ចាប់​ខ្លួន​ចិន​តៃ​វ៉ាន់​​៤៤​នាក់​​ក្នុង​ការ​បោស​សម្អាត​​ក្រុម​ចាប់​ជំរិត​​

កាល​ពី​ថ្ងៃ​សុក្រ​ នគរ​បាល​បាន​ចាប់​ខ្លួន​ចិន​តៃ​វ៉ាន់​ចំនួន​៤៤​នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​សមា​ជិក​​ក្រុម​ឧក្រិដ្ឋ​ជនដ៏​ធំ​​ក្នុង​​តំបន់​​​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​​ជន​ជាតិ​​ចិន​នៅ​បរទេសនិង​​ជំរិត​​ទារ​ប្រាក់​ពី​សាច់​ញាតិ​របស់​ពួក​គេ​នៅ​ឯ​ប្រទេស​ចិន​។

យោង​តាម​របាយការណ៍​របស់​​នគរបាល​ជាតិ​បាន​ឲ្យដឹង​ថា​ នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​​ចំនួន​​២៤​នាក់​ក្នុង​ផ្ទះ​របស់​ពួក​គេ​នៅក្នុង​​ខណ្ឌ​ទួល​​គោក​ ប្រាំបួន​នាក់​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ហើយអ្នក​ផ្សេង​ទេៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​​ផ្ទះ​វីឡា​មួយ​នៅ​ខណ្ឌ​សែន​សុខ។

លោក​ ប៉ែន​ ពិសិដ្ឋ ​នាយ​នគរបាល​អន្ដោ​ប្រវេសន៍​​ក្រសួង​មហាផ្ទៃ​បានថ្លែង​ឲ្យ​ដឹង​ថា​ “​យើង​បានចាប់​ខ្លួន​ជន​ទាំង​នេះ​…​ពួក​គេ​ទាំង​អស់​គ្នា​បង្កើត​ក្រុម​មួយ​ ដែល​បាន​ប្រើ​ប្រាស់​បណ្តាញ​អុីន​ធើ​ណិត ដើម្បី​ជំរិត​​ទារ​ប្រាក់​ពី​សមាជិក​គ្រួ​សារ​​នៅ​ក្នុង​ប្រទេស​​ចិន​”។

លោក ​ជា ​ម៉េត ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍​កាល​​ពី​ម្សិល​មិញ​ថា​ ជន​សង្ស័យ​ទាំងនេះ​បាន​ចូល​រួម​ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋ​ជន​ធំមួយ​ក្នុង​តំបន់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​ចាប់​ជំរិត​​ជនជាតិ​​ចិន​ ហើយ​ប្រើ​ប្រាស់​បណ្តាញ​អុីន​ធើ់​ណិត​ ដើម្បី​ជំរិត​​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ពួកគេ​។

គេ​មិន​បាន​ដឹង​ទេ​ ថា​តើ​ការ​ចាប់​ជំរិត​​​កើត​មាន​នៅក្នុង​ប្រទេសកម្ពុជា​ ឬក៏​ថា តើ​ក្រុម​ជន​ពាល​ជាប់​ចោទ​ទាំង​នេះ​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា​ធ្វើជា​មូលដ្ឋាន​សម្រាប់​​ធ្វើ​ប្រតិ​បត្តិ​ការ​ចាប់​ជំរិត​​របស់​ពួក​គេ​​​ដែរ​ឬយ៉ាង​ណា​នោះ​ទេ។

លោក​ ជា​ ម៉េត​ បាន​ឲ្យ​ដឹង​ថា “​ [ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់​នេះ​] ត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​អន្ដោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​​ ដើម្បី​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ [ប្រទេស​ចិន] ​វិញ​”។

លោក​បាន​បន្ថែម​ថា​ យើង​មិនបាន​​ចោទ​ប្រកាន់​ពួក​គេ​ទេ​ ហើយ​​លោក​បដិសេធ​​មិន​ប្រាប់​ថា​​ ការ​ចាប់​ជំរិត​​បាន​កើត​ឡើង​នៅ​ទីណាឬ​មាន​មនុស្ស​ប៉ុន្មាន​នាក់​​បាន​រង​គ្រោះ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍ថា “ យើង​ចាត់​វិធាន​ការ​បង្ក្រាប​តាម​ពាក្យ​​បណ្ដឹង​របស់​​ស្ថាន​ទូត​ចិន​នៅ​ទី​នេះ​ ដែល​បាន​ប្តឹង​ថា​ ក្រុម​នេះ​បាន​ជំរិត​​ទា​រប្រាក់​ពី​ឪ​ពុក​ម្ដាយ​របស់​ជន​រង​គ្រោះ​​នៅ​​ប្រទេស​ចិន​”។

លោក​ យ៉ាង​ ធានយូ​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ដឹង​អំ​ពី​ការ​ចាប់​ខ្លួន​នេះ​ ប៉ុន្ដែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​ ហើយ​​លោក​បាន​បង្វែរ​សំណួរ​ទាំង​អស់​ទៅ​នគរ​បាល​កម្ពុជា​វិញ​។

លោក ​បែ៉ន ​ពិសិដ្ឋ​ នាយ​នគរបាល​អន្ដោ​ប្រវេសន៍​បានមាន​ប្រសាសន៍​ថា ប្រតិបត្តិការ​បង្ក្រាប​កាល​ពី​ថ្ងៃ​សុក្រ​ ធ្វើ​ឡើងតាម​​ព័ត៌មាន​ទទួល​បាន​​ពី​ការ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ប្រាំ​នាក់​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា​ ដែល​ជាប់​ពាក់​​ព័ន្ធ​នឹង​ក្រុម​ចាប់​ជំរិត​​តែមួយ​នេះ​ដែរ​។                                     លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ “ ​​កាល​ពី​ដំបូង​​ យើង​បាន​ចាប់​ខ្លួន​​ជន​ជាតិ​ចិន​ចំនួន​ប្រាំ​នាក់​ កាល​ពី​ខែ​មេសា កន្លង​ទៅនេះ​។ ក្រោយ​មក ​យើងស្វែង​រក​ជនល្មើស​នៅ​សេស​សល់​ចំនួន​៤៤​នាក់​ទៀត​ ដែល​យើង​បាន​រក​ឃើញ​ក្នុង​ពេល​​នេះ​” ដោយ​លោក​បន្ថែម​ថា​ ក្នុង​ចំណោម​ក្រុម​ចាប់​ជំរិត​​ទាំង​នេះ​ មាន​បី​នាក់​ជា​ស្ដ្រី។

កាល​ពី​ខែ​មិថុនា ​ឆ្នាំ​មុន ​នគរបាល​រាជ​ធានី​​ភ្នំពេញ​បាន​ឃាត់​ និង​បញ្ជូន​ខ្លួន​ជន​ជាតិ​ចិន​ និង​ចិន​តៃ​វ៉ាន់​ចំនួន​១៨៦​នាក់​ឲ្យ​ត្រឡប់​​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​។ ការ​ចាប់​ខ្លួន​ទាំង​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ក្នុង​តំបន់ ដែល​មាន​បណ្ដាញ​ជន​សង្ស័យ​រាប់​រយ​នាក់​​។ នៅពេល​នោះ នគរបាល​បាន​ឲ្យ​ដឹង​ថា មាន​​បណ្ដាញ​អុីន​ធើ​ណិត​មួយ​ឈ្មោះ​ DO-IT ដែលត្រូវបាន​គេ​ប្រើ​ ដើម្បី​ចាប់​ជំរិត​​ ​ហើយ​បណ្តាញ​នេះ​ត្រូវ​បាន​ប្រើ​ជា​ញឹក​ញាប់​នៅ​តាម​​កាស៊ីណូ ​និងក្លឹប​ល្បែង​ស៊ីសង​ ដើម្បី​លាង​លុយ​កខ្វក់​។

លោក ​អំ​ សំអាត​ អ្នក​គ្រប់​គ្រង​​បច្ចេក​ទេស​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បានមាន​ប្រសាសន៍​ថា ការ​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ក្នុង​ទ្រង់​ទ្រាយ​ធំ គឺ​មិន​ស្រប​ច្បាប់​ទេ ដោយ​សារ​​តែ​ពួក​​គេ​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​មាន​​​មេ​ធាវី​ការ​ពារ​ក្ដី​មុន​ពេល​ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ត្រឡប់​ទៅ​វិញ​នោះ​។លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា “ ជន​បរទេស​ដែល​​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងនោះ ត្រូវឲ្យ​តុលាការ​​កាត់​​ ទោស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រោយ​មក ទើប​អាច​បញ្ជូនខ្លួន​ពួក​គេ​ទៅ​ប្រទេស​ដើម​របស់​ពួក​គេ​វិញ​ ប្រសិន​បើ​ពួក​គេ​មាន​ទោស​មែន​នោះ​”៕

ប្រែសម្រួល​ដោយ ហួងកុកទៀន

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.