សម្ពន្ធ​សហ​ជីពកម្ពុជា​​សំណូមពរ​ឲ្យថៅ​កែ​​​រោង​ចក្រ​បើក​​ប្រាក់​ខែឲ្យ​​កម្ម​ករ​ឲ្យបាន​មុន​ចូលឆ្នាំ​​ខ្មែរ​

សម្ពន្ធ​សហ​ជីព​កម្ពុជា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូនក្រ​សួង​ការ​ងារ ​កាល​ពី​ម្សិល​មិញ​ ដើម្បី​ស្នើ​សុំ​ឲ្យ​ម្ចាស់​រោង​ចក្រ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ​​បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ ​កម្ម​ការិនី​​ឲ្យ​បា​ន​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ។

​ជា​ធម្ម​តា ថៅកែរោងចក្រតែងតែបើក​ប្រាក់​ខែឲ្យកម្ម​​ករ ​កម្ម​ការិនី​​ក្នុងរង្វង់ពីថ្ងៃ​​​ទី​៥ ដល់​ថ្ងៃ​ទី​១០​នៃ​ខែ​នីមួយៗ ​សម្រាប់​ការ​ងារ​ដែល​ខ្លួន​បាន​ធ្វើពេញ​​​​មួយ​ខែមុន។​ប៉ុន្តែសម្ពន្ធ​សហ​ជីព​កម្ពុជា ​កំពុង​តែ​ស្នើ​សុំ​ឲ្យ​​​កម្ម​ករ កម្ម​ការិនី​អាចទទួលបាន​​ប្រាក់​បន្ថែម ​សម្រាប់​រយ:​ពេល​១៣​ថ្ងៃ​ ដែល​ពួកគេ​ធ្វើ​​​​ការ​រហូត​ដល់​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​ជាតិដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៣​ ទី​១៤​​ និង​ទី​១៥​​ខែ​មេសា។​

លោក​ស្រី​ យ៉ាំងសោភ័ណ​ នាយិកា​​សម្ពន្ធ​សហ​ជីព​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​ស្នើ​សុំ​ឲ្យ​និយោជក​ទាំង​អស់​ មេត្តា​បើក​ប្រាក់​ខែឲ្យ​កម្មករ កម្ម​ការិនី ​សម្រាប់​រយ:​ពេល​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៣​ខែ​មេសា​ បន្ថែម​ពី​លើ​ប្រាក់​ខែ​ក្នុង​ខែ​មីនា ​ដើម្បី​ឲ្យ​​​ពួក​គេ​មាន​ប្រាក់​វិល​ទៅ​​លេងស្រុកកំណើត”។

ដោយ​សារ​តែ​រថ​យន្ត​ក្រុង​ រថ​​​យន្ត​តួរីស​និងរថយន្ដ​​តាក់​ស៊ី ​តែងតែ​ឡើង​ថ្លៃ​ អំឡុង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រ​ពៃ​ណី​ជាតិ​​​​​​​​​ លោក​ស្រី​បាន​​មាន​ប្រ​​សាសន៍​ថា “ កម្ម​ករ​ កម្ម​ការិនី​​​​មួយ​ចំនួន​​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​តែសោ​ហ៊ុយ​​​ធ្វើ​ដំណើរ​ទៅ​ស្រុក​ប៉ុណ្ណោះ ​​ហើយ​គ្មាន​ប្រាក់​​ចា​យ​វាយ​សម្រាប់​ពិធី​បុណ្យ​​​​នេះ​ទេ ដោយសារ​​តែ​អ្វីៗ​សុទ្ធ​តែ​ឡើងថ្លៃទាំងអស់​​”។

លោក អ៊ុំ​ មាន​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ​ បាន​មាន​ប្រ​សាសន៍​ថា ក្រសួង​​​​​មិន​អាចតម្រូវ​ឲ្យ​​រោង​ចក្រ​ ​បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ​ កម្ម​ការិនី​មុន​ពេល​បានទេ​​។លោក​បាន​មាន​ប្រ​សាសន៍​ថា “ ​​នៅ​ក្នុងច្បាប់​​ការ​ងារ​មិន​តម្រូវ​ឲ្យ​​និ​យោជក បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ ​កម្ម​ការិនី​ សម្រាប់​ការ​ងារ​ ដែល​ពួក​គេ​ធ្វើ​មិន​​បាន​​​មួយ​​ខែ​នោះ​​ឡើយ។​​ប៉ុន្តែ​ប្រ​សិន​បើ​ពួក​គេ​ចង់ពួកគេ​អាច​ធ្វើ​បាន​”។

លោក វ៉ាន់ ​ ស៊ូអៀង ​ប្រ​ធាន​សមា​គម​រោង​ចក្រ​កាត់​​ដេរ​នៅ​កម្ពុជា ​​ក៏​បាន​មានប្រ​សា​សន៍​ដែរ​ថា ​​​ការបើក​​ប្រាក់​ខែ​មុន​ពេល​​កំណត់ឲ្យ​កម្មករ ​កម្ម​ការិនី​​សម្រាប់​ប្រាក់​​ខែ​​​ក្នុង​ខែ​​មេសា​ អាចធ្វើទៅរួចឬ​ក៏​អត់​នោះវា​ស្ថិត​នៅ​លើ​ការ​​សម្រេច​ចិត្ត​របស់​រោង​ចក្រ​​​នីមួយ​ៗ។លោក​បាន​មាន​ប្រ​សាសន៍​ថា “ រោង​ចក្រ​នីមួយ​ៗ​​​មាន​រំហូរ​សាច់​ប្រាក់​ផ្ទាល់​ខ្លួន។​ប្រ​សិន​​បើ​ពួកគេ​អាច​លៃ​លក​បើក​ប្រាក់​​​ខែ​មុន​ពេល​កំណត់​បាន​​​នោះ គួរធ្វើ​​ទៅ​ចុះ ប៉ុន្តែ​​បើ​គ្មាន​លទ្ធ​ភាព​ទេ ​មិនចាំ​បាច់​ធ្វើ​ទេ ព្រោះគ្មាន​ច្បាប់​​ណា​ចែង​ថា ​ពួកគេ​ត្រូវ​តែ​បើក​ប្រាក់​ខែ​ឲ្យ​មុន​​ពេល​កំណត់​ឡើយ”។

លោកយ៉ិនណាក់ ​ប្រធាន​រដ្ឋ​បាល​នៅ​ក្រុម​ហ៊ុន​​រោង​ចក្រ​កាត់​ដេរ​ អិមអេនវីអន្តរ​ជាតិ ​ បាន​លើក​ឡើង​ថា ​រោង​ចក្រ​របស់​លោក​​នឹង​បើក​ប្រាក់​ខែ​​ឲ្យ​កម្មក​រ ​កម្ម​ការិនី​នៅ​ថ្ងៃទី​១០​ខែ​មេសា ​សម្រាប់​ប្រាក់​​ខែ​ក្នុងខែ​មីនា ប៉ុន្តែ​ការ​បើ​ក​ប្រាក់​ខែ​មុនពេល​កំណត់​ គឺ​មិន​អាច​ទៅ​រួច​ឡើយ។ លោក​បាន​​និយាយ​ថា “ យើង​មិន​អាច​​បើក​ប្រាក់​ខែ​​សម្រាប់​ខែ​​មេសា​ ឲ្យ​មុន​បាន​ទេ ពីព្រោះ​កម្មករ​ កម្ម​ការិនី​មិន​ទាន់​បាន​ធ្វើ​ការ​​ពេញ​មួយខែ​នៅឡើយ​ទេ”៕

​(រាយការណ៍​បន្ថែម​ដោយ Claire Luke) ​​

ប្រែ​សម្រួល​ដោយតែមសុខុម​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.