ក្រុមហ៊ុន OCIC កំពុងសិក្សាគម្រោង​​សាងសង់​ផ្លូវ​ក្រោម​ដី​ត្រង់​ចំណុច​ប្រសព្វ​មហាវិថីសហព័ន្ធរុស្ស៊ី

សាលារាជ​ធានីភ្នំពេញបាន​ប្រកាស​នៅ​​​តាម​គេហទំព័រ​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ថាក្រុមហ៊ុន​សាជីវ​កម្ម​វិនិយោគ​ទុន​កម្ពុជា​ក្រៅប្រទេស (OCIC) កំពុងតែ​សិក្សាពី​​​លទ្ធភាព​​​​​សាងសង់​ផ្លូវក្រោមដី​ប្រវែង២៧២ម៉ែត្រ ​នៅពីក្រោមចំណុច​ប្រសព្វ​គ្នា​រវាង​មហា​​​វិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្សក្នុង​រាជធានី​ភ្នំពេញ​។

នៅក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃពុធស្ថាបត្យករមកពីក្រុមហ៊ុន OCIC បានជួប​ពិភាក្សាជាមួយ​​​លោកកែបជុតិមាអភិបាល​សាលា​រាជធានី​ភ្នំពេញហើយបានបង្ហាញលោកនូវគំនូប្លង់​ដំបូងសម្រាប់​សាងសង់​ផ្លូវក្រោមដី​នេះដែល​​​មានទទឹង១៤ម៉ែត្រហើយអាច​ឲ្យរថយន្ត​​កំពស់៣,៥ម៉ែត្រ​បើកបរ​បាន។ផ្លូវក្រោមដី​នេះត្រូវបាន​គេរំពឹងថានឹងកាត់​បន្ថយ​ការ​​​កក​​​ស្ទះ​ចរាចរណ៍ដែល​កំពុងតែ​កើនឡើង​នៅ​​​ត្រង់ចំណុច​ផ្លូវប្រសព្វដែលមាន​ចរាចរណ៍​​​មមាញឹកនេះនៅរាជធានីភ្នំពេញមានរថយន្តប្រហែល ២៣០,០០០ គ្រឿងនិងម៉ូតូប្រហែល៩០០,០០០គ្រឿងហើយប្រសិន​បើគ្មាន​ប្រព័ន្ធដឹកជញ្ជូន​​សាធារណៈ​​នៅ​​​ពេល

​ឆាប់ៗនេះទេចរាចរណ៍នឹង​មានការ​កក​​​ស្ទះ​​កាន់តែខ្លាំង។លោកកែបជុតិមាបាន​លើក​​​ឡើង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃសុក្រ​ថា“វាជាគម្រោងថ្មីមួយនិង​ជា​ដំណោះ​ស្រាយ​​​​មួយ​​​ទៀតសម្រាប់ ​​​​​បញ្ហា​​​ចរា​​​ចរណ៍នៅរាជធានី​ភ្នំពេញ”។ ​លោក​បាន​​​បន្ថែម​​​ទៀត​ថាការសាងសង់ផ្លូវ​​​ក្រោមដី​​​នោះត្រូវ​ចំណាយ​​ប្រាក់ប្រមាណ​ពីរ​លានដុល្លារ។

លោកកែបជុតិមាក៏បានមាន​ប្រសាសន៍​ផង​​​ដែរថាក្រុមហ៊ុន OCIC នៅ​មានការ​ងារ​​​ដែលត្រូវធ្វើច្រើនទៀត​នៅក្នុងដំណាក់​​​កាល​​​សិក្សាដំបូងដូចជាការគូរប្លង់ជម្រើសផ្សេងៗទៀតមុនពេល​ការងារ​សាងសង់​គម្រោង​នេះចាប់​ផ្តើម​។កាល​ពី​បី​ឆ្នាំ​កន្លង​ទៅ​សាលា​រាជធានី​បាន​ត្រួតពិនិត្យ​គម្រោង​សាង​សង់​ផ្លូវ​ក្នុង​រាជធានី​ភ្នំ​ពេញ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ររាចរណ៍​តាម​ដង​ផ្លូវ​ក្នុង​រាជធានី។

កាល​ពី​ខែ​មករា​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​បើក​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មួយ​ដែល​បាន​សាង​សង់​ដោយ​ក្រុមហ៊ុនOCIC​នៅ​ត្រង់​ចំណុច​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ​ និង​មហាវិថី​កម្ពុជា​ក្រោម​ ក្នុង​ខណ្ឌ​ទួល​គោក។ស្ពាន​អាកាស​បន្ទាប់​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ហើយ​ស្ពាន​អាកាស​នោះ​នឹង​ឆ្លង​កាត់​ស្ទឹង​មួយនៅ​ស្ទឹង​មាន​ជ័យ​ដែល​ជា​កន្លែង​មាន​ការកកស្ទះ​ចរាចរណ៍យ៉ាង​ខ្លាំង​ដោយសារ​តែ​ចំនួន​អ្នក​បើកបរយានយន្ត​ចេះ​តែ​​កើ​នឡើងនៅ​ក្នុង​រាជធានីភ្នំពេញ។​ ស្ពាន​នេះ​ក៏​សាង​សង់​ដោយ​ក្រុម​ហ៊ុន​OCIC ដែរ។

លោក​ ទូច​ សំណាង ​ជា​ស្ថាបត្យករ​ និងជា​ប្រធាន​គម្រោង​របស់​ក្រុម​ហ៊ុន​ OCIC បាន​និយាយ​ថា​វិស្វករ​កំពុង​តែ​សិក្សា​​ពី​ផល​ប៉ះ​ពាល់​ដល់ការ​ផ្គត់​ផ្គង់​ទឹកក្នុង​រាជ​ធានី​អំឡុង​ពេល​​សាងសង់​ផ្លូវ​ក្រោម​ដី​ត្រង់ចំណុច​ប្រសព្វរវាងមហាវិថី​សហព័ន្ធរុស្ស៊ី​និង​មហា​​​វិថី​​​ព្រះមុនីវង្ស។លោក​ក៏​បានបញ្ជាក់ផង​ដែរ​ ថា​ការ​សាង​សង់​គម្រោងនេះនឹង​​ត្រូវ​ប្រើ​ពេល​ប្រហែល​ប្រាំ​មួយ​ខែ៕(រាយការណ៍​បន្ថែម​ដោយ​ Abby Seiff)

ប្រែសម្រួល​ដោយ​ ហួង​ កុកទៀននិងស៊ា​ ស៊ុយឈាង

                 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.