រូប​ចម្លាក់​នាគ​រាជត្រូវបានស្ថាបនា​ឡើង​ ដើម្បី​អបអរសាទរ​​ឆ្នាំ​ថ្មី ឆ្នាំរោង​ ឆ្នាំ២០១២

ប​ចម្លាក់​នាគ​ធ្វើ​ពី​ដែក ​និង​ប្ញស្សី​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ចំពី​​​មុខរមណីយដ្ឋាន​​វត្ត​ភ្នំ​មុន​ថ្ងៃ​​ចូល​ឆ្នាំ​ខ្មែរ​ដើម្បី​​​អបអរ​សាទរ​ឆ្នាំ​ថ្មី​​​ឆ្នាំ​រោង​ នេះ​បើ​យោង​តាម​សាលារាជធានី​ភ្នំពេញ។

យោង​តាម​សេចក្តី​ជូនដំណឹង​​តាម​គេហ​ទំព័រ​​របស់​សាលា​រាជធានី រូប​ចម្លាក់​នេះ​មាន​បណ្ដោយប្រហែល​​២០​ម៉ែត្រ​និង​​ប្រើ​ពេល​៧៥​ថ្ងៃ​ដើម្បី​​គូរប្លង់​ និង​​ស្ថាបនាដំឡើង​​​។

សេចក្តី​ជូនដំណឹង​​នេះ​មាន​ខ្លឹមសារ​ថា​ “ ការ​តាំង​រូប​​នាគនេះ​គឺចង់បង្ហាញ​ពី​ស្នាដៃ​ពិតៗ​របស់​វិចិត្រករ​ខ្មែរ​​និង​ភាព​បុិនប្រសប​ក្នុង​ការ​គូសវាស​រៀបចំ​តាំងពី​គ្រោងឆ្អឹង ​និង​សម្បក​ខាងក្រៅ​​និង​ការ​តុបតែង​ឲ្យ​មើលទៅ​គួរ​ជាទី​ទាក់ទាញ​ដើម្បី​ស្វាគមន៍​ដល់ភ្ញៀវ​ទេស​ចរជាតិ​និង​អន្តរជាតិ​​ដែល​នឹង​ធ្វើ​ដំណើរ​​កម្សាន្ដ​ក្នុង​រាជធានី​ភ្នំពេញ​”។​

សេចក្តី​ជូនដំណឹង​នេះ​មាន​ខ្លឹមសារ​បន្ត​ថា ​រូប​​នាគ​នេះក៏ត្រូវ​បាន​ស្ថាបនា​ឡើង ​ដើម្បី​អប​អរ​ប្រទេស​កម្ពុជា​ដែល​មាន​កិត្តិយស​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ផងដែរ​។

លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​មាន​ប្រសាសាន៍​ថា “ វា​មាន​សារៈ​សំខាន់​​សម្រាប់​កម្ពុជា​ក្នុង​ការ​​​ប្រារព្ធ​ពីធី​បុណ្យ​ចូល​ឆ្នាំថ្មីនិង​សម្រាប់សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ដែល​បាន​កើតក្នុង​ឆ្នាំ​រោង​”។

យោង​តាម​លោក ធន ធនាក់​គា វិចិត្រ​ករ​កម្ពុជា​អាយុ​​៣១​ឆ្នាំដែល​បាន​គូរប្លង់​ និង​ស្ថាបនា​​រូបនាគ​នេះ​បាន​​ឲ្យ​ដឹង​​ថា សាលា​​រាជធានីបាន​ចំណាយ​ប្រាក់​​ចំនួន​៩.០០០​ដុល្លារ​ដើម្បី​ស្ថាបនា​វាឡើង​។

លោក​បាន​ថ្លែង​ពេល​កំពុង​ដំឡើង​​​ក្បាល​នាគ​​បង្ហើយ​ខណៈ​​ដែល​អ្នក​ដំណើរ​​កំពុង​សម្លឹង​មើល​យ៉ាង​ជក់​ចិត្ត​​​កាល​ពី​ថ្ងៃ​ពុធថា “ នេះជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ស្ថាបនា​​រូប​នាគបែប​នេះ​។ លោកបាន​បន្ថែមទៀត​ថា​ “ សម្រាប់​ឆ្នាំ​២០១២​នេះ​ សាលា​រាជធានី​ភ្នំពេញចង​់​រៀបចំ​ឲ្យ​មាន​លក្ខណៈពិសេស​ខុសប្លែក​ពី​ឆ្នាំ​មុនៗ ​​​​​​​ដើម្បីអប​អរ​សាទរថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ក្រុម​អ្នក​ទេសចរ​បាន​ប្រមូល​ផ្ដុំគា្នជុំវិញ​រូបនាគនេះ​ខណៈ​​ដែល​ក្រុម​ជាង​បង្ហើយ​​ក្បាល​នាគ។

កន្លងមក​ វត្តភ្នំ​គឺជា​កន្លែង​សម្រាប់​ប្រារព្ធ​​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​​​ប្រពៃណីជាតិ​ ហើយ​នៅ​ថ្ងៃ​​នេះ​​ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​​ជា​អធិបតី​ក្នុង​ពិធី​មួយ​នៅ​ទី​នេះ​​ ដោយ​នឹង​មាន​​ការ​ប្រ​គំតន្ត្រី​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗក្នុង​រាត្រី​​នេះផង​ដែរ​។​​លោក​ ធនាក់គា ​បាន​ឲ្យ​ដឹង​ថា​ ​រូបនាគ​​នេះនឹង​បន្ត​តាំងបង្ហាញ​​នៅ​វត្តភ្នំ​យ៉ាង​ហោច​​ណាស់​ក៏​២ខែ​ដែរ​ក្រោយ​ពេល​ឆ្នាំ​ថ្មី​​កន្លង​ផុត​ទៅ​​​៕

            ប្រែ​សម្រួល​ដោយ  ហម សុផាណ្ណា​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.