ស្ត្រី​បឹងកក់​១៣​រូប​ត្រូវ​បាន ​តុលា​​ការ​ដោះ​​លែងឲ្យ​មាន​សេរី​ភាព​​តាម​រយៈបណ្តឹង​ឧទ្ធរណ៍​

ស្ត្រី​ចំនួន​១៣​រូប ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​ខែមុន ពី​បទ​តវា៉​ចំពោះការ​បណ្ដេញ​ចេញ​ពីបឹងកក់​នោះ​ បាន​ចូលខ្លួនមក​សាលា​ឧទ្ធរណ៍​កាលពី​ម្សិល​មិញ ដើម្បី​ជំទាស់​នឹង​លទ្ធភាព​នៃ​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​យូរ​របស់ខ្លួន។

បន្ទាប់​ពីសវនាការជំនុំជម្រះ​រយៈ​ពេល​ប្រាំ​ម៉ោង ពួកគេ​បាន​​ចេញ​ពី​សាលាឧទ្ធរណ៍​ដោយ​មាន​ការ​សន្យា​នឹង​ដោះ​លែង​ពួកគេ​ឲ្យមាន​សេរី​ភាព​វិញ។ ក្នុង​សេចក្ដី​សម្រេច​ ដែល​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​រីក​រាយ​ និង​ខ្លះ​ខកចិត្តចំពោះវិធាន​ការស្មើ​ភាព​នេះ។ ចៅ​ក្រម​សាលា​ឧទ្ធរណ៍​បាន​តម្កល់​​សាល​ក្រម​រកឃើញពិរុទ្ធ​ភាព និង​ការ​ផ្ដន្ទា​ទោស​​​ពីមុន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញប៉ុន្ដែ ​ក្រោយមក​បាន​សម្រាល​ទោស​ដាក់​ពន្ធ​នាគារ​ត្រឹម​៣៦​​ថ្ងៃ​វិញ ដែល​ពួកគេ​​បានជាប់​​ក្នុង​​ពន្ធនាគារ​រួច​ហើយ​នោះ ដោយ​សម្រេច​​ដោះ​លែង​ស្ត្រី​១៣​នាក់នេះ​តែម្តង។

លោក ​សេង​ ស៊ីវុត្ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ថ្លែង​ថា តុលាការ​បាន​សម្រេច​ដោះ​​លែង​ស្ត្រី​ទាំង​នេះ ពី​ព្រោះពួកគេ​​ជា​ម្ដាយ​ និង​មិន​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ។ លោក​ចៅ​ក្រមស៊ីវុត្ថា បន្ថែម​​ថា“ ព្រោះ​​តែ​ចុង​ចោទ​ទាំង​នេះជា​ស្ត្រី​ ដែល​រៀន​សូត្រ​បាន​តិច​តួច​ ហើយ​ពួកគាត់​មាន​កូន​ ដូច្នេះចៅ​ក្រម​បាន​ពិចារណា​ទោស​ឡើង​វិញ​…​ទោស​នេះ តម្រូវ​ឲ្យ​កែប្រែឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេលមួយខែ បីថ្ងៃ។ តុលាការ​នឹ​ង​បញ្ជូនសាល​ក្រម​ទៅ​ពន្ធនា​គារព្រៃ​ស​ ថ្ងៃ​នេះដើម្បីឲ្យ​ដោះលែង​ពួកគាត់”។

ស្ត្រី​ទាំង​១៣​រូប​ ដែល​បាន​ឡើងតុលា​ការ​ដោយ​ដៃ​ជាប់​ខ្នោះ​​ បាន​ស្វាគមន៍​សេចក្ដី​សម្រេច​នេះដោយ​ញញឹម​ទាំង​ទឹក​ភ្នែក​។  អ្នកស្រីហេងមុំដែល​ជា​ចុង​ចោទ​ម្នាក់​ក្នុង​ចំណោម​ចុង​ចោទ​​ជា​ច្រើន​ ខណៈ​ដែល​មន្ត្រីពន្ធនាគារបាន​នាំ​ខ្លួន​ស្ត្រី​ទាំង​នេះចេញ​ពី​តុលាការ​ភ្លាម ​​រួចចូល​ទៅ​ក្នុង​រថយន្ដ​ពន្ធ​នាគារ​មួយ​គ្រឿង​​កំពុង​តែ​រង់​ចាំ​​ជា​ស្រេច​នោះបាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​សូម​អរគុណ​សាលា​ឧទ្ធរណ៍​​ ដែល​បាន​ផ្ដល់​យុត្តិ​ធម៌​”។

បន្ទាប់​ពីរៀបចំសំណុំ​រឿង​រួច ស្ត្រី​ទាំងនេះ​​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ម៉ោង​​៧​និង​៣០​នាទីយប់​។នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ នគរ​បាល​បាន​ដាក់​របាំង​រាំង​ផ្លូវ​នៅ​ភាគ​ខាង​ជើង​ និង​ខាង​ត្បូងបរិវេណ​តុលាការ​នៅត្រង់​កែង​មហា​វិថី​ព្រះសុធារសនិង​មហា​វិថី​ព្រះ​ស៊ីសុវត្ថិដើម្បី​ការ​ពារ​មិន​ឲ្យមាន​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​តុលាការ​។

មើល​ពី​ចម្ងាយ​គេ​អាច​ឃើញ​ក្រុម​អ្នក​តវា៉នៅឯក្លឹប​អ្នក​កាសែត​បរទេស (CFFF)។ ប៉ុន្ដែ អ្វី​ដែល​បាន​ចាប​់់​ផ្ដើម​ខណៈ​ពេល​បាតុកម្ម​ដ៏​ឈូ​ឆរ និង​ការ​​​ប្រវាយ​ប្រតប់គ្នា​ ដោយ​អំពើ​ហិង្សា​ជាមួយ​នគរ​បាល​ នៅ​ពេលនោះ បានក្លាយ​ទៅ​ជា​ភាព​សប្បាយរីក​រាយ​នៅ​តាមដង​ផ្លូវ​ នៅ​ពេល​ដែល​ក្រុមមនុស្ស​ទាំង​នេះ បាន​ទទួលដំណឹង​ថា ស្ត្រី​ទាំង​១៣​រូប​នឹង​​ត្រូវ​ដោះ​លែង​។​​​

អ្នក​ស្រី​ យ៉ង បុប្ផា ដែល​កំពុង​តែ​រាំ​ ជាមួយអ្នកតវ៉ា​ប្រមាណ​២០០​នាក់ ​មាន​ប្រសា​សន៍ថា “យើង​រំភើប​ណាស់​។ យើង​បាន​ទទួល​យុត្តិធម៌​ដូច្នេះ ការ​តស៊ូ​របស់យើង​​ជោគ​ជ័យហើយ”។ ក៏ប៉ុន្ដែបុគ្គលិក​ផ្នែកសិទ្ធិ​មនុស្ស​ ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​មនុស្ស​ជា​ច្រើន​នៅ​ខាង​ក្នុង​បន្ទប់សវនាការដ៏តូច​ចង្អៀត​នេះ បាន​រិះ​គន់​តុលាការ​នេះថា មិន​បាន​លុបចោល​ការ​ផ្តន្ទាទោស​ពី​ដើម​មក​។

លោក​ស្រី ពុង ឈីវកេក​ ប្រធានអង្គការ​សិទ្ធិ​មនុស្សលីកាដូ បាន​ហៅ​សវនាការឧទ្ធរណ៍​នេះថាជា​ “ការ​ចំអក​នៃ​យុត្តិ​ធម៌”។ លោកស្រី​មា​ន​ប្រ​សាសន៍​ថា “ពិតមែន​ហើយ ស្រ្តី​ទាំងនោះ​ត្រូវ​បា​ន​ដោះ​លែងនៅ​ថ្ងៃេនះ​ ដូច្នេះ​វាមាន​សារ​ៈសំ​ខាន់​សម្រាប់ពួ​ក​គេ​”។ លោកស្រី ឈីវកេកបាន​បន្តទៀតថា “ខ្ញុំ​ចង់​ឃើញ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ ពី​ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុសទេ”។

លោក​ស្រីបាន​លើក​ឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍មួយ​ថា “សេចក្ដី​សម្រេច​​នៅ​ថ្ងៃ​នេះមិន​បាន​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​ក្នុងការផ្តន្ទាទោសយ៉ាង​ធ្ងន់​ធ្ងរ​ និង​កង្វះខាត​ភស្ដុតាងដើម្បីដាក់បន្ទុកលើការ​ចោទប្រកាន់​ស្ត្រីទាំង​នេះឡើយ​”។ លោក​ស្រីបាន​បន្ថែម​ថា “​ការ​ផ្ដល់​ផល​ប្រយោជន៍​ ទំនង​ជា​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះតាំ​ងពី​ថ្ងៃទី១ម៉្លេះ ជា​ពិសេសពាក់ព័ន្ធ​ក្នុងរឿង​ក្ដីដី​ធ្លី​តែម្តង។ការ​ខ្វះ​​ឯក​រាជ​ភា​ព​របស់​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ដឹង​ជា​ទូទៅ​ ជា​ពិសេស​ក្នុង​រឿង​ក្ដី​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​អ្នក​មាន​អំណាច​”។

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ផ្ដន្ទា​ទោសស្ត្រី​ទាំង​១៣​រូប​នេះពី​បទ​កាន់​កាប់​ដីរដ្ឋ​ដោយខុស​ច្បាប់​ និង​ពី​បទ​ធ្វើ​ការ​បះបោរ​មួយ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​ឧសភា ក្នុង​ការ​កាត់​ក្ដី​ដ៏​លឿន​បំផុត​ ដែល​ជា​ទូ​ទៅ​ត្រូវ​បាន​ថ្កោល​ទោស​ថា មិន​បានអនុវត្តតាម​​នីតិវិធី​ជាមូល​ដ្ឋានសម្រាប់ការជម្រះទោស។ បន្ទាប់​ពីបានចោទ​ប្រកាន់​​ស្ត្រី​ទាំង​នេះ​នៅ​ព្រឹកនោះ តុលាការ​បាន​បដិសេធ​មិនទុក​ពេល​ឲ្យ​មេធាវី​ការ​ពារ​ក្ដី​​ ដើម្បីបានពិនិត្យ​ភស្ដុតាង​ ឬ​កោះហៅ​សាក្សីឡើយ។

ស្ត្រី​ទាំង​១៣​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួនរយៈ​ពេល​ពីរ​ថ្ងៃ​ក្រោយ​ ខណៈ​ដែល​មាន​ការ​តវ៉ា​ដោយ​សន្ដិ​វិធី​ប្រឆាំង​នឹង​ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ជាង​៣.០០០​គ្រួសារ​ របស់រដ្ឋាភិបាល​ ដើម្បី​ទុក​ផ្លូវ​ឲ្យ​គម្រោង​អចលន​ទ្រព្យ​របស់​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធ​សភាមកពី​​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ ក្រុម​មេធាវី​របស់​សាលា​រាជ​ធានីភ្នំ​ពេញ​ បាន​វែក​​ញែក​ថា ស្ត្រី​ទាំង​នេះមានកាន់​ដំបង​ និង​ពូថៅ ដើម្បីប្រើជា​អាវុធ ​ដែល​ការ​អះអាង​នេះ​​ត្រូវស្ត្រី​ និង​មេធាវី​របស់ពួកគេបដិសេធ។ ​

អ្នក​​យក​ព័ត៌មាននៅ​ឯទី​កន្លែងកើតហេតុ ​ដែល​ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ ក៏មិនបាន ឃើញ​ភស្ដុ​តាង​ណាមួយអាចបញ្ជាក់​ថា ពួកគេ​មាន​អាវុធ​នោះដែរ។

លោកយ៉េងវីរៈប្រធាន​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហ​គមន៍ បាន​ហៅ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ថា មាន “យុត្តិធម៌ខ្លះដែរ​​”។លោកថ្លែងថា “ប្រសិន​និយាយ​​អំពី​យុត្តិ​ធម៌វិញ វាមិន​មែន​ជា​យុត្តិធម៌សម្រាប់​​​ពួកគេ​ទេ។ ពួកគេ​នៅ​តែ​មាន​បញ្ហា​ជាមួយ​នឹង​លិខិតថ្កោល​ទោស​របស់​ខ្លួនដដែល​ហើយ​​ពួកគេ​នៅ​តែ​មាន​បញ្ហា​ជា​មួយនឹង​ដី​របស់​ខ្លួនត​ទៀត​”។ ក្នុង​ការ​តម្កល់​សាល​ក្រម​ផ្តន្ទា​ទោស​សាលា​ឧទ្ធរណ៍មិន​បាន​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​តា​មរយៈ​រឿង​​ក្ដី​នេះ​ឡើយ។

អង្គការ​ក្រៅ​រដា្ឋ​ភិបាល ​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថា“សហគមន៍​បឹងកក់​ ពេល​នេះគឺ​កន្លែង​មួយ​ ដែលនៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​”។

អង្គការ​នេះ​បាន​លើក​ឡើង​ទៀតថា“ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​តែ​មិន​ទាន់​ទទួលបានប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​ ហើយ​ដី​១២​,​៤​ហិក​តាដែលសន្យាផ្ដល់​ឲ្យ​គ្រួសារ​ដែល​នៅ​សេស​សល់​នោះ នៅមិន​ទាន់​កំណត់​ព្រំ​សីមា​នៅ​ឡើយ​ទេ។ ខណៈ​ដែល​គ្រួសារ​របស់​ស្ត្រី​ទាំង​នេះរីក​រាយ​ក្នុង​ការ​ជួប​ជុំគ្នា​ឡើងវិញ​ជាមួយ​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នោះ​​ ការ​តស៊ូ​របស់​សហគមន៍នេះ ដើម្បី​ដ​ី និង​សិទ្ធិ​របស់​ខ្លួន​នឹង​នៅ​តែ​បន្ដ​”។

លោក​ វីរៈ បាន​ថ្លែង​ថា ការ​តវ៉ា​នៅ​បឹងកក់​នឹង​នៅតែ​បន្ដ​ រហូត​ដល់​មាន​ការ​ផ្លាស់​ប្ដូរ​។ លោក​បាន​ថ្លែង​ថា “ ប្រសិន​បើ​មន្ត្រី​រដ្ឋា​ភិបាលមិន​ព្រម​​ដោះ​ស្រាយ​​បញ្ហា​នេះ​ទេប្រជា​ពល​រដ្ឋ​នៅ​តែ​បន្ដ​តវ៉ា”។ លោក​បាន​ថ្លែងថា “ ប្រជា​ពល​រដ្ឋ​តវា៉ ពី​ព្រោះពួកគេកំពុងជួបភាព​អយុត្តិ​ធម៌។ ដី​របស់ពួកគេ​ត្រូវ​បានគេ​រឹប​អូស​យក​ដោយបំពាន​ ប៉ុន្ដែ​ ប្រព័ន្ធ [យុត្តិធម៌] នេះមិន​បង្ហាញ​ដូច្នោះ​ទេ។ ដូច្នេះ ប្រជាពល​រដ្ឋនៅ​តែ​ព្យាយាមស្វែង​​​រក​យុត្តិ​ធម៌​តាម​គ្រប់វិធីទាំងអស់”។

បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ អ្នក​ស្រីធូដាវីដែល​ជា​អ្នក​តវ៉ា​នៅ​បឹង​កក់​បាន​ប្ដេជ្ញា​បន្ដ​ការ​តវ៉ាទៀត​។ អ្នក​ស្រីបាន​លើក​ឡើង​ថា “យើង​នឹង​នៅតែ​តវ៉ា​ ប្រសិន​បើ​ពួកគេ​មិន​ដោយស្រាយបញ្ហា​ឲ្យ​អ្នក​ភូមិ​ទេ​នោះ”៕

(រាយ​ការណ៍​​បន្ថែម​ដោយឃីសុវុឌ្ឍី)

ប្រែ​សម្រួល​ដោយ ​ចេវប៊ុននី​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.