ធនាគារអេស៊ីលីដា ចង់បោះ​ទុន​វិនិយោគនៅ​ក្នុង​ប្រទេស​ភូមា

នាយក​ប្រ​តិ​បត្តិ​ របស់​ធ​នាគារ​អេស៊ី​លីដា ​​​បាន​​មាន​ប្រ​សាសន៍​ កាល​ពី​ម្សិល​មិញ​ថា ​​ធនា​គារអេស៊ីលីដា ដែល​ជា​ធនាគារ​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​កំពុង​តែគិតចង់​ហក់​ចូល​ក្នុង​ទី​ផ្សារ​សេដ្ឋ​កិច្ច​​ក្នុង​ប្រទេស​ភូមា ដោយ​មាន​ផែន​ការ​បើក​សា​ខា​មីក្រូ​ហិរញ្ញ​វត្ថុ​​បី​កន្លែងក្នុង​ប្រទេស​នេះ​នៅ​​ត្រឹម​ខែ​មករា ឆ្នាំក្រោយ​។

លោក អិុន​ ចាន់​នី ​​​នាយក​ប្រ​តិ​បត្តិ​របស់​ធនាគារ​នេះ​ បាន​មាន​ប្រ​សាស​ន៍​ថា ​​លោក​​បាន​ពិ​ភាក្សា​អំពី​ផែន​ការ​នេះ​ កាល​ពី​ថ្ងៃ​ច័ន្ទ ​ជា​មួយ​គណ:​ប្រ​តិ​ភូ​​មកបំពេញ​ទស្ស​នកិច្ច​មួយ​ក្រុមរបស់​ភូមា ដឹក​នាំដោយ​លោក ណាយអៃ (Nay Aye) ​ទេសា​ភិ​បាល​រង ​នៃ​ធ​នា​គារ​ជាតិ​​​របស់​​ភូមា ដែល​បាន​មក​សិក្សា​​អំពីរបៀបអភិ​វឌ្ឍវិស័យ​ធ​នាគារ​ក្នុង​​ប្រទេស​កម្ពុជា។

ដំណើរ​ទស្ស​នកិច្ច​នេះ​ ​កើត​មាន​ឡើង​បន្ទាប់​ពី​ធ​នាគារ​កណ្តាល​​ នៃ​​ប្រទេស​ភូមា​កាល​ពី​ដើម​ខែ​នេះ​ បាន​សម្រេច​ឲ្យ​មាន​ការ​​​ដូរ​ប្រាក់ គីយ៉ាត (kyat) ​ដែល​ជា​រូបិយ​ប័ណ្ណ​ជាតិ​​របស់​ខ្លួន​យក​ប្រាក់​ដុល្លារ​។ ​ការ​បោះ​ឆ្នោត​បំពេញ​អាសន:​​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​​​ដែរ​ នៅ​ក្នុង​ប្រទេស​នេះ​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ​ដោយ​អំឡុង​ពេល​នោះ លោក​ស្រី អ៊ុង សានស៊ូ ជី ​និង​គណបក្ស​សម្ពន្ធ​ជាតិ​ ដើម្បី​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​របស់​លោក​ស្រី ​បាន​ឈ្នះ​អាសន:​សភា យ៉ាងច្រើនលើសលប់។

​ចាប់​តាំង​ពីលោក​ប្រ​ធានាធិបតី ថេន សេន​បាន​ជាប់​ឆ្នោត​ កាលពី​ឆ្នាំ​មុន​មក ប្រ​ទេស​ភូ​​មា​បាន​និង​កំពុង​ព្យាយាម​​ជា​ខ្លាំង ​ដើម្បី​ទាក់​ទាញ​​វិនិ​យោគិន​​បរទេស។​ធ​​នាគារ​អេស៊ីលីដា គឺ​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​​ដំ​​បូងគេ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​ប្រ​កាស​ពី​​ការ​ចូល​ទៅដាក់ទុន​វិនិ​យោគនៅ​​​​​ក្នុង​​ប្រទេស​នេះ។

លោក អិុន ​ចាន់​នី បាន​​​លើក​ឡើង​ពី​មូល​ហេតុ​ ដែល​នាំឲ្យ​ធនាគារ​អេស៊ីលីដា មាន​បំណង​ចង់​ឈាន​ជើងចូលទៅ​​វិនិយោគ​​​ក្នុង​ប្រទេស​ភូមាថា “ ទី​ផ្សារ​ក្នុងប្រ​ទេសភូមា គឺ​ធំ​ជាង​​នៅ​ទី​នេះ​បួន​ដង​ ហើយ​​ស្ថា​ប័ន​​មី​​ក្រូ​ហិរញ្ញ​វត្ថុ​ មាន​តិច​តួច​ណាស់​​ ហើយភាគ​ច្រើន​ជារបស់​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល”។

ទោះ​ជា​យ៉ាងណា ​លោក​ អិុន ​ចាន់​នី ​បាន​មាន​ប្រ​សាសន៍​ថា ​ប្រទេស​​នេះត្រូវ​អនុ​ម័ត​ច្បាប់​ជា​ច្រើន​​​ទៀត​ មុន​ពេល​វិនិ​យោគិន​បរ​ទេស​ ដែល​មាន​ចំណាប់​អារម្មណ៍​​លើ​វិស័យ​ធ​នាគារ​ពាណិជ្ជ​កម្ម ​​អា​ច​ចាប់​ផ្តើម​​រក​ស៊ី​បាន។

លោក​បាន​មាន​ប្រ​សាសន៍​ថា “ ច្បាប់​នៅក្នុង​ប្រទេស​ភូមានា​ពេល​បច្ចុប្បន្ន​នេះ ​​មិន​ទាន់​​អនុញ្ញាត​ឲ្យ​មាន​ធ​នាគារ​ពាណិជ្ជ​កម្ម​នៅ​ឡើយ​ទេ ប៉ុន្តែបានអនុញ្ញាតឲ្យ មាន​ធនាគារ​មីក្រូហិរញ្ញវត្ថុ”។ ធ​​នាគារ​អេស៊ីលីដា ​​មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​​ប្រ​តិ​បត្តិ​ការ​រក​ស៊ី​​ក្នុង​ប្រទេស​មួយ​ ដែល​កំពុង​តែ​ងើប​យ៉ាង​សន្សឹម​ៗ​ពី​វិបតិ្ត​​អស្ថិ​រភាព​នយោ​បាយដ៏រ៉ាំរ៉ៃ។ កាល​ពី​ឆ្នាំ១៩៩៣​ ​អេស៊ីលីដា ​​បាន​​​​ចាប់​ផ្តើម​​ឲ្យ​ខ្ចី​ឥណ​ទាន​តូច​ៗ ​នៅ​ក្នុង​ប្រទេស​​កម្ពុ​ជា ​ក្នុង​នាម​​ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ មុន​ពេល​ក្លាយ​ខ្លួនជា​ធ​នា​គារ​ពាណិជ្ជកម្ម​​ពេញ​លេញ​មួយ​ក្នុង​ឆ្នាំ​២០០៣។

នៅ​ក្នុង​ប្រទេស​ភូមា ​សា​ខា​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន​បី​​កន្លែង​ របស់​ធ​នាគារ​អេស៊ីលីដា ​​ត្រូវ​បាន​គ្រោង​​បើក​ឲ្យប្រ​តិ​បត្តិ​ការ​នៅក្នុងទី​ក្រុង​​ម៉ានដាឡាយ (Mandalay) និង​ក្រុង​យ៉ាង​ហ្គូន​ និង​តំបន់​អាយ៉ាយ៉ាវ៉ាឌី (Ayayarwady)។

លោក​ អិុន ​ចាន់​នី ​បាន​​មាន​ប្រ​សា​សន៍​ថា ​​ម្ចាស់​ភាគ​ហ៊ុន​របស់​ធ​នាគារ​​នេះ​អាច​នឹង​អនុ​ម័ត​លើ​ផែន​ការ​នេះ នៅ​ក្នុង​​កិច្ច​ប្រ​ជុំ​របស់​ក្រុម​ប្រឹក្សា​នាយក​​​យ៉ាងយឺតបំផុតត្រឹម​ថ្ងៃ​អង្គារ​ ​ដើម្បីត្រួស​ត្រាយ​ផ្លូវ​​សម្រាប់​​​ការ​ដាក់​ពាក្យ​សុំ​​ជាផ្លូវ​ការ​ ទៅ​​ធ​នាគារ​កណ្តាល​របស់​ប្រទេស​ភូមា ហើយ​សា​ខា​ទី​មួយ​នឹងចាប់ បើក​នៅ​​​ខែ​មករា។ លោក​បាន​មាន​​ប្រ​សាសន៍​ថា “ យើង​មិន​ឃើញ​មាន​បញ្ហាអំពី​ធន​ធាន​មនុស្ស​​​​ទេ”។​

លោក អិុន ​ចាន់​នី បាន​​មាន​ប្រ​សាសន៍​ថា ​លោក​រំពឹង​ថា បុគ្គលិក​ជ្រើស​​ចូល​ថ្មី​​​នឹង​ត្រូវ​ចំណាយ​ពេល​​ស្នាក់នៅក្នុង​ប្រទេស​កម្ពុជាបី​ខែ ​​ដើម្បី​​​ទទួលការ បណ្តុះ​បណ្តាល​លើ​ជំនាញផ្សេងៗ​​ ដូច​ជា​ ការ​​សិក្សា​​​ពី​ជីវ​​​ប្រ​វត្តិ​​របស់​អ្នក​ខ្ចី​ប្រាក់​ជាដើម។

និយាយ​ពី​ធ​នាគារ​ពាណិជ្ជ​កម្ម​​វិញ ​អេស៊ី​លីដា និង​ធនាគារ​ផ្សេងៗ​ទៀត ​​នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ប្រ​ទេស​ភូមា​​អនុម័ត​​ច្បាប់​ថ្មី ដើម្បី​​លុបចោល​ការ​រឹត​បន្តឹង​លើ​ការ​​ចូល​ទៅរក​ស៊ី​ របស់​ពួកគេ​​ក្នុង​ប្រទេស​នេះ។

លោក​ស្រី​ ងួន សុខា ​អគ្គ​នាយិកា​​ធ​នាគារ​ជាតិ​ នៃ​កម្ពុជា ​​​បានថ្លែង​​ថា ​គណ:​ប្រ​តិភូ​ភូមា​នេះក៏​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ធនាគារ​​ជាតិ​​ដែរកាល​ពី​ថ្ងៃ​ច័ន្ទ។ លោកស្រីមិនបាន​ជួបផ្ទាល់​ជាមួយក្រុមប្រតិភូនេះទេ ប៉ុន្តែ​បានស្វាគមន៍ ចំពោះចំណាប់អារម្មណ៍ចង់ដឹង ពីបទពិសោធណាមួយពីប្រទេសកម្ពុជា។

នៅ​ឯ​កិច្ច​ប្រ​ជុំ​កំពូល​ពាណិជ្ជ​ក​ម្ម​អាស៊ាន-សហ​ភាព​អឺរ៉ុប​​​ ក្នុង​រាជ​ធានី​​ភ្នំ​ពេញ ​​កាល​ពីសប្តាហ៍​មុន​ លោក វីនស្តុន សេត អ៊ុង (Winston Set Aung) ​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​របស់​ប្រ​ធា​នាធិបតី​ភូមា បាន​មាន​ប្រ​សា​សន៍ថា ច្បាប់​ថ្មី​ស្តីពី​ការ​គ្រប់​គ្រង​ធនាគារ​​កណ្តាល​របស់​ប្រទេស ​​ត្រូវ​បាន​​ព្រាង​រួច​​រាល់​ហើយ៕

ប្រែ​សម្រួល​ដោយ  តែម សុខុម

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.