ​បាន​គេ​ឃើញ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​ឈ្មោះ​នេះ​បាន​ដើរ​ទិញផ្លែ​ឈើ និង​បន្លែ​ នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ក្នុង​ខណ្ឌ​ដូន​ពេញរាជ​ធានី​ភ្នំ​ពេញ។

បន្ទាប់​ពីត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​ ក្នុង​ខេត្ត​​ព្រះ​សី​ហនុ កាល​ពី​ខែ​ធ្នូ​ ដែល​​នៅ​ទី​នោះ​ គាត់​បាន​ជាប់​ពន្ធ​នាគារអស់​រយៈ​ពេល​បួន​ឆ្នាំនៃ​ទោស​ប្រាំបីឆ្នាំ​របស់គាត់ ពី​បទ​រំលោភ​កុមារី​កម្ពុជា​១៥​នាក់​នោះ ក្រុម​អង្គការ​​ការ​ពារ​កុមារបាន​ធ្វើ​ញត្តិមួយ​ជូន​រដ្ឋា​ភិបាល​ស្នើឲ្យ​បណ្តេញ​លោក ម៉ូឡូ​ឌីយ៉ា​កូវ ចេញ​ពី​ប្រទេស​កម្ពុជា​។ លោក​ ម៉ូឡូឌីយ៉ាកូវ ដែល​គេ​​ហៅថា អាឡិចសាន់ដឺត្រូហ្វីម៉ូវ​ នោះ ​ត្រូវ​បាន​អាជ្ញាធរ​​តាម​ចាប់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ឆ្នាំ​២០០៤មកពី​បទ​រំលោភ​ក្មេង​ស្រី​ប្រាំ​មួយ​នាក់​ ដែល​មាន​អាយុ​​ប្រាំ​បួន​ និង​១០​ឆ្នាំ​។

មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​បង្ហាញ​ខ្លួន​សាជា​ថ្មី​​​របស់​លោក ម៉ូឡូឌីយ៉ាកូវ ក្នុង​ក្រុងភ្នំ​ពេញលោក​ សុខផល​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិបាន​មាន​ប្រសាសន៍​ថារឿងក្តីបុរស​ជន​ជាតិ​រុស្ស៊ីរូបនេះនិង​ញត្តិស្នើ​សំុ​ឲ្យ​បណ្តេញ​​​​ឈ្មោះ​នេះ​​ចេញ​ពី​ប្រទេស​នោះបច្ចុប្បន្ន​កំពុង​​​​​​​ស្ថិត​ក្នុង​ដៃ​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីហើយ​បាន​បង្វែរ​​សំណួរ​ទៅ​​ទី​នោះ​។

លោក​ឧត្តម​សេនីយ៍​ឯក​ សុខ​ ផលបានមាន​​​​ប្រ​សាសន៍ថា“សូម​សួរ​ទៅ​​​ខុទ្ទកាល័យ​របស់​នាយក​រដ្ឋ​មន្ត្រីទៅ។ខ្ញុំ​បាន​បញ្ជូន​ [ញត្តិ​នោះ]​ទៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រួចហើយ”។​

ក៏ប៉ុន្តែលោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បានថ្លែង​ថាលោក​មិន​ដឹង​ថាញត្តិ​នោះ​ដំណើរ​ការ​ដល់​ណា​ហើយ​ទេ។

ពេល​ត្រូវ​បាន​ទាក់​ទងជា​លើក​ទី​ពីរ​ កាល​ពី​ថ្ងៃ​សុក្រលោកឧត្តម​សេនីយ៍ឯកសុខ​ ផលបាន​មាន​ប្រសាសន៍​ថាញត្តិ​នោះ​នៅ​ឯ​ក្រសួង​​​​មហា​ផ្ទៃ​នៅ​ឡើយហើយ​បាន​បង្វែរ​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទៅ​លោកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រ​សួង​មហា​ផ្ទៃ​ ដែល​មិន​អាច​ទាក់​ទង​សំុ​ធ្វើ​អត្ថា​ធិប្បាយ​បាន។

ដោយ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​​ការ​ដោះ​​​​លែង​លោកម៉ូឡូឌីយ៉ាកូវចេញ​ពី​ពន្ធនាគារមុនកាលកំណត់កាល​ពី​ខែ​ធ្នូនោះអង្គការ​សិទ្ធិ​​​​មនុស្ស​ និង​អង្គការ​ការ​ពារ​កុមារ​ចំនួន​១៤​អង្គការបាន​ចុះ​ហត្ថ​លេខា​លើ​ញត្តិ​នោះស្នើ​​​សំុ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​​បណ្តេញបុរស​ជន​ជាតិ​រុស្ស៊ី​រូបនេះចេញ​ពី​ប្រទេស​។​​

នៅ​ពេល​អ្នក​កាសែត​សួរ​ថាតើ​ហេតុ​អ្វី​បាន​ជា​ការិយាល័យ​នគរ​បាល​អន្តរ​ជាតិ​ ប្រចាំ​កម្ពុជា​ មិន​ចាប់​ខ្លួន​លោក​ ម៉ូឡូឌីយ៉ាកូវដែល​​​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ “ជន​ត្រូវ​ចាប់​ខ្លួន”របស់​នគរបាល​អន្តរជាតិនោះលោកកែវវណ្ណថនប្រធានការិយាល័យ​នគរបាល​អន្តរ​​​ជាតិ​ប្រ​ចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​

ថាលោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ។​  លោក​បាន​ថ្លែង​ថា“សំណុំរឿង​​​នេះ​​​នៅ​​​ក្នុងដៃ​​​ខ្ញុំ​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​អាចនិយាយ​​​បាន​​​ទេ”។ ហើយលោក​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហា​ផ្ទៃ​ និង​អគ្គ​ស្នង​ការ​ដ្ឋាននគរ​​​​​​​បាល​​​ជាតិវិញ។

លោកធារីដាណូដេ(Thierry Darnaudet) ប្រធាន​អង្គការ​សកម្មភាព​ដើម្បី​​កុមារ (NGO Action Pour Les Enfants) ដែល​​ជាអង្គការ​ប្រឆាំង​ជនរួម​ភេទជាមួយ​កុមារ​ បាន​មាន​ប្រសា​​​សន៍ថា​​លោក​ ម៉ូឡូឌីយ៉ាកូវនៅ​តែ​ជា​​​មនុស្ស​មាន​គ្រោះ​ថ្នាក់​សម្រាប់​​កុមារ​។

លោកដាណូដេបាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ប្រទេស​កម្ពុជាធ្វើ​​ [ធ្វើ​បត្យាប័ន] លោកម៉ូឡូឌីយ៉ាកូវទៅ​ក្រៅ​ប្រទេស​​​​​កម្ពុជា​នឹង​ទទួល​បាន​​មុខ​មាត់​ពីសហគមន៍អន្តរជាតិ”។ លោក​បាន​បន្ថែម​ថា“គាត់​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ​កម្ពុជា​”។

បន្ទាប់​ពី​បាន​បដិសេធ​មិន​និយាយ​ជាមួយ​អ្នក​យកព័ត៌មាន​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍លោកម៉ូឡូឌីយ៉ាកូវបាន​បើក​រថយន្ត Lexus ពាក់​ស្លាក​លេខ​ខេត្ត​ព្រះ​សីហនុនិង​មាន​ស្លាក​​​​អនុញ្ញាត​ឲ្យ​ចត​រថយន្ត​ VIP របស់​រដ្ឋា​ភិបាល​ នៅ​លើ​កញ្ចក់​ខាង​ក្នុងរថយន្ត​របស់​គាត់។

អតីតជនរង​គ្រោះម្នាក់ដោយសារ​អំពើ​របស់​លោកម៉ូឡូឌីយ៉ាកូវនៅ​ខេត្ត​ព្រះ​សីហនុបាន​និយាយ​ កាល​ពី​ថ្ងៃ​សុក្រ​ថាបុរស​ជន​ជាតិ​រុស្ស៊ី​រូបនេះ​ បាន​មករក​នាង​ នៅ​កន្លែង​ធ្វើ​ការ​របស់​នាងកាល​ពី​ពីរសប្តាហ៍​មុន៕

        ប្រែ​សម្រួល​ដោយកងសុធា​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.