ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាញ់​​​ប្រហារនៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ នឹង​​​ប្តឹង​​​អតីត​​​អភិបាល​​​ក្រុ​​ង​​​បាវិត​​​

ស្ត្រី​ពី​រនាក់​ ដែល​ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស​​​​អំឡុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​(SEZ) បាន​និយាយ​​​​កាលពី​ម្សិល​មិញ​ថាពួក​គេ​មាន​ផែនការ​ប្ដឹង​លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិត​។

ឈ្មោះ​ នុតសុខនអាយុ​២៣ឆ្នាំនិង​ ប៊ុនចិន្តាអាយុ​២១ឆ្នាំបាន​និយាយ​ថាពួក​គេ​នឹង​ទៅ​​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ថ្ងៃ​នេះ​ ដើម្បី​ធ្វើ​​​​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ បណ្ឌិត​ ដែល​ក្រសួង​មហា​ផ្ទៃ​បាន​កំណត់​អត្ត​សញ្ញាណ​ថាជា​ជន​សង្ស័យតែម្នាក់​គត់​​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ កាលពី​ថ្ងៃ​ទី​២០ខែ​កុម្ភៈនៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់ហាត​តាន់។លោក​ បណ្ឌិតត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​កាលពី​សប្តាហ៍​មុន​ នៅ​ក្នុង​​អ្វ​ី​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ជា​ទង្វើ​​មួយ​មាន​បំណងបើក​ផ្លូវ​​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត​​។

នាងសុខនបាននិយាយ​ថា“ខ្ញុំ​បាន​សម្រេច​​ប្ដឹង​លោក​ បណ្ឌិត អភិបាល​ក្រុង​បាវិត​ ពី​ព្រោះ​គាត់​បាន​​បាញ់​​កម្ម​ករ​ស្លូត​ត្រង់ឲ្យ​រង​របួស​ ហើយ​ខ្ញុំ​ចង់​បាន​យុត្តិ​ធម៌​”។នាង​ ចិន្តាក៏បាន​និយាយ​ដែរ​ថា នាង​នឹង​ប្ដឹង​លោក​ បណ្ឌិត​។ ជ​ន​រង​គ្រោះ​ទី​បី​ ដោយ​សារ​ការ​បាញ់​ប្រហារនេះ​ឈ្មោះ កែវ​ នា អាយុ​១៨​ឆ្នាំ​ បាន​និយាយ​ថា នាង​ និង​គ្រួសារ​របស់​នាង​បាន​​សម្រេច​មិនប្ដឹងទេ​។

នាងបា​ន​និយាយថា “គ្រួសារ​ខ្ញុំ​សម្រេច​​ចិត្ត​មិន​ប្ដឹង​ជន​សង្ស័យរូបនេះ​​ ពី​ព្រោះ​ខ្ញុំ​មាន​របួស​ស្រាល​ ហើយ​ខ្ញុំ​មិន​ចង់​មាន​បញ្ហា​ទៀត​ទេ”។ នាង​បាន​បន្ថែម​ថា នាង​មិន​ត្រូវ​បាន​បំភិត​បំភ័យ​ ឬ​បង្ខំ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​បែបនេះទេ។ នាងកែវ​ នាកន្លង​មក​ធ្លាប់​បាន​និយាយថានាង​បាន​ទទួល​ប្រាក់ចំនួន​៥០០ដុល្លារជាថ្នូរ​នឹង​ការ​សន្យាមិនប្តឹង​ជន​​ដែល​បានបាញ់​នាង​។

លោក​ បណ្ឌិត​ នឹង​ត្រូវ​ចូល​ខ្លួនមក​​តុលាការ​​សម្រាប់​ការសាកសួរ​នៅ​ថ្ងៃ​សុក្រនេះ​។ កាលពី​ថ្ងៃ​សុក្រ​ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើជូន​លោ​ក​ ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក្រុម​ហ៊ុន​សម្លៀក​បំពាក់​អន្តរ​ជាតិមួយចំនួន​​រួម​មាន​ក្រុម​ហ៊ុន​ពូម៉ា (PUMA) ក្រុមហ៊ុន H&M និង​ក្រុម​ហ៊ុន​ American Eagle Outfitters ស្នើ​​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​ការ​បាញ់​ប្រហារ​នេះ​។

​​​នៅ​ឯ​សន្និសីទ​ប្រចាំ​ឆ្នាំ​រប​ស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិល​មិញ លោក​ ចម​ ប្រសិទ្ធបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​លិខិត​នេះ​ទេ។ លោកកែនលូអគ្គ​លេខា​ធិការ​សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​​កម្ពុជា​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​អំពីលិខិត​នេះដែរ​៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី ​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.