លោក ហ៊ុន សែន​ កោត​សរ​សើរ​គម្រោងផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីថ្មី​

ដោយស្លៀកពាក់​ក្នុង​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា​ ដែលទើបតែ​ដឹក​មក​ពី​​ឥណ្ឌូណេ​ស៊ី​ថ្មីៗ ​​និង​ពាក់មួក​ទាហាន​ ហើយ​ដែលមាន​ស្លាក​សញ្ញា​ក្រសួង​រៀបចំ​ដែន​ដី នគ​រូបនីយ​កម្ម និង​សំណង់នោះ​​ និស្សិត​ចំនួន​១.១០០​នាក់​ដែលស្ម័គ្រចិត្ត​ចូល​រួម​វាស់​វែង​ដីធ្លី​នៅ​ក្នុង​គម្រោងផ្តល់ប័ណ្ណ​កម្មសិទ្ធិថ្មីមួយ​​ កាល​ពី​ម្សិលមិញ ​បាន​មក​ចូលរួម​ស្តាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ ថ្លែងសុន្ទរកថា។

និស្សិតស្ម័គ្រចិត្ត​ក្នុងឯកសណ្ឋាន​ទាហាន​ប៉ារ៉ា​ ដែល​បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​ឯសាល​សន្និសីទកោះពេជ្រ ដើម្បី​មក​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាលចំនួនពីរថ្ងៃ​ ស្តីពី​ការវាស់​វែង​ដីនិងការប្រមូល​ទិន្នន័យ​ពីអ្នក​ភូមិ​ ដែល​រស់​នៅ​លើដី​ព្រៃ​របស់រដ្ឋ​​ និងនៅលើដី​សម្ប​ទានសេដ្ឋកិច្ច​ បានមកចូលរួម​ស្តាប់​នៅពេលលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បានកោតសរសើរ​ចំពោះការចូលរួម​ពាក់ព័ន្ធ​របស់​និស្សិត ជាមួយ​​ប្រជាពលរដ្ឋ និង​កោត​សរសើរ​ដល់​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​របស់​លោកនិងភ្នាក់​ងារ​រដ្ឋផ្សេងៗ​ទៀត​ផងដែរ។​

លោកនាយករដ្ឋមន្ត្រីហ៊ុនសែន​ បានមានប្រសាសន៍ទៅ​កាន់​និស្សិត​ ដែល​នឹង​ត្រូវបញ្ជូន​​ទៅ​កាន់​តំបន់នៅទូ​ទាំង​ប្រ​ទេស​ ដើម្បី​ធ្វើ​ជា​​មន្ត្រី​រាជ​ការ​ថ្នាក់​ខេត្ត​​ ដើម្បីជួយ​ពន្លឿន​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​កំណត់​​កាល​បរិច្ឆេទ​ប្រាំ​មួយ​ខែឲ្យ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​ដល់​អ្នក​ភូមិ​ទាំង​អស់ ដែល​រស់​នៅ​លើ​ដី​សម្ប​ទាន​ និង​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ​ថា “ ខ្ញុំ​អរ​គុណ​សម្រាប់​​​ក្មួយ​​​​និស្សិត​​​ទាំង​​​អស់​​​ ហើយ​​​ព្រម​​​ទាំង​ឪពុកម្តាយ ឬ​​​អាណា​​​ព្យាបាល​​​”។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា “ ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីដល់​​​ពួកគាត់ ដូច្នេះ​​​ការ​​​សាង​​​សង់​​​ផ្ទះ​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​នឹង​​​កើន​​​ឡើង​​​ ហើយ​​​ការ​​​ដាំ​​​ដុះ​​​ក៏​​​កើន​​​ឡើង​​​ដែរ​​​”។ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបានមាន​ប្រសាសន៍ថា “ ឥឡូវ​នេះ ពួក​គាត់​មិន​ហា៊ន​សាង​សង់​ផ្ទះ​ពី​ព្រោះ​ពួក​គាត់​​ភ័យ​ខ្លាច​ ហើយ​​​​ពួក​​​គាត់​​​រស់នៅ​​​មិន​ច្បាស់​លាស់ ដូច្នេះយើង​ត្រូវ​តែ​សម្រួល​ដល់​ពួក​គាត់​ឲ្យ​​​ស្រប​ច្បាប់​ តាម​​​រយៈ​​​ការ​​​ផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​បឋម”​។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​ក្រើន​រំឭក​ដល់​និសិត្ស​ទាំង​អស់​ថាថ្វី​បើ​ពួក​គេ​ទទួល​បាន​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា​ក៏​ដោយ តែ​សូមកុំ​យល់​ច្រ​ឡំ​អំ​ពី​ការ​ងារ​របស់​ខ្លួន តាមរយៈ​ឯក​សណ្ឋាន​នេះ​ឲ្យ​សោះ។ លោក​នាយក​រដ្ឋ​មន្ត្រីបាន​មាន​ប្រសាសន៍​ថា “ មូលហេតុ​ ​ដែល​​មិន​​​ឲ្យ​​​ក្មួយ​​​ៗ​​​ពាក់​​​សុីញ​​​ជា​​​​ទាហាន​​​ ហើយ​​​បែ​​រ​​​ជា​​​ពាក់សុីញរបស់​​​ក្រសួង​រៀប​ចំ​​​ដែនដី​​​ នគរូបនីយកម្ម​​​ និង​​​សំណង់​ សូម​​​ជម្រាប​​​ប្រាប់​​​ថា ក្មួយ​​​ៗ​​​ស្ថិត​​​ក្រោម​​​ការ​​​បញ្ជា​​​ពី​ក្រសួង​​​ដែន​​​ដី​​​ នគរូបនីយកម្ម និង​​​សំណង់​”។លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា ថវិកា​ដែល​ចំណាយ​ទៅ​លើ​និស្សិត សម្រាប់ម្ហូប​អាហារ និង​សម្លៀក​បំពាក់ គឺ​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិន​បាន​ចំណាយ​ថវិកា​របស់​រដ្ឋ​ទេសម្រាប់​​​ការ​​​ចិញ្ចឹម​​​ក្មួយ​​​ៗ​​​ក្នុង​​​បេសកកម្ម​​​នេះ​​​។ខ្ញុំ​​​ទទួល​​​ខុស​​​ត្រូវ​​​”។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបាន​មាន​ប្រសាសន៍​​បែបលេង​សើច​ថា ​លោក​ប្រហែល​ជា​នឹង​លក់​ផ្ទះ​ដ៏​ធំ​ស្កឹម​ស្កៃ​របស់​លោក​នៅក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ប្រសិន​បើចាំ​បាច់​ត្រូវបន្ត​ផ្តល់​ថវិកា​ទៅឲ្យ​អ្នក​ទាំង​អស់​គ្នា​នោះ​។

និស្សិត​​សាកល​វិទ្យាល័យ​ចំនួន​១.១០០​នាក់ ដែល​នឹង​ចូល​រួម​បំពេញ​បេសកកម្ម​នៅ​ក្នុង​គម្រោង​នេះ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​៣០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ និង​ទទួល​បាន​ប្រាក់​១០០​ដុល្លារ​ផ្សេងទៀត នៅ​មុន​ពេល​ចេញ​ដំណើរហើយ​​ព្រម​ទាំង​ទទួល​បាន​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា ស្បែក​ជើង​ប៊ូនិង​សម្ភារ​ផ្សេង​ៗ​ទៀត។ និស្សិត ដែល​បាន​ចូល​រួមស្តាប់ការ​ថ្លែង​សុន្ទរកថា កាល​ពី​ម្សិលមិញ​ ​លើក​ឡើង​ថាពួក​គេ​រំភើប​ណាស់​ ដែល​បាន​ចូល​រួម​ចំណែកក្នុង​កម្ម​វិធី​នេះ។ និស្សិត​ ស៊ី សេរីរតនី អាយុ​២១​ឆ្នាំ ជា​និស្សិតនៅ​ឯវិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជាបាន​និយាយ​ថា “ ខ្ញុំរីករាយ​ណាស់​ ដែលខ្ញុំ​​​បាន​ចូល​រួមអនុវត្តគោល​នយោបាយ​របស់​រដ្ឋា​ភិបាល។​ ខ្ញុំអាច​បម្រើសង្គម​ ហើយ​​​ខ្ញុំ​​​​នឹង​ទទួល​​បាន​បទ​ពិសោធខ្លួនឯងផងដែរ​​​។ខ្ញុំគិតថា ខ្ញុំធ្វើ​ការងារ​ទាំងអស់​​នេះ ​គឺ​ដើម្បី​ប្រជា​ពលរដ្ឋ”។​

បន្ទាប់ពី​កោត​សរសើរ​គម្រោង​ផ្តល់​ប័ណ​្ណ​កម្មសិទិ្ធ​ដីធ្លី​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុនសែន​ បាន​រិះ​គន់​យ៉ាង​​ច្រើន​​​ទៅលើ​​​ការ​​​ចេញ​​​ផ្សាយ​អត្ថបទនានា​​​ និយាយអំពី​​​ដី​​​សម្បទាន​​​ ដែល​​​លោកបាន​​​ចុះ​​​ហត្ថលេខា បន្ទាប់​​​ពី​​​ប្រកាស​​​ផ្អាក​​​នូវការផ្ដល់​​ដី​​​សម្បទាន​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ខែ​​​ឧសភា​​​នោះ។ លោកនាយក​​​រដ្ឋមន្ត្រី មាន​​​ប្រសាសន៍​​​ ដោយសំដៅ​​​ទៅ​​​លើ​​​សេចក្ដី​​​លម្អិតនៃការ​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាន​​​ថា “​​​ប្រសិន​​​បើ​សារ​ព័ត៌មាន​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចង់​​មាន​​​តម្លៃ​​​ និង​មានទំនុក​​​ចិត្ត​​ចាំបាច់​​​ត្រូវ​​​តែ​​​ចុះ​​​ផ្សាយ​​​លម្អិត និង​​​ទិដ្ឋភាព​​​ជាក់​​​ស្ដែង​​​ទាំងអស់”។ នៅក្នុង​​​បទ​​​បញ្ជា​​​ឲ្យ​​​ផ្អាកនូវការផ្ដល់​​​ដី​​​សម្បទាន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែឧសភា​​​ របស់​​​លោកលោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជាក់​​​យ៉ាង​​​ច្បាស់​​​ថា ដី​​ណា​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ដីសម្បទាន​​​បច្ចុប្បន្ន​​​ត្រូវ​​​តែ​​​បន្ដ​​​អនុវត្ត​​​យោង​​​ទៅ​​​តាម​​​ច្បាប់​​​ និង​​​នីតិវិធី​​​ដែលមានសព្វថ្ងៃ​​​។

យ៉ាង​​​ហោច​​​ណាស់មាន​​​ដី​​​ចំនួន​​​ប្រាំបួន​​​កន្លែង​​​ត្រូវ​​​បាន​​​ផ្ដល់​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​​កសិ​ឧស្សា​ហកម្ម រីឯដី​​​ចំនួន​​​ប្រាំមួយកន្លែង​​​ផ្សេង​​​ទៀត​​​ ត្រូវ​​​បាន​​​ធ្វើ​​អនុបយោគ​​​ចាប់​​​តាំង​​​ពី​​​មុន​​​ពេល​​​មាន​​​បម្រាម​​​មក​​​ម្លេ៉ះ​​​។ រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា ដី​​​សម្បទាន​​​ទាំង​​​នោះ​​​ ក្រោយ​​​មក​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាលនៃ​​​ដំណើរ​​​ការ​​​អនុម័ត​​​ហេតុ​​​ដូច្នេះ​​​ហើយ​​​ ការ​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាន​​​ គឺ​​​វា​​​មិនពាក់​​​ព័ន្ធ​​​នោះ​​​ទេ។

អង្គការ​​​សិទ្ធិមនុស្ស​​​មួយ​​​ចំនួន​​​ ដែល​​​ឃ្លាំ​​​មើល​​​ការ​​​ផ្ដល់​​​ដី​​​សម្បទានបាន​​​​​​​លើក​​​ឡើង​​​ថាការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​ទំហំ​​​ជាង​​៨០.​០០០​​​ហិកតា​គឺ​​​មិនស្របតាម​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​ផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាននេះ ប៉ុន្ដែ ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោកនាយក​​​រដ្ឋ​មន្ត្រី​​​ ហ៊ុន សែន​​​ បានវាយបកវិញ ទៅ​​​លើ​​​ការ​​​ចុះ​​​ផ្សាយ​​​របស់​​​សារព័ត៌មាន​​​ និយាយអំពី​​​ការ​​​ផ្ដល់​​​ដី​​​សម្បទាន​​​ ក៏ដូច​​​ជា​​​ទៅ​​​លើ​​​ “ អ្នក​​​ផ្សេង​​​ៗ​​​​ ទៀត ​​​ដែល​​​បាន​​​អះអាង​​​ថា ខ្លួនជា​​​អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់” ដោយ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​គឺ​​​ជា​​​អ្នក​​​បំភ្លៃ​​​ការ​​​ពិត​​​។

លោកនាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​មាន​ ​​​ប្រសាសន៍​​​មុន​​​ពេលជំរុញឲ្យ​​​កាសែត​​​ជា​ភាសា​​​​អង់គ្លេស​​​​​​ចេញ​​​ផ្សាយ​​​បទ​​​បញ្ជា​​​ទាំងមូល នៃការផ្អាក​​​ផ្ដល់​​​ដី​​​សម្បទាន​​​ថា “ បើសិន​​​ជា​​​លោក​​​​ឯងមិន​​​កែ​​​តម្រូវ​​​ក្នុង​​​សារព័ត៌មាន​​​ទេ​​​ យើង​​​នឹងកែតម្រូវ​​​តាម​​​រយៈ​​​ទូរទស្សន៍ និង​​​វិទ្យុ”។

លោកនាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ​​​សួរថា “ បើសិន​​​ពួក​​​គេ​​​មិន​​​ហ៊ាន​​​ចុះ​​​ផ្សាយ​​​វា​​​ ពួក​​​គេ​​​ជា​​​សារព័ត៌មាន​​​កំសាក​​​។ បើ​​​ចិត្ដ​​​សឿង​​​ហ៊ាន​​​​​​ចុះ​​​ផ្សាយទេ?” លោកនាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​លើក​​​ឡើង​​​ថា​​ “ ប្រសិន​​​បើ​​​ដី​​​មិន​​​ទាន់​​​ធ្វើ​​​អនុ​បយោគ​​​នោះ​​​ទេ​​​ នាយក​​​រដ្ឋមន្ត្រី​​​ត្រូវ​​​តែ​​​ចេញ​​​​ អនុក្រឹត្យ​​​​មួយ​​​ ដើម្បី​​​ធ្វើ​​​អនុបយោគ​​​។ វាគឺជា​​​ដំណើរការ​​​ផ្នែកនីតិវិធី​​​មួួយ​​​ ក្នុង​​​ចំណោម​​​ដំណើរការ​​​នីតិវិធី​​​ផ្សេង​​​ៗ​​​ទៀត… ទាំង​​​នេះ​​​គឺ​​​ជា​​​ដំណើរ​​​ការ​​​នីតិវិធី។ ​​​តើ​​​ [សារព័ត៌មាន​​]​ចេះ​​​ច្បាប់​​​ដែរ​​​ឬទេ ឬក៏​​​ពួក​​​គេ​​​ចេះ​ត្រឹមតែ​បំផ្លាញឬ?”៕

ប្រែសម្រួល​​​ដោយ  ស៊ា ស៊ុយឈាង​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.