ប្រជា​​​ជន​​​ជិត​​​៦០.០០០នាក់​​​ ត្រូវ​បាន​​​ជម្លៀស​​​ចេញ​​​ពី​​​ទីលំនៅ​​​

យោង​តាម​របាយ​ការណ៍​ដែល​អង្គការ​​សិទ្ធិ​មនុស្ស​អាដហុក​ ចេញ​កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ឆ្នាំ​២០១១ ​មាន​ប្រ​ជា​ជន​ជិត​៦០.000​នាក់​ត្រូវ​បានបណ្តេញ​ចេញ​ទាំងបង្ខំ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួននិងជា​រឿយៗ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រស់​នៅ​កន្លែង​គ្មាន​េហដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់ហើយ​នៅ​ទីនោះ ​ពួកគេគ្មាន​ការងារ​ធ្វើ​ និង​ជំពាក់​បំណុលគេកាន់តែច្រើន។

របាយការណ៍​នេះបាន​ឲ្យ​ដឹង​ថា​​​ ប្រជា​ជន​​សរុបចំនួន​៥៩.៩០៤​នាក់​មក​ពី​សហគមន៍​ចំនួន​១២៧​ត្រូវ​បាន​បណ្តេញចេញ​ពី​លំនៅ​ដ្ឋាន​ទាំង​បង្ខំ​។របាយការណ៍​នេះ​បាន​ឲ្យដឹងទៀត​ថា ​គ្រាន់​តែ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មួយ​ មាន​ប្រជាជន​ចំនួន​៣០.០០៩​នាក់​មក​ពី​សហ​គមន៍​ចំនួន​៨១​ត្រូវ​បាន​​បណ្តេញចេញពី​សហគមន៍របស់​ខ្លួន។

របាយ​ការណ៍​នេះក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថាមាន​សហគមន៍​ចំនួន​៧៣៣​ទៀត​នៅ​តាម​ខេត្ត​ចំនួន​១១​កំពុង​តែ​ប្រឈម​នឹង​ការ​បណ្តេញ​​ចេញ​ពី​ទីលំ​នៅ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​បណ្តេញ​ចេញដោយ​បង្ខំទាំង​នេះ ​អង្គការ​អាដហុក​បាន​តាម​អង្កេតប្រជាជន ​ដែល​ត្រូវ​បានក្រុម​ហ៊ុន​7NG បណ្តេញ​ចេញ​ពី​ខណ្ឌ​ចម្ការ​មន​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​២០០៦។​

ប្រជាជន​ដែល​​កំពុង​រស់​នៅ​ក្នុង​ទី​តាំង​ថ្មី​​នៅ​ជាយ​រាជ​ធានី​ភ្នំ​ពេញទាំង​នោះ​​ត្រូវ​ទិញ​ទឹក​ និងភ្លើងអគ្គិសនី​ក្នុង​តម្លៃ​ខ្ពស់​ពី​ឈ្មួញ​ឯកជន។​ របាយការណ៍​នេះ​ឲ្យ​ដឹង​ថា​ លើស​ពី​នេះ​ទៅ​ទៀតនោះ​ អត្រា​គ្មាន​ការ​ងារ​ធ្វើ​ និង​បំណុល​របស់​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​​​ចេញ​ទាំង​នោះ​បាន​​កើន​ឡើង​​​ជិតទ្វេ​ដង​ចាប់​​​​តាំង​ពី​ការ​បណ្តេញចេញនោះមក។

លោក​ ធនសារាយ​ ប្រធាន​អង្គការ​អាដហុក​​​​បាន​មាន​ប្រសាសន៍​អំឡុង​ពេល​ផ្សព្វ​​​ផ្សាយ​​​​របាយករណ៍នេះ​ថា​ “យើង​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​បញ្ឈប់​ការ​បណ្តេញ​​សហគមន៍​​​​ក្រីក្រ​ចេញ​ទៀត”។

លោក​បាន​មាន​ប្រ​សាសន៍​ថា​ “ប្រសិន​បើ​​​​ពេលនេះ​រដ្ឋាភិបាល​គ្មាន​លទ្ធ​ភាព​អភិវឌ្ឍ​កន្លែង​តាំង​លំនៅ​ថ្មី​ទេរដ្ឋាភិ​បាល​គួរ​តែ​រក្សា​ប្រជា​ជន​ទាំង​នោះ​ឲ្យ​នៅ​ទី​តាំង​ដើម​របស់​ពួក​គេ​ ហើយ​រង់​ចាំ​ខ្លួន​មាន​ថវិកា​គ្រប់​គ្រាន់​​​…​​​ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ប្រសើរ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​នោះ”៕​​

(រាយការបន្ថែមដោយគុចណារ៉េន)

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.