អង្គការ​សិទ្ធិ​មនុស្ស​​ថា នគរបាល​​ធ្វើ​ទារុណកម្ម​អ្នក​ទោស​ ដើម្បី​ទទួល​បាន​​ចម្លើយ​សារ​ភាព​​

ក្រុម​អង្គការ​សិទ្ធិ​មនុស្សបានលើក​ឡើង​​កាល​ពី​ម្សិល​មិញ​ថាការ​ធ្វើ​ទារុណ​កម្ម​លើ​ជន​សង្ស័យ​ នៅ​អំឡុង​ពេល​ឃុំ​ខ្លួន​របស់​នគរ​បាល​ គឺ​កំពុង​រីក​រាលដាល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដែលក្នុង​របាយការណ៍​ ស្តី​ពី​ការ​ធ្វើ​ទារុណ​កម្មដោយការ​​​វាយ​ដំ ​និង​ឆក់​ខ្សែ​ភ្លើង​មានជាង​១០០​ករណី​ កាល​ពី​ឆ្នាំ​​កន្លង​ទៅ​​។

សម្ពន្ធ​អង្គការ​មួយ​ រួមមានអង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ និង​អង្គការ​លីកាដូ​បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​នៅ​រាជ​ធានី​ភ្នំពេញដែល​រៀប​ចំ​ឡើង​ ដើម្បី​អប​អរ​សាទរ​​ខួប​ទិវា​អន្តរ​ជាតិស្តីពី​ការ​គាំទ្រ​ជន​រង​គ្រោះ​ដោយ​​ការ​ធ្វើ​ទារុណកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​​បាន​លើក​ឡើង​ថា​​​ នៅ​ពេល​ដែល​​ការ​ធ្វើ​ទារុណ​កម្ម​លើ​​ជន​ជាប់​ឃុំ នៅតែគេយក​មកប្រើ​ជា​វិធី​មួយ​ដើម្បី​ទទួល​បាន​ចម្លើយ​សារ​ភាព​នៅ​តែ​មាន​នៅ​ឡើយ​នោះ​​​ជាទូទៅ​​​អ្នក​ប្រព្រឹត្ត​ទាំង​នោះ​​ គឺ​មិន​ត្រូវ​បាន​ដាក់​ទោស​នោះ​ទេ​។

លោក ធន សារាយ នាយក​អង្គការ​សិទ្ធិ​​​មនុស្ស​ក្នុង​ស្រុកអាដហុក ​បាន​មាន​ប្រសាសន៍ថា “ការ​ធ្វើ​ទារុណកម្ម​នៅ​តែ​មាន​យ៉ាង​ច្បាស់​ក្រ​ឡែត​ និង​យ៉ាងរាល​ដាល​នៅ​ទូទាំង​ប្រទេស​”។ លោក​ សារាយ បាន​មា​ន​ប្រ​សាសន៍បន្ដ​ទៀតថា “​​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​នគរ​បាល​​ ជន​សង្ស័យ​​បានជួបនឹង​​អំពើ​អមនុស្សធម៌​​យ៉ាង​ច្រើន​ រួម​មាន​​ការ​​វាយ​ដំ​ ដាក់​ខ្នោះដៃ​​ និង​ដាក់​ច្រវាក់​​ជើង​រយៈ​ពេល​យូរ និង​មាន​ការ​បំ​ភិត​បំ​ភ័យ​​ឬ​ការ​គំរាម​កំ​ហែង​ដល់សាច់​ញាតិ​របស់​អ្នក​ជាប់ឃុំ ​​ដើម្បី​ទទួលបាន​ចម្លើយ​​សារភាព​ ​”។

លោក ចាន់ សុវ៉េត អនុ​ប្រ​ធាន​កម្ម​វិធី​អង្កេត​របស់​អង្គការ​អាដហុក​ ​មាន​ប្រសាសន៍​​​ថា អង្គការ​អាដ​ហុក​​បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន​៧៦​ករណី​ ស្តី​អំពី​ការ​ធ្វើ​ទារុណ​កម្ម​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​​នគរបាល​ក្នុង​ឆ្នាំ​២០១១​ ​បើ​ធៀប​ទៅ​ឆ្នាំ​២០១០​ គឺ​មាន​ត្រឹម​តែ​៨៥​ករណី​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នេះ​​មិន​មាន​ន័យ​ថា ការ​​ធ្វើ​ទារុណ​កម្ម​បាន​ធ្លាក់​​ចុះ​នោះ​ទេ​។

លោក​បា​ន​មា​ន​ប្រ​សាសន៍បន្ត​ថា “តាម​ពិត​​ អង្គការ​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​ច្រើន​ជាង​១០០​ករណី​នៅ​ក្នុង​ឆ្នាំ​២០១១​ ប៉ុន្ដែអ្នក​ដាក់ពាក្យ​បណ្ដឹង​ភាគ​ច្រើន​បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ប្រ​ឆាំង​នឹង​នគរ​បាល​វិញ​​​ ដោយ​សារ​ពួកគេ​ទទួល​រង​​ការ​បំ​ភិត​​បំភ័យ​​ ឬក៏​បាន​ទទួល​ប្រាក់​សំណង​”។

លោកស្រីពុងឈីវកេក ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បានមា​ន​ប្រ​សាសន៍​​ថាអង្គការ​របស់​លោក​ស្រី​ បាន​ទទួល​ពាក្យ​​បណ្ដឹង​​ចំនួន​១៣៥​ករណី​ ស្តី​អំពី​ការ​ធ្វើ​ទារុណ​កម្ម​ នៅ​កន្លែង​ឃុំ​ខ្លួន​របស់​នគរបាល​ បន្ទាប់​ពី​អង្គការ​លោក​ស្រី​បាន​សម្ភាស​អ្នក​ទោសនានា​​​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ និង​នៅ​​មជ្ឈមណ្ឌល​កែប្រែ​​ទូទាំង​ប្រទេស​ បាន​រក​ឃើញថា មាន​ការ​កើន​ឡើង​​៣០​ករណី​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​មុន។

លោក​ ជែហ្វវ៉ាយ (Jeff Vize) មន្ត្រី​ប្រឹក្សា​គម្រោង​ផ្នែកពន្ធនាគារ​បាន​មាន​ប្រសាសន៍​ថា “វាតែងតែជួប​ការ​លំបាក​ក្នុង​ការ​វិនិច្ឆ័យ​ថា វា​ល្អប្រ​សើរ​ ឬ​អាក្រក់​ជាង នៅ​ពេល​ដែល​អ្នក​ទោស​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ​ ឬ​នៅឯទីកន្លែង​ឃុំ​ខ្លួន​របស់​នគរ​បាល​… ពី​ព្រោះ​ការ​សម្ភាស​ភាគ​ច្រើន​របស់​យើង ​មាន​ការ​ត្រួត​ពិនិត្យ​ពី​នគរ​បាល ​ដែល​ធ្វើ​ឲ្យ​អ្នក​ទោស​​មាន​ការ​ភ័យ​ខ្លាច”។​

លោក​បានមា​ន​ប្រ​សាសន៍​​បន្ត​ទៀតថា ​“​ភាគ​ច្រើន​បំ​ផុត​នៃ​ករណី​ទាំង​នេះ​ពាក់​ព័ន្ធ​នឹងអំពើ​​រំលោភ​ខាង​រាង​កាយ​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​នគរ​បាល ​ហើយ​ការ​ធ្វើ​ទារុណ​កម្ម​លើ​ជន​ជាប់​ចោទ​ គឺ​ដើម្បី​ទទួល​បាន​ចម្លើយ​សារ​ភាព​ចំពោះបទឧ​ក្រិដ្ឋ”។ បើ​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដហុក​ឲ្យ​ដឹង​ថា ​មាន​ការ​កាត់​ទោស​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ជា​ចុង​ក្រោយ​ពី​បទ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទាក់​ទង​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ ​កាល​ពី​ឆ្នាំ​២០០៦​ ។​​​

លោក សុក សំអឿននាយក​ប្រតិបត្តិ​​ក្រុម​អ្នក​ច្បាប់ការ​ពារ​សិទ្ធិ​កម្ពុជា ​ ថ្លែងថា អាជ្ញា​ធរ​គួរ​តែ​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជន​ជាប់​ចោទ​ជាមុន​ ដោយ​ឯករាជ្យ​ និង​ចាំបាច់​ ដូច្នេះ​នៅ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ពន្ធនាគារ​ជា​លើក​ដំបូង​ ហើយ​ក្រោយ​មក​ បើ​សិន​ជា​ពួក​​​​គេ​ត្រូវ​ទទួលរងការធ្វើ​ទារុណ​កម្ម​នោះយើង​នឹង​មាន​ភស្ដុតាង​បញ្ជាក់​ច្បាស់​លាស់​។

នៅ​ក្នុង​ឆ្នាំ​១៩៩២​ ប្រទេស​កម្ពុជា​បាន​ផ្ដល់​សច្ចាប័នលើ​សន្ធិសញ្ញារបស់អង្គការ​សហ​ប្រជាជាតិស្ដី​អំពី​ការ​ប្រ​ឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ និង​អំពើ​អមនុស្ស​ធម៌​ផ្សេង​ទៀត​ ឬ​ការ​ប្រព្រឹត្ត​​មិន​ត្រឹម​ត្រូវ​ ឬ​ការ​ដាក់​ទណ្ឌកម្ម​​​ដ៏​ធ្ងន់​ធ្ងរ​មកលើ​អ្នក​ទោស​ ។

លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​បានមានប្រសាសន៍ថាការ​ធ្វើ​ទារុណកម្ម​ គឺ​ជា​រឿង​របស់​បុគ្គល​មិន​មែន​ជា​បញ្ហា​របស់​ស្ថាប័នរដ្ឋ​នោះ​ទេ​។ លោក ស៊ីផាន ​បាន​មា​ន​ប្រ​សាសន៍បន្ដ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​​ ឡើយ​។ អ្នក​ណា​មួយ​ធ្វើ​ខុស​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​នោះ​៕

(រាយការណ៍​បន្ថែម​ដោយ Kate Bartlett)

ប្រែសម្រួល​ដោយឃិនណៃ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.