ហ៊ុន ម៉ានិត ត្រូវ​បាន​តែង​តាំង​តួនាទី​ថ្មី​ជា​អគ្គ​លេខាធិការរង

យោងតាម​សៀវ​ភៅ​រាជកិច្ច​ លោកនាយក​​​រដ្ឋមន្ត្រីហ៊ុនសែនកាល​ពី​ដើម​ខែ​នេះ​ បាន​តែងតាំង​កូនប្រុស​ទី២ ​របស់​លោក​ជាមន្ត្រី​ជាន់​ខ្ពស់ម្នាក់​ ក្នុងចំណោមមន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​មួយចំនួន ដែល​មាន​ភារកិច្ចដឹកនាំ​អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​អនុក្រឹត្យ​តែង​តាំង ចុះថ្ងៃទី៨ខែ​មិថុនា​ ដែលចុះ​ហត្ថ​លេខា​ដោយលោកហ៊ុន សែន បានឲ្យ​ដឹងថា រដ្ឋាភិបាល “ បាន​តែងតាំង​ឯកឧត្តម ហ៊ុន ម៉ានិត ជាអគ្គលេខា​​ធិការង​ នៃ​អគ្គលេខា​ធិការដ្ឋាន​អាជ្ញា​ធរ​​ជាតិ​ដោះ​ស្រាយ​ទំនាស់ដីធ្លី​បន្ថែម​លើ​មុខ​​ងារ​​នាពេល​បច្ចុប្បន្ន”។

អំឡុងពេលថ្លែង​សុន្ទរកថាស្តីអំពីការ​ផ្តល់​កម្មសិទ្ធិដីធ្លី​ ដែលធ្វើឡើង​កាលថ្ងៃអង្គារ ​នៅ​ឯ​សាល​សន្និសីទ​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថាកូន ប្រុស​របស់លោក គឺលោក ម៉ានិត នឹងទទួល​បន្ទុក​ផ្នែកភស្តុភារ ​នៃគម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​រដ្ឋាភិបាល​។

លោកជាមយៀបសមាជិក​រដ្ឋ​សភា​មក​​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ កាលពី​ម្សិល​មិញ​បាន​កោតសរសើរ​ ការតែងតាំងលោកហ៊ុន​ ម៉ានិត ដោយលោកបាន​លើកឡើងថាលោក​មានសមត្ថភាពស័ក្តិ​សមនឹងទទួល​តំណែង​នេះ​ណាស់។

លោកជាមយៀប បាន​មាន​ប្រសាសន៍​ថា “ ការតែង​តាំង​ ដែល​ធ្វើ​ឡើង​ដោយ​សម្តេច​ពីព្រោះ​សម្តេច​មើល​ឃើញ​ពី​សមត្ថភាព​ផ្ទាល់ខ្លួន​ច្រើន​ជាងគិតថា​ ជាកូន​ប្រុស​របស់​លោក។ តំណែងនេះ​ពិត​ជា​ស័ក្តិសម​នឹង​គាត់ណាស់”។ ទោះបីជា​លោកហ៊ុនម៉ានិតដែល​មាន​ឋានន្តរសក្តិវរសេនីយ៍​ឯក​​ នៃកង​​យោធ​​ពល​ខេមរភូមិន្ទ តែមាន​ជំនាញ​តិចតួចខាង​គ្រប់​គ្រង​ដីធ្លីក៏ដោយ លោកជាមយៀប ​លើកឡើង​ថា លោកជឿជាក់ថា​ លោកវរសេនីយ៍​ឯក​ ហ៊ុន ម៉ានិត នឹងអាចយល់ដឹងពីការងារនេះយ៉ាង​ឆាប់​រហ័ស។

​ លោកវរសេនីយ៍​ឯកហ៊ុនម៉ានិតអាយុ​៣០ឆ្នាំ កាលពី​ដើម​ឆ្នាំ​នេះ ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិពីវរសេនីយ៍ទោ និង​ត្រូវបាន​ តែង​តាំងមុខងារសំខាន់មួយ​ផ្សេង​ទៀត​ ទៅ​ជា​អនុប្រធាន​អង្គភាព​ ស៊ើប​ការណ៍​​យោធា​សម្ងាត់​ របស់ក្រសួង​ការ​ពារ​ជាតិ។

យោងតាមសារទូរ​លេខ​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ ដែលចេញផ្សាយ​ដោយ​គេហ​ទំព័រ​ប្រឆាំង​កិច្ចការ​សម្ងាត់​​វីគីលីក​(Wikileaks) បានឲ្យដឹងថា ​លោកវរសេនីយ៍​ឯក ហ៊ុនម៉ានិតកាលពីឆ្នាំ២០០៩ត្រូវ​បាន​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ជ្រើសរើស​ឲ្យទៅ​សិក្សា​នៅ​ឯ​វិទ្យា​ស្ថាន​ការ​ពារ​ជាតិ​ ដែល​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋអាមេរិក នៅ​​អាល្លឺម៉ង់​​។​នៅ​ពេលនោះ លោក វរ​សេនីយ៍​ឯក ហ៊ុន​ ម៉ានិត គឺ​ស្ថិត​នៅ​ក្នុង​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​នៅ​ឡើយ ដោយបម្រើ​ការ​ជា​អនុ​ប្រធាន​រដ្ឋ​បាល​នៃកងកម្លាំងពិសេសជាតិ​ប្រយុទ្ធ​ប្រឆាំងភេរវកម្ម។

កូនប្រុស​ទាំងបី​របស់​លោកហ៊ុន​ សែន​ សុទ្ធ​តែ​បានចូលរួម​វគ្គ​សិក្សា​ផ្នែក​យោធា​នៅ​ឯ​សាលា​ល្បីៗ​របស់​សហរដ្ឋ​អាមេរិក​ ឬក៏នៅ​ឯវិទ្យាស្ថានដែលឧបត្ថម្ភ​ដោយ​អាមេរិក។កូនប្រុសច្បងរបស់លោក​ ហ៊ុនសែនគឺ​លោកហ៊ុនម៉ាណែត​ ត្រូវ​បាន​ដំឡើង​ឋានន្ត​រ​សក្តិជាឧត្តមសេនីយ៍ទោ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទកាលពីខែមករា​ ឆ្នាំ២០១១​ និង​កាន់តំណែងសំខាន់​ៗ​មួយ​ចំនួនក្នុង​ជួរ​កងទ័ព។

លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែតអាយុ៣៤ឆ្នាំគឺជា​ពលរដ្ឋ​ខ្មែរ​ដំបូង​គេបង្អស់ ​ដែលបាន​ទៅ​សិក្សា​នៅ​ឯ​បណ្ឌិត​សភា​​យោធា​​​ជាន់ខ្ពស់វេសផញ (West Point) របស់​សហរដ្ឋ​អាមេរិក​ និង​បាន​បញ្ចប់​ការ​សិក្សា​ក្នុងឆ្នាំ​១៩៩៩។ លោកទទួល​តំណែង​ចុង​ក្រោយ​​របស់​លោក​ក្នុងខែមករា ឆ្នាំមុន​ គឺ​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​​ បន្ទាប់​ពីលោក​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​អង្គភាព​កង​អង្គ​រក្ស​របស់នាយករដ្ឋមន្ត្រី​ និងជា​​នាយ​សេនាធិការ​រងនៃសេនា​ធិការ​ចម្រុះរបស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

លោកហ៊ុនម៉ានីដែល​ជា​កូន​ប្រុស​ពៅ​របស់លោក​ ហ៊ុន សែន​ បាន​ចំណាយ​ពេល​មួយឆ្នាំ​ទៅសិក្សានៅឯ​សាកល​វិទ្យា​ល័យ​ការ​ពារ​ជាតិ​ក្នុងទីក្រុង​វ៉ាស៊ីនតោន ប៉ុ​ន្តែ​ គេ​មិន​ដឹង​ទេ​ថាតើលោកហ៊ុនម៉ានីអាយុ​២៩​ឆ្នាំ​ មាន​កាន់​តំណែងក្នុង​កង​យោធពល​ខេមរ​​ភូមិន្ទ​ដែរឬទេ​​៕​

ប្រែស​ម្រួល​ដោយស៊ាស៊ុយឈាង​​​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.