ក្រុម​អ្នកភូមិ​បឹងកក់​​ប្រហែល​១០០​នាក់តវ៉ា​សុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​បន្ថែម​នៅ​សាលា​រាជ​ធានី​ភ្នំ​ពេញ

កាលពី​ម្សិលមិញ​អ្នកភូមិ​បឹងកក់​ប្រមាណ​១០០នាក់​ បានមក​ប្រមូលផ្តុំគ្នា​តវ៉ា នៅមុខ​សាលារាជធានីភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលផ្តល់ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​លំនៅ​ដ្ឋានដល់អ្នក​ភូមិបឹង​កក់​ចំនួន​៥៨​គ្រួសារ​ទៀត ​​ដែល​​ត្រូវបាន​​បណ្តេញ​ចេញ។​

កាល​ពីខែសីហា លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែន​ បានបញ្ជាឲ្យកាត់​ដី​សហគមន៍​នេះ​ទំហំ​​ ១២,៤៤ហិកតា ចេញ​​ពី​គម្រោង​​អចលន​ទ្រព្យ​របស់ក្រុម​ហ៊ុន​លោក ឡៅ ម៉េងឃិនដែលជា​សមាជិកព្រឹទ្ធសភាមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បញ្ជាឲ្យ​អាជ្ញាធរ​ ប្រគល់ប័ណ្ណ​កម្ម​សិទ្វិ​ដីឲ្យប្រជាជន​រស់នៅ​ក្នុង​តំបន់នេះ។

នៅ​ពេល​មន្ត្រី​ ខណ្ឌដូនពេញ​ ប្រគល់​ប័ណ្ណ​កម្មសិទ្ធិកាន់កាប់ដី​ ដល់​អ្នកភូមិ​បឹងកក់ ចំនួន​៦៣៨​គ្រួសារ កាលពី​សប្តាហ៍មុន​ ក្រុម​មន្ត្រី​ទាំងនោះ​ បាននិយាយ​ថា គ្រប់​គ្រួសារ​ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​កាន់កាប់​ដីធ្លី​​ តាម​បទ​បញ្ជា​ របស់​លោក​នាយក​រដ្ឋមន្ត្រី​  ហ៊ុន សែន អាច​រស់​នៅ​ទី​នោះ​បាន។  ប៉ុន្តែ​អ្នក​ភូមិ​បឹង​កក់​ រួមទាំង អ្នក​មានប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់ដីធ្លី​ផង​នោះ និយាយថា អ្នកភូមិ​ចំនួន៥៨គ្រួសារ ​​ត្រូវ​បាន​​​ដក​ចេញ​ដោយ​គ្មាន​ហេតុផល។​

អ្នកស្រី ហេង មុំ  ដែល​នៅក្នុង​ចំណោម​អ្នក​ភូមិ​បឹង​កក់ ដែលទាមទារ​សិទ្ធិ​ កាន់កាប់​ដីធ្លី​ដែរ​នោះ​ បាន​និយាយ​ថា ”យើង​ចង់ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​អ្នកភូមិ​ទាំង​៥៨​​គ្រួសារ​​នេះ ចូល​ទៅ ក្នុង​ដីទំហំ ១២,៤៤​ហិកតា​ដែរ ពីព្រោះ​ក្រុម​គ្រួសារ​ទំាងនេះ​ក៏ជាអ្នក​ភូមិបឹង​កក់ដែរ​។ ពួកគេ​មាន​សិទ្ធិ​​

ស្នើសុំ​​​ប័ណ្ណ​កម្មសិទ្ធិ​ដី​”។

ប្រជាជនទាំង​នេះ​កំពុង​​ស្នើឲ្យ​រដ្ឋាភិបាល​​កំណត់ព្រំ​ដីទំហំ១២,៤៤​ហិកតា​​នេះ ឲ្យ​បានច្បាស់លាស់​ ព្រោះ​អាជ្ញាធរ ​​មិនដែលបាន​កំណត់​ព្រំដីនេះ​ទ េ​ និងស្នើ​សុំឲ្យ​រដ្ឋា​ភិបាល​សាងសង់​ប្រព័ន្ធ​លូ  ដើម្បី​​រំដោះ​ទឹក​ជំនន់​ ដែលធ្លាប់តែ​ជន់លិច​សហគមន៍​នេះចាប់តាំង​ពី ក្រុមហ៊ុន​របស់​លោក ឡៅ ម៉េង​ឃិន គឺក្រុមហ៊ុន ស៊ូកាគូ អីុន​ បានចាប់ផ្តើម​​បូម​​ខ្សាច់​លុប​បឹងកក់​នេះក្នុងឆ្នាំ២០០៨​។

អ្នកស្រី មុំ​ បាននិយាយថា រូបគាត់ និង​អ្នក​តវ៉ា​ប្រមាណ​៩នាក់​ផ្សេងទៀត ​បាន​ជួប​ជា​មួយលោក លី សាវេត ប្រធាន​រដ្ឋបាល​សាលា​​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគាត់បានទាមទារ។

អ្នកស្រី មំុ បានមាន​ប្រសាសន៍ថា  ”លោកលី សាវេត បានទទួល​យក​ញត្តិ​របស់យើងហើយ​លោកបាន​សន្យាថា​​ នឹង​ឆ្លើយ​តបក្នុងរយៈ ពេលមួយសប្តាហ៍ក្រោយ​ពេល​លោក​ជូនដំណឹង​ទៅ​ថ្នាក់​លើ​។ អ្នកស្រី​បានមាន​ប្រសាសន៍បន្តថា  ”ក្នុង​រយៈ​ពេលមួយ​សប្តាហ៍ ប្រសិនបើ​នៅមិន​មាន​ការឆ្លើយ​តប​​ពី​សាលារាជធានី​ទេនោះ យើង​នឹងធ្វើ​ការ​តវ៉ា រហូតទាល់​តែទទួល​បាន​ដំណោះ​ស្រាយ”​។

អ្នកភូមិបឹងកក់ម្នាក់​ទៀត​ ឈ្មោះ ទេពវណ្ណី ដែល​បានទទួលប័ណ្ណកម្ម​​សិទ្ធិ​ កាន់​កាប់​​ដីធ្លី​រួចហើយ តែបាន​មកចូល​រួមជា​មួយ​​អ្នក​តវ៉ា​ក្នុង​កិច្ចពិភាក្សាកាលពី​ម្សិលមិញ​​ដែរ នោះ បាននិយាយ​ថា បន្ទាប់​មក​អ្នកភូមិ បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានទូត​អាមេរិក​ បារាំង​និង​អង់គ្លេស ដើម្បី​ដាក់ញត្តិ​របស់​ខ្លួន​ស្វែងរក​ការ​គាំទ្រ​ពីស្ថាន​ទូតទាំង​នេះ។​

អ្នស្រី​បានបន្តថា ពួកគាត់​មាន​គម្រោង​​ទៅ​កាន់​ស្ថានទូត​ផ្សេងៗ​ទៀត​នៅ​រសៀល​នេះ ប៉ុន្តែ​ពួកគាត់​បាន​ទទួល​ទូរស័ព្ទ​ពីលោកសាវេត អង្វរ​សុំឲ្យពួក​គាត់​ឈប់​តវ៉ា និង​ទុក​ពេលឲ្យ​លោកដោះស្រាយ​សំណើ​របស់ពួក​គាត់ ហើយ​ពួក​គាត់ ​ក៏​បាន​យល់​ព្រមតាម​លោកទៅ៕​

ប្រែ​សម្រួល​ដោយ ស៊ា សុ៊យឈាង

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.