​​ភ្លៀង​​​​ធ្លាក់មួយមេយ៉ាងធំកាលពី​ម្សិល​មិញ ​ធ្វើ​​ឲ្យជន់​​​​លិច​​ផ្លូវជាច្រើននៅ​ក្នុង​​រាជ​ធានីភ្នំពេញ​​​​​​​​

លោក នៅ សារឿន ​​​​​​ប្រ​​​ធាន​អង្គ​​ភាព​​លូទឹក​​នៃ​​ក្រសួង​​សាធារណការ​និង​ដឹក​ជញ្ជូន​​ ​បានមានប្រ​សាសន៍​​​​កាល​​ពី​​​ម្សិល​មិញ​​ថា ​​​​​ដោយ​​​មាន​​​​ភ្លៀង​​​ធ្លាក់​មួយ​​មេធំ​​​​​​​ដំបូង ​​​​​​​នៅ​ដើម​​ឆ្នាំ ​​ក្នុង​​រាជ​ធានី​​ភ្នំ​​ពេញ ​​កាល​​ពី​ម្សិល​មិញ ​​​ទឹក​​ភ្លៀង​​​​បាន​​​ធ្វើ​ឲ្យ​ជន់​លិច​ផ្លូវ​​នានា​​ និង​​​​រថ​​យន្ត​​ជា​ច្រើន​​​​​គ្រឿង​ក្នុង​​រាជ​​ធានី​​ ​​ដោយ​​បង្ខំ​ឲ្យ​​ស្ថានីយ​​​​​​​​​​​​​​​​​បូម​​ទឹក​​​​​​​​​នានា​​​​​​​បូម​​​​​ទឹក​បញ្ចូល​​​​ទន្លេ​​សាប​​​ជា​​​បន្ទាន់។

ប្រជា​ពល​រដ្ឋ​ជិះម៉ូតូ​កាត់ទឹក​យ៉ាង​ជ្រៅ​នៅ​លើ​ផ្លូវ​​លេខ​១៩ ខាង​ក្រោយ​​ព្រះ​បរម​រាជ​វាំង ​ក្នុង​សង្កាត់​ជ័យ​ជម្នះ​ ខណ្ឌ​ ដូន​ពេញ​ កាលពី​ម្សិលមិញ។ ភ្លៀង​ធ្លាក់មួយ​មេ​យ៉ាង​ធំ​បាន​បណ្ដាល​ឲ្យ​ជន់​លិច​ផ្លូវ​ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ ដោយបាន​​បង្ក​ការ​លំបាក​ដល់​អ្នកដំណើរ និងបង្ក​ឲ្យស្ទះ​ចរាចរណ៍ ជាពិសេសក្នុង​ចំណោម​​អ្នក​បើក​បរ​យានយន្ដ​។​​Ben Wood/Cambodia  daily
ប្រជា​ពល​រដ្ឋ​ជិះម៉ូតូ​កាត់ទឹក​យ៉ាង​ជ្រៅ​នៅ​លើ​ផ្លូវ​​លេខ​១៩ ខាង​ក្រោយ​​ព្រះ​បរម​រាជ​វាំង ​ក្នុង​សង្កាត់​ជ័យ​ជម្នះ​ ខណ្ឌ​
ដូន​ពេញ​ កាលពី​ម្សិលមិញ។ ភ្លៀង​ធ្លាក់មួយ​មេ​យ៉ាង​ធំ​បាន​បណ្ដាល​ឲ្យ​ជន់​លិច​ផ្លូវ​ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ ដោយបាន​​បង្ក​ការ​លំបាក​ដល់​អ្នកដំណើរ និងបង្ក​ឲ្យស្ទះ​ចរាចរណ៍ ជាពិសេសក្នុង​ចំណោម​​អ្នក​បើក​បរ​យានយន្ដ​។​​Ben Wood/Cambodia  daily

លោក​ នៅ សារឿន ​​បាន​មាន​​ប្រ​​សាសន៍​ថា កម្ពស់​ទឹក​​ភ្លៀ​ង​​ក្នុង​​​​រាជ​ធានី ​​ជា​​ធ​​ម្ម​តា​​ឡើង​​ដល់​​​​​៦០​មីលីម៉ែត្រ ទៅ​​​​​៦៥​​មីលីម៉ែត្រ​​ ​ប៉ុន្តែ​ភ្លៀង​ធ្លាក់ខ្លាំង​​​​កាលពី​ម្សិល​មិញ​​ បា​ន​ធ្វើ​​ឲ្យ​ទឹក​​​ដក់​​​មាន​ជម្រៅ​ប្រហែល​​​​​៩២​​​​​​​មីលីម៉ែត្រ​​ ​​ជា​ហេតុ​​បង្ក​​ឲ្យ​​ការ​​​​រស់​នៅ ​​ជួប​ការ​​លំបាក​​សម្រាប់​​​​​​​​​ប្រ​ជា​ពល​រដ្ឋ​ក្នុង​​រាជ​​ធានី ​​​​​​​​​ជា​​ពិសេស​​នៅ​តាម​​​​​តំបន់​ទំនាប។

លោក​បា​ន​ថ្លែង​ថា “ វា​បាន​​បង្ក​បញ្ហា​​​​​​ជា​​​ច្រើន​​​ដល់​អ្នក​​​​​ធ្វើ​​ដំណើរតាម​​យាន​​​យន្ត។​​​ស្ថានីយ​​​បូម​ទឹក​​​ចំនួន​​​​១២​​​​​​​កន្លែង​​កំពុង​​បូម​​ទឹ​​ក​ចេញពីស្ថានីយ​​នីមួយ​​ៗ ​​​​ចូល​ទៅ​ក្នុង​ទន្លេ ដើម្បី​បញ្ចៀស​​ការ​​ជន់​​​លិច​​ក្នុង​រាជ​ធានី​ភ្នំពេញ”។

ទីតាំង​​​​ដែល​​​​​​រង​​​ការ​​ជន់​លិច​​​​​​​ខ្លាំង​​ជាង​គេ​​​បំផុត​​ គឺ​​​នៅ​ផ្សារកណ្តាល ​តីរវិថីស៊ីសុ​វត្ថិ​​ក្នុង​​ខណ្ឌ​​​​​ដូនពេញ​ និង​​នៅ​ជិត​​​សារមន្ទីរ​​ទួល​ស្លែង និង​បឹង​ត្របែក​​​​ក្នុង​ខណ្ឌ​ចំការ​មន។ ​ផ្សារអូរឬស្សី​​ក្នុង​ខណ្ឌ​៧មករា​​ និង​បឹង​​ត្រកួន​ក្នុ​​ង​​ខណ្ឌ​មាន​​​ជ័យ​​​ ក៏​​រង​​ការ​ជន់​លិច​​ខ្លាំង​​ដែរ។

លោក ​នៅ សារឿន ​បាន​មាន​ប្រ​​សាសន៍​ថា “ទោះ​បីជា​​​មាន​​ស្ថានីយ​​បូម​​ទឹក​​​​​ចំនួន១២​កន្លែង​​ហើយ​​​​ក្តី ​​​​​​​ក៏​​រាជ​ធានី​ភ្នំពេញ ​​នៅតែ​រង​​​ការ​​​​ជន់​​​លិច​​​​ដដែល​​​ ​​ដោយ​សារ​តែ​កម្រិតទឹក​​​ភ្លៀងឡើង​ដល់​​​៩២​​មីលីម៉ែត្រ”។ លោក​​​​​​​បាន​មាន​ប្រ​សាសន៍​ទៀតថា ទឹក​ភ្លៀង​ភាគច្រើន​បំផុត​កាល​ពី​ឆ្នាំមុ​ន ​​​​​ឡើង​​ដល់​​​​​១៣៩​​​​មីលីម៉ែត្រ។

លោក យ៉ន ​យឹម អ្នក​​​រត់​​​​​រ៉ឺម៉កម៉ូតូ​​​បាន​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ម្សិល​មិញ​​ ធ្វើ​​​​ឲ្យ​គាត់​ទៅ​​ទទួល​ម៉ូយ​មិនកើត​​​​ ​​ដោយ​សារតែ​​ម៉ូតូ​របស់​គាត់​ខូច​​។គាត់​​​បាន​​​​និយាយ​​ទៀត​ថា “រដ្ឋា​​ភិបាល​​​មិន​ដាក់​លូទឹក និងបង្កើតស្ថានីយ​​​​​បូមទឹក​​​​​​ឲ្យ​​​​​​​​​​បានគ្រប់​គ្រាន់​​​នៅ​​​​​​​​​​ទូទាំង​​រាជ​ធានី​ភ្នំពេញ​ទេ”៕

ប្រែ​សម្រួល​ដោយ តែម សុខុម​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.