អ្នក​​តំណាងរបស់​​​ក្រុម​ហ៊ុន Nike ​បាន​ចុះ​ទៅ​ពិនិត្យ​​​នៅ​រោង​ចក្រ​ដែល​មាន​កម្ម​ករ​ដួល​សន្លប់​

មន្ត្រី​ក្រ​សួង​​ការ​ងារ​​បាន​​និយាយ​ថាកាល​ពី​ថ្ងៃ​ទី​​១០​ខែ​មេសា ​​អ្នក​តំណាង​មក​ពី​ក្រុម​ហ៊ុនណៃគី (Nike) ​​ជា​យីហោ​សម្លៀក​បំពាក់​កីឡា​ដ៏​ល្បី​ល្បាញ​​​របស់​សហ​រដ្ឋ​អាមេរិក ​​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​​មើល​ស្ថាន​ភាព​​នៅ​រោង​ចក្រ​ផ្គត់​ផ្គង់​របស់​ខ្លួន​​ក្នុង​​ខេត្ត​កំពង់ស្ពឺ ​​ដើម្បី​ស៊ើប​អង្កេត​​​រក​មូល​ហេតុ​​​​នាំ​ឲ្យ​កម្មករ​កម្ម​ការិនីយ៉ាង​ច្រើន​ដួល​សន្លប់​កាល​ពី​សប្តាហ៍​មុន។

លោកប៉ុកវណ្ណ​ថាត​ ​​អនុ​ប្រ​ធាន​នាយក​ដ្ឋាន​ពេទ្យ​ការងារ​នៃ​​ក្រសួង​ការ​ងារបាន​មាន​ប្រ​សាសន៍ថា ​អ្នក​តំណាង​​ក្រុមហ៊ុនណៃគី​​​បាន​ចុះ​ទៅ​​ពិនិត្យ​មើល​ស្ថាន​ភាព​រោង​ចក្រ​កាត់​ដេរ​​សម្លៀក​បំពាក់​សាព្រីណា (Sabrina)ក្នុង​ស្រុក សំរោងទងខេត្ត​​​កំពង់​​​ស្ពឺ ដើម្បី ​​ពិភាក្សារក​មូលហេតុ​​​​នាំ​ឲ្យ​មាន​ករណី​កម្ម​ករ​ កម្ម​ការិនី​ដួល​សន្លប់យ៉ាងច្រើន​​ចំនួន​ពីរ​​ផ្សេង​គ្នា ដែលបានកើតឡើងកាល​ពី​សប្តាហ៍​មុន។

លោកប៉ុកវណ្ណ​ថាត​ ​​ ​បាន​មាន​ប្រ​សា​ស​ន៍​ថា“ពួក​គេ​បាន​ចុះ​ទៅ​ពិនិត្យ​​មើល​ស្ថាន​ភាព​ក្នុង​រោង​ចក្រ​នោះ​រួច​រាល់​ហើយ។ខាង​ភាគី​ក្រុមហ៊ុនណៃគី ​ចង់​ឲ្យ​កម្ម​ករកម្ម​ការិនី​មាន​សុខ​ភាព​ល្អ”។

កាល​ពី​​ថ្ងៃទី​៤​ ខែ​មេសា ​​ឆ្នាំ​២០១២ ​កម្ម​ការិនី​​ជាង​១០០​នាក់​​បាន​ដួល​សន្លប់​ ​​ជា​ឧបទ្ទ​វ​ហេតុ​មួយ​ ដែល​លោក ​​ប៉ុកវណ្ណ​ថាត​ ​​បាន​​ធ្វើ​ការស​ន្និដ្ឋាន​ថាបណ្តាល​មក​ពី​ក្លិន​​ចេញ​ពី​ជ័រ​កាវ​ដែល​ម្ចាស់​រោង​ចក្រ​ប្រើ​ប្រាស់​នេះ​។ទោះ​ជាយ៉ាង​ណាបន្ទាប់​​ពី​​ការ​កែ​លម្អ​រួច​ ហើយ​ការ​ងារ​បាន​បន្ត​វិញ​ កាល​ពី​​ថ្ងៃទី​៦ ​ខែ​មេសា​នោះ​​​ កម្ម​ករ​ ​កម្ម​ការិនី​ចំនួ​ន​៣០០​នាក់​ក៏​បាន​ដួល​សន្លប់​ម្តង​ទៀត។

លោក​ ប៉ុកវណ្ណ​ថាត​ ​បាន​មាន​ប្រ​សាសន៍​​​ថាអ្នក​តំណាង​ក្រុម​ហ៊ុនណៃគី ​បានជំរុញ​ឲ្យ​រោង​ចក្រ​​នេះ​អនុវត្ត​តាម​សេច​ក្តី​ប្រ​​កាស​មួយ​​​ចេញ​ដោយ​ក្រ​សួងការងារ​ ដែល​ចែង​ថាម្ចាស់​រោង​ចក្រ​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដថា ​កម្ម​ករ​ ​​កម្ម​ការិនី​ត្រូវ​បាន​​បណ្តុះ​បណ្តាល​​ត្រឹម​ត្រូវ ​​មុន​ពេលប៉ះ​​ពាល់​​សារធាតុគីមី​ ហើយ​ក៏​បាន​​​​និយាយ​ការ​​ពារ​ខ្លួន​ផងដែរ។

លោក​​​បាន​មាន​ប្រ​សាសន៍​ថា“ម្ចាស់​រោង​ចក្រ​ចាំ​បាច់​ត្រូវ​បណ្តុះ​បណ្តាល​កម្ម​ករ ​​កម្ម​​ការិនី​ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​​នៃ​សារ​ធាតុគីមីទាំង​នោះដោយ​ប្រើ​អក្សរខ្មែរដើម្បី​​​​សរសេរទប់​ស្កាត់​កុំ​ឲ្យ​មាន​ករណី​ដួល​សន្លប់​ ​កើត​​ឡើង​ទៀត”។

លោកជីសុក​ឡា​ លេខា​សហ​​ជីព​សេរី​កម្មករ​​ប្រចាំ​នៅ​រោង​ចក្រ​នេះ ​បាន​និ​យាយ​​​ថារោង​ចក្រ​នេះ​បាន​សម្អាត​​​ក្លិន​កាវ​នោះ​រួច​ហើយ ​​ហើយ​កម្ម​ករ​​​​ កម្ម​ការិនី​ទាំង​អស់​​បាន​វិល​ត្រ​ឡប់ទៅ​​ធ្វើ​ការ​វិញ​កាល​ពី​ថ្ងៃ​១០ ​ខែ​​​មេសា​។

លោក ​ម៉េងហុងសមា​​ជិក​​មួយ​រូប​នៃ​គណ:កម្មា​ធិការ​សុវត្ថិ​ភាព​នៅ​កន្លែង​ការ​ងារ​ នៃ​ក្រសួង​ការងារ​​ ដែល​ទទួល​បន្ទុក​លើ​​មនុស្ស​ដួលសន្លប់​​នោះ​ ​បាន​មាន​ប្រ​សា​សន៍​​​ថាចំនួន​អ្នក​រង​ផល​ប៉ះពាល់​ដោយ​​​​​ការ​ដួល​សន្លប់​​ទ្រង់ទ្រាយធំ​​តាម​រោង​ចក្រ​​នា​នា​ក្នុង​ប្រទេស​កម្ពុជា​ គ្រាន់​តែ​នៅ​ក្នុង​រយ:ពេល​បួន​ខែ​​ដំបូង​នៃ​ឆ្នាំ​នេះ​ ​កំពុង​តែ​​រំកិល​យ៉ាង​លឿន​ឈាន​ទៅ​រក​​ការ​ស្មើ​គ្នា​​​នឹង​​ចំនួន​ដួល​សន្លប់​សរុប​ពេញ​មួយ​ឆ្នាំ​២០១១។

លោក ​ម៉េង​ ហុងបាន​មាន​ប្រសាស​ន៍ថា“នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ​មាន​ការ​ដួលសន្លប់នៅ​​​តាម​រោង​ចក្រ​ចំនួន​ប្រាំ​ពីរ​កន្លែង​​​​​​ តាំងពី​ខែ​មករា​រហូត​មក​ទល់​ពេល​​នេះ។កម្ម​ករ​ ​​កម្មការិនី​ចំនួ​ន​១.២០០​នាក់​បាន​ដួល​សន្លប់។

ក្នុង​ឆ្នាំ​២០១១នេះ ​​​មាននៅ​​​ក្នុង​​​រោង​​​​ចក្រចំនួន​១២និង ​កម្ម​ករ ​​កម្ម​ការិនី​ចំនួន​២.២០០នាក់​​បាន​ដួល​សន្លប់។​ប្រសិន​បើ​​សម្លឹង​មើល​តួលេខ​នៅ​ឆ្នាំ​នេះ​​​ មាន​កម្ម​ករ​ ​កម្ម​ការិនី​ដួល​សន្លប់​​​​ច្រើន​​ជាង”៕

ប្រែ​សម្រួល​ដោយតែមសុខុម​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.